បច្ចេកវិទ្យា​អស្ចារ្យ​ហួស​ពី​ការ​ស្មាន​ទាំង១០ នឹង​​ចូល​មក​​ផ្លាស់ប្ដូរ​ពិភពលោក​យ៉ាង​ខ្លាំង​ក្នុង​ឆ្នាំ២០២២

វា​ពុំ​មែន​ជា​រឿង​ងាយស្រួល​នោះ​ទេ​ក្នុង​ការ​ព្យាករណ៍​ដឹង​មុន​នូវ​អនាគត​នោះ។ យ៉ាងណា​ទស្សនាវដ្ដី​បច្ចេកវិទ្យា​ល្បីឈ្មោះ​មួយ​គឺ popularmechanics បាន​ធ្វើការ​ព្យាករណ៍​នូវ​រឿងរ៉ាវ​បច្ចេកវិទ្យា​មួយ​ចំនួន ដែល​អាច​នឹង​កើតមាន​ឡើង​នា​ថ្ងៃ​អនាគត ​អំឡុង​រយៈពេល ៧​ឆ្នាំ​ខាង​មុខ​គឺ​នៅ​ឆ្នាំ២០២២។

១) មនុស្ស​នឹង​អាច​ប្រើ​ភាសា​ទាំងឡាយ​បាន​ស្ទាត់ជំនាញ៖ ភ្នាក់ងារ​គម្រោង​ស្រាវជ្រាវ​កម្រិត​ខ្ពស់​វិស័យ​ការពារ​ជាតិ​អាមេរិក DARPA និង​ក្រុមហ៊ុន Google ​បច្ចុប្បន្ន​កំពុង​អភិវឌ្ឍ​ទៅ​លើ​គម្រោង​បកប្រែ​ពិសេស ដែល​ទៅ​ថ្ងៃ​មុខ នឹង​រឹតតែ​មាន​ជំនាញ​យ៉ាង​ប៉ិនប្រសព្វ​អាច​បកប្រែ​គ្រប់​ភាសា​ទាំងឡាយ និង​បាន​ត្រឹមត្រូវ​នៅ​លើ​ស្មាតហ្វូន។

២) Software នឹង​អាច​ព្យាករណ៍​អំពី​ស្ថានភាព​ចរាចរ​កក​ស្ទះ មុន​ពេល​វា​កើតឡើង​ពិត​ប្រាកដ៖ ដោយ​ប្រើ​ទិន្នន័យ​ដែល​ទទួល​បាន ដូច​ជា ជាយ​ផ្លូវ និង​ព័ត៌មាន​បាន​ពី​ប្រព័ន្ធ GPS ក្នុង​នោះ​ក្រុមហ៊ុន IBM បាន​បង្កើត​ម៉ូដែល​កម្មវិធី​ដែល​អាច​ព្យាករណ៍​ដឹង​មុន​ថា នឹង​មាន​ការ​កក​ស្ទះ​ចរាចរ រយៈពេល​មួយ​ម៉ោង ​មុន​ពេល​ស្ថានភាព​ពិត​កើន​ឡើង។ បច្ចុប្បន្ន​គម្រោង​អស្ចារ្យ​ត្រូវ​បាន​ធ្វើតេស្ត​ជោគជ័យ​តាម​ដំណាក់កាល​ហើយ។

៣) ​អាវធំ ឬ​អាវ​ក្រៅ ​បច្ចេកវិទ្យា​ទំនើប​អាច​គ្រប់គ្រង និង​កំណត់​សីតុណ្ហភាព​ស្របតាម​តម្រូវការ នឹង​ជា​ប្រយោជន៍​សម្រាប់​ទាហាន ទាំង​អាកាសធាតុ​ក្ដៅ​ខ្លាំង និង​ត្រជាក់​ខ្លាំង។ បើ​យោង​តាម​អតីត​និស្សិត​វិទ្យាស្ថាន​បច្ចេកវិទ្យា​ម៉ាសាឈូសេត MIT ឈ្មោះ Kranthi Vistakula ឱ្យ​ដឹង​ថា ​នេះ​ជា​អាថ៌កំបាំង​ថ្មី​ដែល​ដក​ពិសោធន៍​ចេញ​ពី​សំលៀកបំពាក់​ដែល​តម្រូវ​តាម​គ្រប់​អាកាសធាតុ។

អាវ​ក្រៅ​នេះ​គឺ​អាច​ប្រើ​សម្រាប់​គ្រប់គ្រង​សីតុណ្ហភាព ពោល​គឺ​អាច​បង្កើត​ឱ្យ​មាន​កម្ដៅ​ក្ដៅ​ឧណ្ហៗ​សម្រាប់​អាកាសធាតុ​ត្រជាក់​ខ្លាំង និង​អាច​ធ្វើឲ្យ​បន្ទាប​ឱ្យ​ចុះ​ត្រជាក់ ដើម្បី​ប្រើ​ក្នុង​អាកាសធាតុ​ក្ដៅ​ខ្លាំង។ វា​នឹង​រួម​ចំណែក​យ៉ាង​សំខាន់ ផ្ដល់​ជា​អត្ថប្រយោជន៍​ដល់​អ្នក​ប្រើ ពិសេស​គឺ​សម្រាប់​ទាហាន​ដែល​តែងតែ​បំពេញ​បេសកកម្ម​គ្រប់​ស្ថានភាព​អាកាសធាតុ។ អាវ​ក្រៅ​ទំនើប​នេះ នឹង​ត្រូវ​ទាហាន​អាមេរិក ធ្វើតេស្ត​ប្រើ​សាកល្បង ជាមួយ​ការ​បញ្ចូល​បច្ចេកវិទ្យា​រក្សា​ទម្ងន់​ស្រាល។

៤) រថយន្ត​អគ្គិសនី ​នឹង​ចរាចរ​ពេញព្រៀប​ តាម​បណ្ដា​ផ្លូវ​ហាយវេ (Highway) ទាំងអស់​នៅ​តាម​បណ្ដា​ប្រទេស​​នានា​លើ​ពិភពលោក។បច្ចេកវិទ្យា​ដែល​គេ​រំពឹង​ទុក នឹង​ត្រូវ​មនុស្ស​យក​ប្រើ​ក្នុង​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​នាពេល​អនាគត​នោះ គឺ​រថយន្ត​ដំណើរការ​ដោយ​ថាមពល​អគ្គិសនី។ រថយន្ត​អគ្គិសនី​នឹង​រួម​ចំណែក​ក្នុង​ការ​ថែទាំ​បរិស្ថាន ជៀសវាង​ប្រើ​ឥន្ធនៈ ដែល​បំពុល​បរិស្ថាន​ដោយ​ផ្សែង​យានយន្ត​បាន។ ម្យ៉ាង​វា​ក៏​នឹង​ជួយ​លោក​អ្នក​កាត់បន្ថយ​ថ្លៃ​ចំណាយ​លើ​ការ​ចាក់​សាំង​រថយន្ត​មួយ​កម្រិត​ផង​ដែរ។

៥) ហេដ្ឋារចនាសម្ព័ន្ធ​ជា​ស្ពាន នឹង​ត្រូវ​បំពាក់​បច្ចេកវិទ្យា​អាច​ជួសជុល​ឡើងវិញ​ដោយ​ខ្លួន​ឯង។ ​នេះ​ជា​គម្រោង​ច្នៃប្រឌិត​ឡើង​ដោយ​វិស្វករ​នៃ​សាកលវិទ្យាល័យ Michigan លោក Victor Li។ ស្ពាន​បំពាក់​បច្ចេកវិទ្យា​ទំនើប​នេះ នឹង​ត្រូវ​រួម​ផ្សំ​ដោយ​សមាសធាតុ​ថ្មី​គឺ​ជា​របត់​ខ្សែ ជាមួយ​បច្ចេកវិទ្យា​ម៉ីក្រូហ្វៃប៊ឺ​ដែល​អាច​បត់បែន​ដោយ​មិន​មាន​ការ​ខូចខាត​ឡើយ។ បែប​នេះ ស្ពាន​ដែល​បែកបាក់​នឹង​អាច​កែកុន ជួសជុល ឬ​ប៉ះ​កន្លែង​ត្រង់​ចំណុច​ដែល​បែកបាក់​នៅ​លើ​ស្ពាន​ដោយ​ស្វ័យប្រវត្តិ ដោយ​ចំណាយ​រយៈពេល​ប៉ុន្មាន​ថ្ងៃ អាស្រ័យ​លើ​ស្ថានភាព​ខូចខាត។ ដំណើរការ​ជួសជុល​ស្ពាន​ អាច​ប្រព្រឹត្តិ​ទៅ​បាន​គឺ​ដោយ​វត្តមាន​អ៊ីយ៉ុង​កាល់ស្យូម​មាន​ប្រតិកម្ម​នឹង​ទឹកភ្លៀង និង​កាបូនឌីអុកស៊ីត ដើម្បី​បង្កើត​នូវ​បំណះ​កាបូន​កាល់ស្យូម​ទៅ​ប៉ះ​ត្រង់​កន្លែង​ប្រេះ​បែក។

៦) ថេប្លេត​នឹង​បំពាក់​អេក្រង់​រមូរ ហើយ​​គេ​ក៏​អាច​រមូរ​ថេប្លេត​បាន​ ងាយស្រួល​ទុកដាក់។ ក្រុម​អ្នក​ស្រាវជ្រាវ បាន​ធ្វើការ​ផលិត​ឡើងវិញ​នូវ​ពាក្យ (words) និង​រូបភាព (image) នៅ​លើ​អេក្រង់​ឌីជីថល​ប្លាស្ទិក។ ប្រសិន​អ្នក​ស្រាវជ្រាវ​ចង់​អភិវឌ្ឍ​បច្ចេកវិទ្យា​អេក្រង់​បែប​នេះ សម្រាប់​បំពាក់​នៅ​លើ iPad នោះ​គេ​ជឿ​ថា ទៅ​ថ្ងៃ​មុខ ថេប្លេត​នឹង​អាច​ឱ្យ​អ្នក​ប្រើ បត់បែន និង​រមូរ​ទុក​តាម​ខ្លួន​យ៉ាង​ងាយស្រួល​បាន។

៧) គ្រឿង​បន្លាស់​រថយន្ត​នឹង​ត្រូវ​គេ​ផលិត​ចេញ​ពី​ម៉ាស៊ីន​ព្រីន 3D។ កន្លង​ទៅ​ក្រុម​វិស្វករ​រថយន្ត​មួយ​ចំនួន​បាន​ចំណាយ​ពេល​សិក្សា​លើ​បច្ចេកវិទ្យា​ព្រីន​របស់របរ​ប្រើប្រាស់​ចេញ​ពី​ម៉ាស៊ីន​ព្រីន 3D ហើយ​គេ​ក៏​បាន​ជោគជ័យ​តាម​ដំណាក់កាល​ហើយ​ដែរ។ មិន​ថា កង់ ម៉ូតូ រថយន្ត ឬ​សូម្បី​តែ​ផ្ទះ​នោះ​ទេ គឺ​សុទ្ធតែ​ត្រូវ​គេ​ធ្វើពិសោធន៍​ព្រីន​ដោយ​ម៉ាស៊ីន 3D Printer រួច​ទៅ​ហើយ គឺ​អាច​យក​ជា​ការ​បាន ប៉ុន្តែ​ក៏​ទាមទារ​ឱ្យ​មាន​ការ​អភិវឌ្ឍ​បន្ត។

៨) លេខ​សម្ងាត់ Password នឹង​ត្រូវ​គេ​បោះបង់​ចោល ​លែង​ប្រើ​។ ក្រុមហ៊ុន IBM និយាយ​ថា វា​នឹង​កើតឡើង​ក្នុង​រយៈពេល ៥ឆ្នាំ​ខាង​មុខ។ តើ​លោក​អ្នក​ជឿ​ឬ​ទេ? ក្រុមហ៊ុន Apple និង Google ត្រូវ​គេ​រាយការណ៍​ថា កំពុង​ឌីហ្សាញ software មាន​សមត្ថភាព​អាច​ទទួល​ស្គាល់​នូវ​មុខ​មនុស្ស សម្រាប់​បំពាក់​នៅ​លើ​ស្មាតហ្វូន​ទំនើប។ ហើយ​ទៅ​ថ្ងៃ​មុខ នឹង​កាន់តែ​ទំនើប គឺ​អាច​ត្រូវ​គេ​ស្រាវជ្រាវ​បង្កើត​បច្ចេកវិទ្យា​ទទួល​ស្គាល់​ការ​ភ្ជាប់​ចូល​ប្រើ​ឧបករណ៍​អេឡិចត្រូនិក​ដោយ សំឡេង ដោយ​ចង្វាក់បេះដូង លើស​ពី​ការ​ស្កេន​ក្រយៅដៃ​ដែល​មាន​រួច​ហើយ​ក្នុង​ពេល​បច្ចុប្បន្ន។

៩) សំណង់​អគារ​ប្រើ​បច្ចេកវិទ្យា​សម្អាត​ដោយ​ខ្លួន​ឯង។ នៅ​ពេល​អគារ​ដែល​ប្រើ​សារធាតុ​អាលុយមីញ៉ូម​ត្រូវ​ពន្លឺ​ថ្ងៃ នោះ​​ទីតាញ៉ូម​ឌីអុកស៊ីត រ៉ាឌីកាល់​សេរី ដែល​អាច​ទៅ​បំបែក​នូវ ក្អែល​ប្រឡាក់ និង​បម្លែង​អាណូ​ម៉ូលេគុល​អុកស៊ីត​អាសូត​ក្នុង​ខ្យល់ ទៅ​ជា​នីត្រាត​ដែល​មិន​ប៉ះពាល់​ដល់​សុខភាព ហើយ​អ្វីៗ​នឹង​ត្រូវ​សម្អាត​ចោល​ពេល​ត្រូវ​ទឹក​ភ្លៀង។

១០) ខោអាវ​របស់​អ្នក​ក៏​នឹង​ចេះ​សម្អាត​ដោយ​ខ្លួន​ឯង៖ ក្រុម​វិស្វករ​ចិន បាន​អភិវឌ្ឍ​ថ្នាំ​កូត​ផ្សំ​ពី​ទីតាញ៉ូម​ឌីអុកស៊ីត ដែល​ជួយ​ដល់​លុប​បំបាត់​ស្នាម​ប្រឡាក់​លើ​សាច់​កប្បាស​ដែល​ជា​បាក់តេរី នាំ​ឱ្យ​កើត​ក្លិន​បាន៕

​ប្រែ​សម្រួល៖ លី ឈៀន (The BNews)

ប្រភព៖​ popularmechanics
Facebook Comments

You may also like...

1 Response

  1. Piseth Phon says:

    What a wonderful technology!

Leave a Reply

Your email address will not be published. Required fields are marked *