​លោក ជា មុនី ឈប់​ពី​ប្រធាន​សហជីព​ទៅ​ចូល​គណបក្ស​សង្គ្រោះ​ជាតិ​​

លោក ជា មុនី ប្រធាន​​​សហជីព​សេរី​កម្មករដែល​លាលែងពីតំណែង

ប្រធាន​សហជីព​ល្បីឈ្មោះ​មួយរូប ប្រកាស​លាឈប់​ពី​តំណែង ទៅ​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​លោក​អះអាងថា ការ​ធ្វើ​នយោបាយ​បាន​ជួយ​កិច្ចការ​សង្គម​បាន​ច្រើន​។​

​លោក ជា មុនី បានប្រកាស​បែបនេះ ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ប្រចាំត្រីមាស នៅ​ទីស្នាក់ការ​សហជីព​សេរី​កម្មករ​កម្ពុជា កាល​ពី​ម្សិលមិញ ដោយ​លោក​អះអាងថា នៅពេល​សមាជ​ខាងមុខនេះ លោក​នឹង​ឈប់​ឈរ​ឈ្មោះ​ធ្វើ​ជា​បេក្ខភាព​ប្រធាន​សហជីព​នេះ​ទៀត​ហើយ​។​

​លោក ជា មុន្នី ដែល​ជា​ប្អូនប្រុស​លោក ជា វិជ្ជា ថ្លែងថា ការ​ធ្វើ​ប្រធាន​សហជីព​អាច​ជួយ​បាន​ត្រឹម​ការពារ​កម្មករ​ប៉ុណ្ណោះ មិន​អាច​ជួយ​កិច្ចការ​សង្គម​ច្រើនជាង​នេះ​បាន​ទេ​។ លោក​ថា​ការចូល​ជាមួយ​គណបក្ស​ប្រឆាំង​ទើប​លោក​អាច​ជួយ​ការពារ​ធនធាន​ធម្មជាតិ យុត្តិធម៌​សង្គម និង​អាច​ការពា​បូរណភាព​ទឹកដី​ខ្មែរ​ផង​ដែរ​។ លោក​បញ្ជាក់ថា​៖ “​អ៊ីចឹង​យើង​ធ្វើ​ការងារ​លះបង់​ដល់​(​ប្រយោជន៍​)​សង្គម​វា​ច្រើនជាង អ៊ីចឹង​អំណាច​អី​វា​អត់​មាន​ប្រយោជន៍​អី​ទេ​។ អ៊ីចឹង​គ្រាន់តែ​ចូល​ធ្វើ​ជា​ចលនា គ្រាន់តែ​ថា​ជា​មនុស្ស​មួយ​ដែល​ល្បីឈ្មោះ​នៅ​ក្នុង​ចលនា​សហជីព ហើយ​ចូលរួម​ជាមួយ​គណបក្ស​នយោបាយ​ដើម្បី​ជំរុញ​ឲ្យមាន​ការលើក​ទឹកចិត្ត​ប្រជាពលរដ្ឋ ធ្វើឲ្យ​សង្គម​យើង​បាន​រីកចម្រើន ជា​ពិសេស​ចង់ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ហ្នឹង​ឈ្នះឆ្នោត​ទៅ ដើម្បី​ដឹកនាំ​ប្រទេសជាតិ​ឲ្យ​ល្អ​”​។​

​លោក ជា មុនី ឲ្យដឹងថា​ទៀត ការចូលរួម​ជាមួយ​បក្សប្រឆាំង​នេះ ដើម្បី​ជួយ​ឲ្យ​បក្ស​នេះ​ឈ្នះឆ្នោត នឹង​ដឹកនាំ​ប្រទេស​ធ្វើយ៉ាងណា​ផ្តល់​សិទ្ធិ​សេរីភាព​ជូន​ប្រជាពលរដ្ឋ​ស្មើៗ​គ្នា​។ បើ​តាម​ប្រធាន​សហជីព​រូបនេះ បាន​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ​ជា​យូរណាស់​មកហើយ ឬ​អាច​ថា​លោក​ជា​កោសិការ​របស់​បក្ស​មួយ​នេះ​ក៏​ថា​បាន​។

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​លោក យ៉ែម បុញ្ញ​ឫទ្ធិ បាន​ស្វាគមន៍​ចំពោះ​លោក ជា មុនី ដែល​ចង់​ចូលរួម​ជាមួយ​បក្សប្រឆាំង​ក្នុង​ការជួយ​ដល់​សង្គម​។ លោក​សង្ឃឹមថា នៅពេល​ប្រធាន​សហជីព​រូបនេះ​ចូលរួម​ជាមួយ​បក្សប្រឆាំង នឹង​អាច​បង្កើន​ការគាំទ្រ​បន្ថែម​ទៀត​។ លោក​ថា​៖ “​ជាទូទៅ យើង​ស្វាគមន៍​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ ដែល​មាន​បំណង​ចូលរួម​ដើម្បី ការពារ​បរិស្ថាន​ព្រៃឈើ បញ្ហាដីធ្លី បញ្ហា​គ្រប់បែបយ៉ាង ដែល​កម្ពុជា​បាន​ជួបប្រទះ​។ ដូច្នេះ​យើង​ស្វាគមន៍​លោក ជា មុនី ប៉ុន្តែ​មិនមែន​សម្រាប់​តែ​ជា​បុគ្គល​នោះទេ ហើយ​យើង​ស្វាគមន៍​ជាទូទៅ​សម្រាប់​ខ្មែរ​ទាំង​ពីរ​ភេទ​តែម្តង​”​។​

គួររំឭកថា លោក​ជា មុនី បាន​ឡើង​ធ្វើ​ជា​ប្រធាន​សហជីព​សេរី​កម្មករ ជំនួស​តំណែង​បងប្រុស​របស់​លោក គឺ​លោក ជា វិជ្ជា ដែល​ត្រូវ​ឃាតករ​បាញ់​សម្លាប់​កាលពី​ឆ្នាំ​២០០៤​។ លោក ជា មុនី បន្តថា បច្ចុប្បន្ន​កម្មករ​ដែល​ជា​សមាជិក​របស់​ខ្លួន​មាន​ចំនួន​១០​ម៉ឺន​នាក់​ទូទាំង​ប្រទេស​៕

ប្រភព៖ VOD
Facebook Comments

You may also like...