ហេតុ​អ្វី​​​​​​អ្នក​នៅ​តែ​ដោះ​ខ្លួន​​មិន​រួច​ពី​​​បំណុល​​គេ?

គ្មាន​​អ្នកណា​ម្នាក់​ចង់​ជំពាក់​បំណុល​គេ​នោះ​ឡើយ តែ​បើ​ជំពាក់​បំណុល​គេ​ហើយ​​ដោះ​ខ្លួន​មិន​រួច​ នោះ​អ្នក​កំពុង​ប្រឈមមុខ​​មាត់​ជ្រោះ​ភាព​ក្រីក្រ​មួយ​ហើយ។ ទោះបី​ជា​ពេល​ខ្លះ​លោក​អ្នក​ខិតខំ​​​ព្យាយាម​ស្វែងរក​ប្រាក់​បាន​ច្រើន​ជាង​មុន​ក៏ដោយ ប៉ុន្តែ​​វា​មិន​មាន​ប្រសិទ្ធភាព​សោះ​ក្នុង​ការ​ដោះ​បំណុល​ទាំង​នោះ។

បើ​ដូច្នេះ​មែន​នោះ ប្រិយមិត្ត​សាកល្បង​ពិនិត្យ​​មើល​​​ដើមចម​សំខាន់ៗ​ទាំង​៨​​ខាង​ក្រោម​នេះ​វិញ​ម្តង​មើល៍​ ថា​ហេតុ​អ្វី​បាន​​​ជា​​​លោក​អ្នក​ ដោះ​បំណុល​​មិន​រួច​​សោះ?

១) ចំណាយ​ច្រើន​ជាង​ចំណូល
ប្រសិន​បើ​អ្នក​ពិនិត្យ​មើល​បញ្ជី​ចំណាយ​របស់​​​អ្នក​​ប្រចាំ​ខែ​ដូច​ជា ការ​បង់​ប្រាក់​នៅ​ធនាគារ ​ថ្លៃ​ជួល​ផ្ទះ​ស្នាក់នៅ រថយន្ត ប័ណ្ណ​ធានារ៉ាប់រង ការ​ហូបចុក ​ស្លៀកពាក់​ក្នុង​កម្រិត​ខ្ពស់ និង​ការ​ចំណាយ​ផ្សេងៗ​ទៀត​ ខណៈ​ដែល​ប្រាក់​ចំណូល​របស់​អ្នក​មាន​តិចតួច​ស្តួចស្តើង​ប៉ុណ្ណោះ ទាំង​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​ពិបាក​ងើប​រួច​ចេញ​ពី​បំណុល​គេ​​​ណាស់។​ ប្រសិន​បើ​អ្នក​ចង់​ឲ្យ​បំណុល​របស់​អ្នក​​ធ្លាក់ចុះ អ្នក​ត្រូវ​តែ​កាត់បន្ថយ​ទំហំ​ចំណាយ​របស់​​ខ្លួន​ឲ្យ​មក​ក្នុង​កម្រិត​មួយ​ទាប​​មួយ​​​ជា​អប្បបរមា ពោល​គឺ​តិច​ជាង​ប្រាក់​ចំណូល​របស់​អ្នក​កាន់តែ​ច្រើន​កាន់តែ​ប្រសើរ។

២) គ្មាន​​ប្រភព​​ចំណូល​បន្ថែម​
នៅ​ពេល​ដែល​ស្ថានភាព​មួយ​​​គឺ​ជា​លាភ​សំណាង​ក្លាយ​ជា​ក្តី​ទន្ទឹម​រង់ចាំ​របស់​អ្នក ​នោះ​វា​កាន់តែ​ច្បាស់​ណាស់​ថា​ អ្នក​មិន​អាច​គេច​ផុត​ពី​បំណុល​របស់​គេ​នោះ​ឡើយ ត្បិតអី​អ្នក​ក៏​គ្មាន​លទ្ធភាព​ស្វែងរក​ប្រាក់​ចំណូល​បន្ថែម​ទៀត​លើ​ប្រាក់​ចំណូល​ដែល​មាន​ស្រាប់។ ការ​ងារ​ថែម​ម៉ោង ឬ ក្រៅ​ម៉ោង​សុទ្ធសឹងតែ​​ជា​ដំណោះស្រាយ​អាច​ធ្វើ​ឲ្យ​អ្នក​អាច​ស្វែងរក​ប្រាក់​​ចំណូល​ប​ជួយ​ដោះស្រាយ​បញ្ហា​ជីវភាព​របស់​អ្នក​បាន​មួយ​អន្លើ។ ​​

៣) ចំណាយ​​គ្មាន​ទិសដៅ
តើ​អ្នក​ដឹង​​ទេ​ថា ​ក្នុង​មួយ​ខែៗ​អ្នក​បាន​យក​លុយ​ទៅ​ចំណាយ​លើ​អ្វី​ខ្លះ? បើ​អ្នក​​មិន​បាន​ដឹង​ចម្លើយ​នេះ​​ច្បាស់លាស់​ទេ​ នោះ​បញ្ជាក់​ថា ​ការ​គ្រប់គ្រង​​ហិរញ្ញវត្ថុ​​កំពុង​ស្ថិត​នៅ​ក្នុង​ហានិភ័យ​​ខ្ពស់ ហើយ​អ្នក​នៅ​តែ​​​ជា​ទាសករ​ប្រាក់​បំណុល​របស់​គេ​។ ប៉ុន្តែ បើ​អ្នក​អាច​រក​ឃើញ​ចម្លើយ​នេះ បាន​ពិត​ប្រាកដ អ្នក​នឹង​​ចាប់ផ្តើម​សម្លឹង​មើល​​ឡើងវិញ​ពី​​ការ​ចំណាយ​​ដែល​ចាំបាច់ និង​មិន​ចាំបាច់ សម្រាប់​រៀបចំ​គម្រោង​​នៅ​ពេល​ក្រោយ​ឲ្យ​មាន​ប្រសិទ្ធភាព​ជាង​មុន​។

៤) គ្មាន​គម្រោង​​ចំណាយ​​លើ​ហិរញ្ញវត្ថុ​
តើ​អ្នក​​នឹង​ត្រូវ​ចំណាយ​ប្រាក់​របស់​អ្នក​ទៅ​លើ​អ្វី​ខ្លះ? បើ​អ្នក​ឆ្លើយ​ថា ៖«មិនដឹង​ទេ» តើ​អ្នក​អាច​គេច​ផុត​ពី​បំណុល​​បាន​យ៉ាង​​ដូចម្តេច​ទៅ? សំណួរ​នេះ​ជា​ការ​ដាស់តឿន​មួយ​​ដល់​លោក​អ្នក ​ឲ្យ​​រៀបចំ​គម្រោង​មួយ​យ៉ាង​ច្បាស់លាស់​ក្នុង​ការ​បែងចែក​ប្រាក់​ចំណូល​របស់​ខ្លួន សម្រាប់​ការ​ចំណាយ​​ក្នុង​ខែ​នីមួយៗ​។​ ចំណុច​នេះ​ លោក​អ្នក​អាច​រៀន​តាម​​យុទ្ធសាស្ត្រ​បែកចែក​ប្រាក់​ចំណូល​ពី​​មហាសេដ្ឋី​ចិន​លោក លីកាស៊ីង ដែល ​TheBENWS បាន​ចុះ​ផ្សាយ​នៅ​ពេល​កន្លងមក ដើម្បី​​ទុក​ជា​​ពន្លឺ​លើ​គម្រោង​ចំណាយ​​ហិរញ្ញវត្ថុ​របស់​អ្នក។

៥) គ្មាន​ប្រាក់​សន្សំ​សម្រាប់​ការ​វិនិយោគ
តើ​អ្នក​​មាន​បាន​សន្សំ​ប្រាក់​សម្រាប់​ការ​វិនិយោគ​ដែរ​ឬ​ទេ​នៅ​ពេល​កន្លង​មក? បើ​ចម្លើយ​របស់​អ្នក​​ជា​អវិជ្ជមាន វា​ច្បាស់​ណាស់​ថា​ ​អ្នក​កំពុង​​បោះ​លុយ​ឲ្យ​អ្នក​ដទៃ​។ អ្នក​នៅតែ​ជាប់​បំណុល​ងើប​មុខ​មិន​រួច ពីព្រោះ​ថា​ផ្ទុយ​​​ពី​ការ​​​ចំណាយ​​​ប្រាក់​​​ដើម្បី​បង្កើត​ចំណូល​ អ្នក​ថែមទាំង​​​ខ្ជះខ្ជាយ​ប្រាក់​ទុក​ឲ្យ​​បំណុល​ដឹកមុខ​គ្រប់ពេល។

៦​) ចំណាយ​​លើ​អ្វី​ដែល​ខ្លួន​ចង់​បាន មិន​ចំណាយ​លើ​​អ្វី​ដែល​ខ្លួន​ត្រូវ​ការ
តើ​អ្នក​ចំណាយ​លុយ​​តម្រូវ​សម្ភារ​ប្រើប្រាស់​​ ឬ ​ ទិញ​​សម្ភារ​ប្រើប្រាស់​តម្រូវ​ទៅ​នឹង​លទ្ធភាព​ចំណាយ​​របស់​អ្នក? ​អ្នក​អាច​សាកល្បង​គិត​បន្តិច​ថា បើ​អ្នក​ព្យាយាម​​ចំណាយ​លើ​សម្ភារៈ​​មិន​ចាំបាច់​មួយ​ចំនួន​កាន់តែ​ច្រើន​ជាជាង​​​លទ្ធភាព​ចំណាយ​របស់​​លោក​អ្នក វា​ពិបាក​ធ្វើ​ឲ្យ​លោក​អ្នក​ដក​ខ្លួន​ចេញ​ពី​រណ្តៅ​បំណុល​គេ​ណាស់។​ ជា​ការ​ប្រសើរ និង​រក​​ឲ្យ​ឃើញ​ប្រសិទ្ធភាព​នៅ​ក្នុង​ចំណុច​នេះ ​អ្នក​ត្រូវ​ចំណាយ​លុយ​ឲ្យ​ចំ​ទិសដៅ និង​មាន​ប្រសិទ្ធភាព​បំផុត ដូច​ជា​ទិញ​អ្វី​ដែល​ចាំបាច់ មិន​ត្រូវ​​ទិញ​​អ្វី​ដែល​អ្នក​ចង់​បាន​នោះ​ឡើយ។

៧) ខ្ជះខ្ជាយ​ពេលវេលា​ឥតប្រយោជន៍
តើ​អ្នក​​ធ្វើ​ការ​ប៉ុន្មាន​ម៉ោង​ក្នុង​មួយ​ថ្ងៃ? តើ​អ្នក​បាន​​លៃលក​ពេលវេលា​មួយចំនួន​​ក្រៅ​ពី​នេះ ដើម្បី​ស្វែង​រក​ប្រាក់​ចំណូល​បន្ថែម​ដែរ​ឬ​ទេ? វា​មិន​ជា​ចម្លើយ​ដ៏​ត្រឹមត្រូវ​នៃ​សំណួរ​ទាំង​​ពីរ​​​នេះ​នោះ​ឡើយ ដរាបណា​អ្នក​បាន​បណ្តោយ​ពេលវេលា​មាន​តម្លៃ​មួយចំនួន​ឲ្យ​រសាត់​​អណ្ដែត​តាម​ខ្យល់ ហើយ​មិន​អាច​ប្រើប្រាស់​ពេលវេលា​ទាំងនោះ​សម្រាប់​ស្វែង​រក​ប្រាក់​ចំណូល​បន្ថែម។ ជា​ការ​ល្អ​ប្រសើរ អ្នក​ត្រូវ​ធ្វើ​ខ្លួន​ឯង​ជា​មនុស្ស​ម្នាក់​ដែល​រវល់​បំផុត ​​តែ​ការ​រវល់​របស់​អ្នក​ទៅ​លើ​រឿង​​មាន​ប្រយោជន៍​ទាំង​​ផ្តល់​ចំណេះ​ដឹង ឬ ស្វែង​រក​ប្រាក់​ចំណូល​សម្រាប់​ខ្លួន​ឯង។ ​​​​​​​​​

៨) ឃើញ​ដំរី​ជុះ ជុះ​តាម​ដំរី
បើ​អ្នក​បណ្តោយ​ឲ្យ​ខ្លួន​ឯង​ធ្លាក់​ចូល​ក្នុង​បរិបទ​សង្គម​​​​​ហក់លោត​តាម​មនុស្ស​មួយ​ក្រុម​​ដែល​​ សម្បូរ​ទៅ​ដោយ​មាសប្រាក់ និង​​ពោរពេញ​ដោយ​សម្ភារ​និយម ​រថយន្ត​ទំនើប ផ្ទះ​វីឡា ​រស់​នៅ​យ៉ាង​ហ៊ឺហា ខណៈ​ដែល​ខ្លួន​អ្នក​នៅ​ក្រ​តោកយ៉ាក​គ្មាន​លទ្ធភាព​ ​នោះ​មហិច្ឆតា​​​គ្មាន​សច្ចធម៌​របស់​អ្នក​នឹង​បំផ្លាញ​អ្នក​ដោយ​មិនដឹង​ខ្លួន។ ចូល​កែ​ទម្លាប់​​នៃ​ការ​គិត​ដូច​ចៅ​ចាក់ស្មុគ​របស់​អ្នក​ឡើង​វិញ សម្លឹង​មើល​ពី​យុទ្ធសាស្ត្រ​ដែល​ធ្វើ​ឲ្យ​អ្នក​អាច​រក​ប្រាក់​បាន​កាន់តែ​ច្រើន​​ ជាជាង​​ទៅ​លើ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ចំណាយ​ប្រាក់​ឥត​ប្រយោជន៍៕

Facebook Comments

You may also like...

1 Response

Leave a Reply

Your email address will not be published. Required fields are marked *