សកម្មភាព​សំខាន់ៗ​ចំនួន ១៣ ដែល​បុគ្គល​ជោគជ័យ​ធ្វើ​នៅ​​អាយុ​ខ្ទង់​ ២០ ឆ្នាំ

តើ​ប្រិយមិត្ត​ចូលចិត្ត​ចំណាយ​ពេល​​ធ្វើ​អ្វី​ខ្លះ​នៅ​ពេល​ដែល​​លោក​អ្នក​មាន​អាយុ​ខ្ទង់​២០? រៀនសូត្រ ធ្វើ​ការ រកលុយ ឬ ដើរ​លេង​ឲ្យ​បាន​ច្រើន? ចម្លើយ​របស់​ប្រិយមិត្ត​អាច​មាន​ច្រើន​ តែ​​អ្វី​ដែល​ជា​ចំណុច​រួម​របស់​ប្រិយមិត្ត​​នោះ​គឺ​ថា ច្បាស់​ជា​ចង់​បាន​អនាគត​ដ៏​ភ្លឺស្វាង​មួយ​​ហើយ! បើ​ដូច្នេះ​មែន​ សាក​ល្បង​ស្វែង​យល់​ពី​សកម្មភាព​របស់​បុគ្គល​ជោគជ័យ​ជា​គំរូ​វិញ​ម្តង​មើល៍​​ ថា​តើ​​​ពួកគេ​ចូលចិត្ត​ធ្វើ​អ្វី​ខ្លះ​នៅ​អាយុ​ខ្ទង់​ ២០? ​

១) រៀន​គ្រប់គ្រង​​ពេល​វេលា
ជា​វ័យ​​មួយ​ដែល​បុគ្គល​ជោគជ័យ​​ត្រូវ​ចាប់​ផ្តើម​ពង្រឹង​អាជីព​របស់​ខ្លួន បុគ្គល​ជោគជ័យ​​បាន​ឲ្យ​តម្លៃ​ខ្ពស់​លើ​ពេលវេលា​ខ្លាំង​ណាស់។ ហេតុ​នេះ​ពួកគេ តែង​​គ្រប់គ្រង​វា​ឲ្យ​​​មាន​ប្រសិទ្ធភាព​បំផុត​​ដើម្បី​​​ត្រៀម​រៀបចំ​​ពង្រឹង​អាជីព​ការងារ​ល្អ​មួយ​សម្រាប់​អនាគត​របស់​ខ្លួន។ ​​

២) លុយ​មិន​សំខាន់ សំខាន់​​គឺ​ការងារ​
ផ្ទុយ​ពី​យុវជន​មួយ​ចំនួន​ដែល​យល់​ថា​ ​ការងារ​គឺ​ជា​រឿង​សំខាន់​ដើម្បី​រក​លុយ​​ឲ្យ​បាន​ច្រើន បុគ្គល​ជោគជ័យ​​​ភាគ​ច្រើន​​គិត​ទៅ​លើ​ការ​ងារ​​ជាជាង​ឲ្យ​តម្លៃ​លើ​លុយកាក់។ ទន្ទឹម​នឹង​មាន​គោលដៅ​ដ៏​ជាក់លាក់​របស់​ខ្លួន ​​បុគ្គល​ជោគជ័យ​មិន​សូវ​ខ្វល់​ពី​រឿង​ប្រាក់ខែ​​នោះ​ឡើយ ពោល​គឺ​ធ្វើ​យ៉ាងណា​ជ្រើសរើស​ការងារ​មួយ​​ដែល​ត្រូវ​នឹង​អាជីព​របស់​ខ្លួន​​ទើប​ជា​រឿង​ល្អ​ប្រសើរ​សម្រាប់​អនាគត​របស់​ខ្លួន។
​​
៣)​រៀន​សន្សំប្រាក់
តាម​ពិត​ទៅ​វ័យ​នេះ​​យុវជន​​ភាគ​ច្រើន​តែង​គិត​ថា មិនមែន​ជា​វ័យ​ដែល​​ត្រូវ​សន្សំ​ប្រាក់​នោះ​ឡើយ ពោល​គឺ​ជា​វ័យ​ដែល​ត្រូវ​ដើរ​ស៊ីចាយ​ និង សប្បាយ​ឲ្យ​បាន​ច្រើន។ យ៉ាងណាមិញ សម្រាប់​​បុគ្គល​ដែល​ជោគជ័យ​វិញ​បាន​យល់​ថា នេះ​ជា​វ័យ​ដ៏​ល្អ​មួយ​ដែល​ពួកគេ​ត្រូវ​តែ​ចាប់​ផ្តើម​សន្សំ​ប្រាក់​ឲ្យ​ហើយ ដើម្បី​​យក​ប្រាក់​ទាំង​នោះ​ទៅ​វិនិយោគ​ និង ពង្រីក​អាជីព​ការងារ​របស់​ខ្លួន។

៤) រៀបចំ​គម្រោង​ដោះ​បំណុល​ឲ្យ​រួច​ បើ​មាន​បំណុល
សម្រាប់​យុវជន​មួយ​ចំនួន​ដែល​មិន​មាន​បំណុល​នៅ​ថ្នាក់​មហាវិទ្យាល័យ នេះ​មិន​មែន​ជា​ឧបសគ្គ​នោះ​ឡើយ។ ប៉ុន្តែ​សម្រាប់​យុវជន​ដែល​មាន​បំណុល​ក្នុង​​វ័យ​ខ្ទង់​ ២០​នេះ គឺ​ជា​​បញ្ហា​ប្រឈមមុខ​មួយ។ ងាក​មក​មើល​​សកម្មភាព​របស់​​បុគ្គល​ជោគជ័យ​វិញ​​ ត្បិតអី​បុគ្គល​ប្រភេទ​នេះ​បង្កើត​គម្រោង​ដោះ​បំណុល​របស់​ខ្លួន​បាន​យ៉ាង​ល្អ និង ឲ្យ​ឆាប់​បំផុត បើ​មិន​ដូច្នេះ​ទេ វា​នឹង​ប៉ះពាល់​ដល់​ការ​ពង្រឹង​អាជីព​ការងារ​របស់​ពួកគេ​នៅ​ពេល​មាន​អាយុ​កាន់តែ​ច្រើន​។ ​​​

៥) យកចិត្ត​ទុកដាក់​ថែរក្សា​សុខភាព
ដូច​អ្វី​ដែល​បាន​រៀបរាប់​នៅ​ក្នុង​ចំណុច​ទី​៣​ នៅ​វ័យ​ខ្ទង់​ ២០​នេះ​យុវជន​​ចូលចិត្ត​សប្បាយ និង ចាយ​ប្រាក់​ក៏​ច្រើន​ដែរ​មិន​សូវ​យកចិត្ត​ទុកដាក់​រឿង​សុខភាព​ប៉ុន្មាន​ឡើយ​ជា​ពិសេស​ការ​ទទួលទាន​​គ្រឿង​ស្រវឹង ឬ មិន​​ចូលចិត្ត​ការ​ហាត់ប្រាណ​ជា​ដើម។ ផ្ទុយ​ទៅវិញ​សម្រាប់​​បុគ្គល​ជោគជ័យ​យល់ឃើញ​ថា វ័យ​នេះ​ពួកគេ​ត្រូវ​តែ​គិតគូរ​ពី​សុខភាព​ជា​សំខាន់​ ហេតុដូច្នេះ​ពួកគេ​ត្រូវ​តែ​ហាត់ប្រាណ លេង​កីឡា ទទួល​ទាន​អាហារ​ឲ្យ​បាន​ត្រឹមត្រូវ និង​មិន​យក​​គ្រឿង​ស្រវឹង​មក​ធ្វើ​ជា​​ត្រីមុខ​នោះ​ឡើយ។

៦) មាន​ការ​ព្យាយាម
នេះ​ជា​ចំណុច​ពិសេស​មួយ​ទៀត​ដែល​បុគ្គល​ជោគជ័យ​ធ្វើ​បាន​ល្អ​នៅ​ក្នុង​វ័យ​ខ្ទង់​ ២០។ ជា​មួយ​​នឹង​​មហិច្ឆតា​ដ៏​ធំ​​របស់​ខ្លួន​នៅ​ក្នុង​​​ការ​សិក្សា​ក្តី ការងារ​ក្តី មិត្តភាព​ក្តី​ ទំនាក់ទំនង​ផ្សេងៗ​​ក្តី ​គឺ​ជា​កិច្ចការ​ដែល​បុគ្គល​ប្រភេទ​នេះ​​ត្រូវ​​តែ​សម្រេច​ឲ្យ​បាន។ ខុស​ពី​យុវជន​មួយ​ចំនួន​ដែល​ចូលចិត្ត​បោះបង់ ឬ គេចវេស​ បុគ្គល​ជោគជ័យ​​នៅ​តែ​ព្យាយាម​ធ្វើ​កិច្ចការ​របស់​ខ្លួន​ឲ្យ​ស្រប​តាម​គោលដៅ​ទោះបី​ជា​បរាជ័យ​ម្តង​ជា​ពីរ​ដង​ក៏ដោយ។

៧) មិន​ព្យាយាម​ធ្វើ​អ្វី​មួយ​​ផ្គាប់ចិត្ត​អ្នកណា​ម្នាក់
​​ជា​ការពិត​វ័យ​ខ្ទង់​ ២០​នេះ គឺ​ជា​ពេលវេលា​មួយ​ដែល​អ្នក​ត្រូវ​កសាង​បណ្ដាញ​ទំនាក់ទំនង​ដ៏​រឹងមាំ​មួយ​សម្រាប់​ពង្រឹង​អាជីព​ការងារ​​របស់​អ្នក។ បើ​ដូច្នេះ​មែន​អ្នក​ក៏​គួរតែ​ដឹង​ថា តើ​ការ​ទំនាក់ទំនង​របស់​អ្នក​ត្រូវ​ធ្វើ​ឡើង​ក្នុង​រូបភាព​បែប​ណា​ខ្លះ​ជា​មួយ​ចៅហ្វាយនាយ ​មិត្តភក្ដិ ក្រុម​ការងារ​​របស់​អ្នក? យ៉ាងណាមិញ អ្នក​នឹង​ជួប​មនុស្ស​ដែល​​អ្នក​មិន​ចូលចិត្ត និង អ្នក​ដែល​មិន​ចូលចិត្ត​អ្នក។ បញ្ហា​នេះ​បុគ្គល​ជោគជ័យ​​គិត​ថា វា​ជា​រឿង​ធម្មតា​នោះ​ទេ ហើយ​ពួកគេ​​ក៏​មិន​ព្យាយាម​ផ្លាស់ប្ដូរ​​ជំហរ​របស់​ខ្លួន​ឲ្យ​ស្រប​ ឬ ផ្គាប់​ចិត្ត​ទៅ​នឹង​បំណង​របស់​អ្នកដទៃ​នោះ​ដែរ​ដរាបណា​ការ​ផ្លាស់ប្ដូរ​មិនមែន​ជា​រឿង​ល្អ។

៨) ចេះ​បទ​បែន​តាម​កាលៈទេសៈ​បាន​ល្អ
នៅ​ពេល​ដែល​អ្នក​មាន​គោលដៅ​ច្បាស់លាស់ វា​នឹង​ធ្វើ​ឲ្យ​អ្នក​​នៅ​តែ​​រក្សា​ជំហាន​របស់​អ្នក​បោះ​ជំហាន​ទៅ​មុខ​​ឲ្យ​ដល់​គោលដៅ​នោះ ហើយ​ជា​ទូទៅ​យុវជន​តែងតែ​ប្រកាន់​គោលការណ៍​មួយ​ដាច់ខាត​មិន​ចូលចិត្ត​ការ​ផ្លាស់ប្ដូរ​នៅ​ពេល​កាលៈទេសៈ​ណាមួយ​ចូល​មក​ដល់។ ទោះបីជា​បែប​នេះ​ក្តី សម្រាប់​បុគ្គល​ជោគជ័យ​វិញ​មិន​ដូច្នេះ​ឡើយ ពោល​គឺ​នៅ​ក្នុង​លក្ខខណ្ឌ​ណាក៏ដោយ​ដែល​ធ្វើ​ឲ្យ​ពួកគេ​ទទួល​បាន​បទពិសោធន៍​ ឬ គំនិត​ថ្មីៗ ​សម្រាប់​​អនាគត​ជីវិត​ដ៏​ល្អ​ប្រសើរ​មួយ​បាន បុគ្គល​ប្រភេទ​នេះ​នឹង​​បទ​បែន​តាម​កាលៈទេសៈ​​ទាំង​នោះ​ជា​មិន​ខាន។

៩) រៀនសូត្រ​ជា​ប្រចាំ
សញ្ញាប័ត្រ​ដែល​អ្នក​ទទួល​បាន​ពី​មហាវិទ្យាល័យ​អាច​​បញ្ជាក់​ពី​លទ្ធផល​សិក្សា​ដ៏​ល្អ​ប្រសើរ​របស់​អ្នក តែ​នេះ​នៅ​តែ​​គ្មាន​ប្រយោជន៍​បើ​អ្នក​មិន​រៀនសូត្រ​ជា​ប្រចាំ​បន្ត​ទៅ​ថ្ងៃ​មុខ​ទៀត។ ហេតុដូច្នេះ​ហើយ បើ​ចង់​ជោគជ័យ​ដូច​បុគ្គល​ជោគជ័យ អ្នក​ត្រូវ​តែ​អាន​ និង ​ពង្រីក​ចំណេះដឹង​​សម្រាប់​អភិវឌ្ឍ​​លើ​អាជីព​ការងារ​របស់​អ្នក ​ដែល​ប្រហែល​ជា​មិន​មាន​នៅ​ក្នុង​ថ្នាក់​រៀន​របស់​អ្នក​នោះ​ឡើយ។

១០) ពង្រឹង​ចំណង​មិត្តភាព​ឲ្យ​កាន់តែ​រឹងមាំ​​
អ្នក​អាច​មាន​មិត្តភក្ដិ​ច្រើន​​​នៅ​ថ្នាក់​រៀន តែ​ក៏​មាន​មិត្តភក្ដិ​ជា​ច្រើន​ទៀត​ដែល​អ្នក​មាន​​ដូច​ជា នៅ​កន្លែង​ការងារ​​ជា​ដើម។ ទោះបី​ជា​យ៉ាងណាក៏ដោយ​ មិត្តភក្ដិ​ទាំង​នេះ​សុទ្ធតែ​សំខាន់​ដូចគ្នា បើ​អ្នក​ធ្វើ​ឲ្យ​ទំនាក់ទំនង​ទាំង​នេះ​កាន់តែ​ស្អិតល្មួត ព្រោះ​ថា​ផ្លូវ​ជោគជ័យ​របស់​បុគ្គល​ជោគជ័យ​ក៏​កើត​ឡើង​ដោយសារ​ការ​ពង្រឹង​​ចំណង​មិត្តភាព​ និង ការ​ទំនាក់ទំនង​ទៅ​កាន់​មនុស្ស​ថ្មីៗ​កាន់តែ​ច្រើន​ដែរ។

១១) មិន​រស់​នៅ​ជា​មួយ​អតីតកាល​
នេះ​ជា​​សញ្ញាណ​វិជ្ជមាន​មួយ​របស់​បុគ្គល​ជោគជ័យ​ ថ្វីត្បិតតែ​ពួកគេ​មាន​បទពិសោធន៍​ក្មេង​ខ្ចី​នៅ​​ក្នុង​វ័យ​​នេះ តែ​យ៉ាង​ហោច​ណាស់​ពួកគេ​បាន​ដឹង​ថា រឿងរ៉ាវ​ដែល​មិន​ល្អ​ជា​ច្រើន​​ដែល​ពួកគេ​បាន​ធ្លាប់​ជួប​ប្រទះ​ដូច​ជា ការ​ខកបំណង បាត់បង់​មនុស្ស​ដែល​ខ្លួន​ស្រលាញ់ ទ្រព្យសម្បត្តិ ។ល។ ត្រូវ​តែ​បំភ្លេច​វា​ចោល​បើ​វា​មិន​អាច​យក​មក​វិញ​បាន​។ ការ​ឆ្លើយតប​ដ៏​ប្រសើរ​របស់​បុគ្គល​ជោគជ័យ​នៅ​​ក្នុង​ចំណុច​នេះ​គឺ​ការ​សម្លឹង​មើល​អនាគត​ដ៏​ជឿជាក់​មួយ​ជា​មួយ​​ក្តី​សង្ឃឹម​ថា ថ្ងៃ​ណាមួយ​​ជីវិត​របស់​​ខ្លួន​នឹង​កាន់តែ​ប្រសើរ​ជាង​នេះ​ជា​មិន​ខាន តាម​រយៈ​ការ​​រៀបចំ​ខ្លួន​ដ៏​ល្អ​នៅ​ក្នុង​ថ្ងៃ​នេះ។

១២) មាន​ភាព​ស្មោះត្រង់
មិន​ត្រឹមតែ​ស្មោះត្រង់​នឹង​អ្នកដទៃ លក្ខណៈ​ពិសេស​​​មួយ​ ទៀត​របស់​បុគ្គល​ជោគជ័យ​គឺ​ភាព​ស្មោះត្រង់​​ចំពោះ​ខ្លួន​ឯង។ បុគ្គល​ជោគជ័យ​យល់​ឃើញ​ថា នៅ​ពេល​​មាន​ភាព​ស្មោះត្រង់​ដល់​ខ្លួន​ឯង ខ្លួន​នឹង​អាច​សម្រេច​កិច្ចការ​ផ្សេង​តាម​ផែន​ការ​កំណត់ ឬ ការ​សន្យា​របស់​ខ្លួន។ ទន្ទឹម​នឹង​នេះ វា​ជា​កូនសោ​តែមួយ​គត់​ដែល​អាច​កសាង​​ភាព​ជឿជាក់​ពី​អ្នកដទៃ​កាន់តែ​ច្រើន។

១៣) ធ្វើ​ដំណើរ​កាន់តែ​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន
នេះ​​អាច​ជា​រឿង​មួយ​ភ្ញាក់ផ្អើល​​សម្រាប់​អ្នក ព្រោះ​ថា​ក្នុង​នាម​ជា​យុវជន​ដ៏​ជោគជ័យ​មួយ​រូប​គួរណាស់តែ​​ចំណាយ​ពេល​​ខិតខំ​សិក្សា​រៀនសូត្រ ស្រាវជ្រាវ ឬ ធ្វើ​ការ​​​ងារ​ផ្សេងៗ​ដែល​នាំ​មក​នូវ​ប្រាក់​ចំណូល ជាជាង​​ដើរ​លេង​ឥតប្រយោជន៍។ យ៉ាងណាមិញ ការ​ធ្វើ​ដំណើរ​​របស់​បុគ្គល​ជោគជ័យ​នៅ​ពេល​នេះ​មិនមែន​ជា​ការ​កម្សាន្ត​អារម្មណ៍​តែមួយ​មុខ​ប៉ុណ្ណោះ​ទេ តែ​ជា​ការ​សិក្សា​ស្វែង​យល់ ដកស្រង់​បទពិសោធន៍​​ពី​ស្ថានភាព​អភិវឌ្ឍ វប្បធម៌ ការរស់នៅ​​​​របស់​មនុស្ស​ពី​តំបន់​មួយ​​ទៅ​តំបន់​មួយ ដែល​​ជា​គុណប្រយោជន៍​ដ៏​ច្រើន​មហាសាល​​របស់​​បុគ្គល​ជោគជ័យ​​ទទួល​បាន​ពី​ការ​ធ្វើ​ដំណើរ​នេះ៕

Facebook Comments

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *