លោក​ផៃ ស៊ីផា​ន​ថា ការចុះពិនិត្យ​ព្រំដែន​ដឹកនាំ​ដោយ​បក្ស​ប្រឆាំង​ជា​ចលនា​បះបោរ​​

អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន កាលពីកន្លងទៅ​

​មន្ត្រី​រដ្ឋាភិបាល និង​ជា​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ហៅ​ការ ចុះ​ពិនិត្យ​ព្រំដែន​ដែល​ដឹកនាំ​ដោយ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ជា​ចលនា​បះបោរ និង​ជ្រុលនិយម​ ។​

​ការបញ្ចេញ​ប្រតិកម្ម​នេះ ធ្វើឡើង​ស្របពេល​ដែល​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ពីរ​រូប​គឺ​លោក រៀល ខេ​មរិ​ន្ទ្រ និង​លោក អ៊ុំ សំអាន បាន​ដឹកនាំ​ពលរដ្ឋ​ខ្មែរ​ជាង ២០០០​នាក់ ចុះ​ពិនិត្យ​ព្រំដែន​កម្ពុជា វៀតណាម​ត្រង់​បង្គោល ២០២ និង ២០៣​នៅ​ថ្ងៃ​អាទិត្យ​នេះ បន្ទាប់ពី​ទទួល​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ​មក​ថា វៀតណាម​បាន​រំលោភ​ទឹកដី​ខ្មែរ​ ។

​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​លោក ផៃ ស៊ីផា​ន បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​សប៊ុក​របស់​លោកថា ការចុះពិនិត្យ​ព្រំដែន​ដែល​ដឹកនាំ​ដោយ​តំណាងរាស្ត្រ​នោះ ជា​ចលនា​បះបោរ​។ លោក​បន្តថា លោក រៀល ខេ​មរិ​ន្ទ្រ អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ស្វាយរៀង ដែល​មិន​សាក​សម​ធ្វើ​ជា​តំណាងរាស្ត្រ​។ លោក សម​នឹង​ធ្វើ​ជា​មេដឹកនាំ​បះបោរ អនាធិបតេយ្យ និង​ក្រុម​ចលនា​ជ្រុលនិយម ​។​

VOD មិនទាន់​អាច​សុំ​ការឆ្លើយតប​លើ​បញ្ហា​នេះ ពី​លោក រៀល ខេ​ម​រិន្ទ្រ​បាន​នៅឡើយ​ទេ រសៀល​នេះ ព្រោះ​ទូរស័ព្ទ មិន​អាច​ហៅចូល​បាន​។ ប៉ុន្តែ​កន្លងមក​លោក រៀល ខេ​មរិ​ន្ទ្រ ធ្លាប់​អះអាងថា ការ​ទៅ​ពិនិត្យ​ព្រំដែន​នេះ ដើម្បី​ឲ្យមាន​ការដឹងឮ​ពី​ប្រជាពលរដ្ឋ​ទូទៅ​ពី​ការឈ្លានពាន​របស់​វៀត​ណា​ម​ចូល​ទឹកដី​ខ្មែរ​ ។​

​គួរបញ្ជាក់​ថា​ផងដែរ ប្រជា​ពលរដ្ឋ​ខ្មែរ​ជាង ២០០០​នាក់ ដែល​បាន​ចេញពី​ដំណើរ​ពី​ភ្នំពេញ ឆ្ពោះ​ទៅ​ពិនិត្យ​ព្រំដែន​កម្ពុជា វៀតណាម​នោះ បាន​ទៅ​ដល់​គោលដៅ​នៅវេលា​ម៉ោង​ប្រមាណ​ជា ៤​រសៀល​។ យ៉ាងណាក៏ដោយ នៅពេល​ពលរដ្ឋ​ខ្មែរ​ព្យាយាម​ចូល​ទៅ​ជិត​ដើម្បី​ពិនិត្យ​ត្រង់​បង្គោល ២០២ និង​២០៣ ដែល​សល់​ចម្ងាយ​ប្រមាណ​២០០ ម៉ែត្រ​ពី​ទឹកដី​ខ្មែរ​នោះ ត្រូវបាន​អាជ្ញាធរ និង​ពលរដ្ឋ​វៀត​ណា​មិន​អនុញ្ញត​ឲ្យចូល​តំបន់​នោះ​ទេ​ ៕​

ប្រភព៖ VOD
Facebook Comments

You may also like...