អាវុធ​សម្ងាត់​ចំនួន ៤ ជួយ​ឲ្យ​​​លោក​អ្នក​យក​​ឈ្នះ​ក្នុង​ការ​តស៊ូ​មតិ

ការតស៊ូ​មិត​រវាង​លោក​អូបាម៉ា និង លោក រ៉ូមនី​​មុន​ពេល​បោះ​ឆ្នោត​ប្រធានាធិបតីកាលពី….

មនុស្ស​​ភាគច្រើន​​តែ​មានគំនិត​ខុសៗគ្នា​​ លើ​អ្វីមួយ​។ អ្នកខ្លះ​ ការ​យល់​ឃើញ​របស់​ពួកគេ​​ពិតជា​ត្រឹមត្រូវ​ ប៉ុន្តែ​ដោយសារ​​តែ​​មាន​ភាព​ទន់ខ្សោយ​ក្នុង​ការ​លើក​ហេតុផល​ ធ្វើ​ឲ្យ​ពួកគេ​​មិន​អាច​សម្រេច​ចិត្ត​ធ្វើ​អ្វី​តាម​ការយល់ឃើញ​បាន​ ខណៈ​អ្នក​ផ្សេង​ទៀត​មាន​ភាព​ប៉ិនប្រសប់​ក្នុង​ការ​លើក​ទឡ្ហីករណ៍​​ផ្សេងៗ​ ដែល​ធ្វើ​ឲ្យ​មនុស្ស​គ្រប់គ្នា​យល់​ស្រប​តាម។ ដូច្នេះ​ ក្នុង​ពេល​តស៊ូ​មតិ​ម្តងៗ​ អ្នក​ត្រូវតែមាន​​ចំណុច​ខ្លាំង​គ្រប់គ្រាន់​ដើម្បី​បញ្ជាក់​ថា គំនិត​របស់​អ្នក​ពិត​ជា​សម​ហេតុផល និង ត្រឹមត្រូវ​ពិតប្រាកដ។

ខាងក្រោម​នេះ គឺជា​ចំណុច​សំខាន់ៗ​ជា​មូលដ្ឋាន​​មួយ​ចំនួន​ជួយ​ឲ្យ​អ្នក​អាច​​យកឈ្នះ​ក្នុង​ការ​តស៊ូ​មតិ៖

១) ​ផ្តល់​ការ​គោរព​ដល់​គូប្រជែង​​
​បើ​ទោះបីជា​ អ្នក​ចង់​ឈ្នះ​យ៉ាងណាក៏ដោយ ក៏​ត្រូវ​មាន​ការ​គោរព​ចំពោះ​គំនិត​របស់​អ្នកដទៃ​ដែរ។ នៅពេល​​គូប្រជែង​របស់​អ្នក​និយាយ​ ឬ លើក​ហេតុផល​អ្វី​ដើម្បី​ការពារ​គំនិត​របស់​គេនោះ អ្នក​ត្រូវ​តែ​ស្តាប់​ដោយ​យក​ចិត្ត​ទុកដាក់ ដោយ​បង្ហាញ​ថា អ្នក​មាន​សីលធម៌ ​បើ​ទោះបីជា​អ្នក​ដឹង​ថា គំនិត​របស់​គេ​មិនទាន់​ស៊ីជម្រៅ​ ឬ នៅ​ទន់ខ្សោយ​ក៏​ដោយ។ ​

ការ​ធ្វើបែប​នេះ​ពិតជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ ព្រោះថា វា​ជួយ​ឲ្យ​អ្នក​យល់​ច្បាស់​អំពី​គំនិត​របស់​គូប្រជែង​ ដែល​ងាយស្រួល​ក្នុង​ការ​តបត​វិញ។ លើស​ពី​នេះ​ទៀត ​អ្នកដទៃ (ជាពិសេស​អ្នក​ស្តាប់) យល់​ឃើញ​ថា អ្នក​ជា​មនុស្ស​ដែល​មិន​អួតអាង និង ចេះ​គ្រប់គ្រង​ស្ថានការណ៍​បាន​ល្អ​។

២) កុំ​ចង់​ឈ្នះ​ខ្លាំង​ពេក
​ចំណុច​សំខាន់​ក្នុង​ការ​តស៊ូ​មតិ​ គឺ​ធ្វើ​យ៉ាងណា​ឲ្យ​អ្នក​ស្តាប់​យល់​ឃើញ​ថា គំនិត​របស់​អ្នក​គឺ​ល្អ ខណៈ​គំនិត​ដៃគូ​ប្រជែង​នោះ គឺ​មិនទាន់​ល្អ​គ្រប់គ្រាន់​នោះ​ទេ។ ដោយសារតែ​បែបនេះ​ហើយ អ្នកតែង​ព្យាយាម​និយាយ​លើក​ហេតុផល​អ្វីមួយ​ ដើម្បី​បន្សាប​ឥទ្ធិពល​ ឬ ហេតុផល​របស់​ដៃគូ​ប្រជែង។ ប៉ុន្តែ​ត្រូវ​ចាំ​ថា កុំ​ចង់​ឈ្នះ​ខ្លាំងពេក ឬ លឿន​ពេក ពោល​គឺ ត្រូវ​ធ្វើ​តាម​ដំណើរ​ប្រកបដោយ​យុទ្ធសាស្ត្រ​ច្បាស់លាស់​។ កាលណា​អ្នក​ចង់​ឈ្នះ​ខ្លាំងពេក​ ធ្វើ​ឲ្យ​ចិត្ត​របស់​អ្នក​ពេលខ្លះ​មាន មាន​អំនួត ឬ បង្ហាញ​ពី​ចំណុចខ្សោយ​ណា​មួយ​ ធ្វើ​ឲ្យ​គេ​អាច​ចាប់ថ្នាក់​បាន។

៣) កុំ​សួរ​ថា «ហេតុអ្វី» តែ​សួរ​ថា «ដោយ​របៀបណា»
ក្នុង​ពេល​សួរ​សំនួរ​បក​ទៅ​កាន់​គូប្រជែង​នោះ អ្នក​គួរតែ​ព្យាយាម​សួរ​ថា «ដោយ​របៀបណា» ជាជាង​សួរ​ថា «ហេតុអ្វី» ព្រោះ​ នៅពេល​អ្នក​សួរ​ថា «ហេតុអ្វី​» វា​អាច​ធ្វើ​ឲ្យ​គូប្រជែង​លើក​យក​ហេតុផល​សមស្រប ​យ៉ាង​ងាយ​ដើម្បី​ការពារ​គំនិត​របស់​គេ។ ប៉ុន្តែ​បើ​សួរ​ថា «ដោយ​របៀបណា»​វិញ​ជា​អាច​ការ​លំបាក​ ព្រោះ​សំនួរ​នេះ​ ទាមទារ​ឲ្យ​បង្ហាញ​យន្តការ​ច្បាស់​លាស់​ ​ក្នុង​ការ​ធ្វើអ្វី​មួយ​។

​​​​​​​៤) ​មាន​ភាព​ជឿជាក់
​រាល់ពេល​និយាយ​អ្វី​ក៏ដោយ អ្នក​ត្រូវតែ​បង្ហាញថា ខ្លួន​ពិត​ជា​មាន​ភាព​ជឿជាក់​យ៉ាង​ខ្លាំង​លើ​អ្វី​ដែល​​លើក​ឡើង។ បើ​ទោះ​បី​ជា​ ហេតុផល​នោះ​ល្អ​ប៉ុណ្ណា​ក៏​ដោយ ​តែ​បើ​អ្នក​បង្ហាញ​ពី​អារម្មណ៍​ភ័យខ្លាច​ហើយ​នោះ ​វា​ជា​ចំណុច​ខ្សោយ​មួយ​ដែល​ធ្វើ​ឲ្យ​បរាជ័យ​ ព្រោះ​សូម្បី​តែ​ខ្លួនឯង​មិន​ជឿជាក់​លើ​ខ្លួនឯង​ផង​ តើ​នរណា​អាច​ជឿជាក់​លើ​អ្នក​បាន៕

Facebook Comments

You may also like...

1 Response

Leave a Reply

Your email address will not be published. Required fields are marked *