ចំណុច​ ៩យ៉ាង ដាច់​ខាត​កុំ​ឲ្យ​មាន​ក្នុង​ប្រវត្តិរូប​ការងារ

ប្រវត្តិរូប​ការងារ (CV) ពិត​ជា​សំខាន់​បំផុត នៅ​ពេល​​ដាក់​ពាក្យ​ស្នើ​សុំ​ធ្វើ​ការ​នៅ​កន្លែង​ណា​មួយ ព្រោះ​អ្នក​រើស​បុគ្គលិក​នឹង​ពិនិត្យ​ដោយ​ល្អិត​ល្អិត មុន​ហៅ​ទៅ​សម្ភាស​ដោយ​ផ្ទាល់។ ដូច​នេះ ត្រូវ​សរសេរ​ប្រវត្តិរូប​ការងារ​ដោយ​ប្រុង​ប្រយ័ត្ន​បំផុត និង​ចៀស​វាង​កំហុស​មួយ​ចំនួន។ ​

១. កំហុស​វេយ្យាករណ៍ និង​អក្ខរាវិរុទ្ធ 

កំហុស​វេយ្យាករណ៍​ឫ​កំហុស​អក្ខរាវិរុទ្ធ​នៅ​ពេល​ដែល​បំ​ពេញ​បែបបទ​ការងារ​របស់​អ្នក ត្រូវ​ចៀស​វាង​ដាច់​ខាត ព្រោះ​វា​ក៏​អាច​ជា​ការ​វាយ​តម្លៃ​របស់​អ្នក​ពិនិត្យ CV ដែរ។ សូម​ធ្វើការ​យកចិត្តទុកដាក់​ក្នុង​ក្នុងការ​បំពេញ​។ ​ត្រូវ​ពិ​និត្យ​មើល​នូ​វ​អ្វី​ដែល​អ្នក​បំពេញ និង​អក្ខរាវិរុទ្ធ​។

​ ២. ចំណុច​ខុស​គ្នា​ច្រើន​ហួស​ប្រមាណ

ត្រូវ​ប្រាកដ​ថា ប្រវត្តិរូប​ការងារ​របស់​អ្នក​ប្រើ​ពុម្ព​អក្សរ​តែ​មួយ​ដូច​គ្នា និង​ប្រើ​ពណ៌​ខ្មៅ ព្រម​ទាំង​​ទំហំ​អក្សរ​​១២​។ កុំ​លេង​អក្សរ កុំ​លេង​ពណ៌ ឬ​ដាក់​ក្បាច់​ច្រើន នាំ​ឲ្យ​មើល​ទៅ​គ្មាន​សណ្ដាប់​ធ្នាប់ ព្រោះ​វា​មិន​អាច​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ទេ គឺ​វា​អាច​ធ្វើ​ឲ្យ​អ្នក​មើល​ធុញ​ទ្រាន់​ទៅ​វិញ។

​ ​៣. ព័ត៌មាន​ដែល​មិន​ទាក់ទង​នឹង​ប្រវត្តិរូប​ការងារ​របស់​អ្នក

​ ​នៅ​ពេល​ដែល​អ្នក​បំពេញ​ប្រវត្តិ​រូបការ​ងារ​របស់​អ្នក ត្រូវ​ប្រាកដ​ថា​ព័ត៌មាន​ដែល​អ្នក​បញ្ចូល​គឺ​មាន​ភាព​ស័ក្ដិសម​។ ប្រសិនបើ​អ្នក​បំពេញ​នូវ​ចំណុច​ដែល​គ្មាន​​ភាព​ស័ក្ដិសម ហើយ​មិន​ទាក់​ទង​ច្រើន​ហួស​ប្រមាណ ធ្វើ​ឲ្យ​អ្នក​ត្រួត​ពិនិត្យ​មិន​សប្បាយ​ចិត្ត​នឹង​មើល​ឡើយ។

​ ​៤. ការ​រៀបរាប់​នូវ​អ្វី​ដែល​គ្មាន​តម្លៃ

​នៅ​ពេល​ដែល​បំពេញបែបបទ​ការងារ​ ហើយ​គេ​ត​ម្រូ​វ​អោយ​អ្នក​ធ្វើការ​ពណ៌នា អ្នក​ត្រូវ​រៀបរាប់​ពី​អ្វី​ដែល​មើល​ទៅ​ចាប់​អារម្មណ៍ ដូច​ជា​​វិធី​សាស្ត្រ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​រីក​ចម្រើន ឬ​យុទ្ធសាស្ត្រ​អ្វី​មួយ​ដែល​អ្នក​គិត​ថា​មាន​ប្រយោជន៍។ កុំ​ចេះ​តែ​សរសេរ​តាម​នឹក​ឃើញ ព្រោះ​សរសេរ​ច្រើន​ពេក តែ​មិន​ចំ​ចំណុច​ក៏​គ្មាន​ន័យ​ដែរ។

​ ​៥. ជំនាញ​និង​បទពិសោធន៍​ដែល​មិន​ពាក់​​ព័ន្ធ



​ទៅ​បី​ជា​អ្នក​ជា​មនុស្ស​ពូកែ​ប៉ុណ្ណា​ក៏​ដោយ ក៏​មិន​ត្រូវ​ដាក់បញ្ចូល​នូវ​​ជំនាញ ឬ​បទពិសោធន៍​ដែល​មិន​ពាក់​ព័ន្ធ​ទៅ​ក្នុង​ប្រវត្តិរូប​ការងារ​របស់​​អ្នក​ដែរ។ ដូច​នេះ​ត្រូវ​ដក​ចេញ នូវ​​ជំ​នា​ញ​និង​បទពិសោធន៍​ការងារ​ដែល​មិន​ពាក់​ព័ន្ធ។ ​

៦. ក្លែង​បន្លំ​សមិទ្ធផល​របស់​ខ្លួន​ ​ គ្រប់​គ្នា​សុទ្ធតែ​មាន​សមិទ្ធផល​ក្នុង​អាជីព​ការងារ ឬ​រឿង​អ្វី​មួយ​នា​ពេល​កន្លង​មក គ្រាន់​តែ​ពេល​ខ្លះ​សមិទ្ធផល​នោះ​តូច ឬ​ធំ​ប៉ុណ្ណោះ។ ទោះ​បី​ជា​បី​ជា​គ្មាន​សមិទ្ធផល​អ្វី​ជា​ដុំ​កំភួន​ក៏​ដោយ គួរ​កុំ​ក្លែង​បន្លំ ឬ​អួត​ហួស​ប្រមាណ។ ​

៧. ទំព័រ​ទីពីរ​

​បើ​ទោះ​ជា​អ្នក​មាន​បទ​ពិសោធន៍​ការងារ​ជាង​៨​ឆ្នាំ​ក៏​​ដោយ សូម​ធ្វើ​ការ​ដាក់​បញ្ចូល​ប្រវត្តិរូប​ការងារ​របស់​អ្នក​នៅ​ក្នុង​ទំព័រ​តែមួយ​។​ ប្រសិនបើ​អ្នក​អាច​បំពេញ​នូវ​ព័ត៌មាន​សំខាន់ៗ​បាន​ក្នុង​មួយ​ទំព័រ​ គឺ​អ្នក​កំ​ពុង​បង្ហាញ​ដល់​អ្នក​​​ជ្រើសរើស​បុគ្គលិក​ថា ​អ្នក​គិតដល់​ពេលវេលា​របស់​ពួកគេ​និង​អ្នក​មាន​សមត្ថភាព​ក្នុង​ការ​សង្ខេប។

​៨. ព័ត៌មាន​ផ្ទាល់ខ្លួន​ច្រើន​ហួស​ប្រមាណ ​ ​រួមបញ្ចូល​នូ​វ​ព័ត៌មាន​សំ​ខាន់ៗ​នៅក្នុង​ប្រវត្តិរូប​ការងារ​របស់​អ្នក​។​ តើ​ព័ត៌មាន​អ្វី​ដែល​មាន​សារៈសំខាន់?​ឈ្មោះ​របស់​អ្នក លេខ​ទំនាក់ទំនង បទពិសោធន៍​ការងារ​ដែល​ពាក់​ព​ន្ធ័​និង​កម្រិត​អប់​រំ​។ ចៀស​វាង​ដាក់​ព័ត៌មាន​មិន​ចាំ​បាច់ ដូច​ជា​ស្ថានភាព​គ្រួសារ ឈ្មោះ និង​មុខ​របរ​ឪពុក​ម្ដាយ​ជា​ដើម។

​៩. បំពេញ​ព័ត​មាន​មិន​ពិត

​ ​ជៀសវាង​នូវ​ការ​កុហក​។ ត្រូវ​ប្រាកដ​ថា​អ្វី​ដែល​អ្នក​និយាយ​នៅ​លើ​ប្រវត្តិរូប​ការងារ​របស់​អ្នក​ដូចជា​បទពិសោធន៍​ការងារ ​ឫ​​​កម្រិត​អប់​រំ គឺ​ត្រូវ​មាន​ភាព​ពិតប្រាកដ​។​ ព្រោះថា​អ្នក​ជ្រើសរើស​បុគ្គលិក​ជារឿយៗ​ពូកែ​ខាង​ការ​រក​ឃើញ​ការ​កុហក​ ​។​ ត្រូវ​ចងចាំ​ថា​ការ​ផ្ដល់​នូវ​​ព័ត៌មាន​មិន​ពិត​ក្នុង​ប្រវត្តិរូប​ការងារ​ អាច​ត្រូវ​បាន​គេ​ដកចេញ​ក្នុង​ការ​​ផ្ដល់​ការងារ​ ឫ​ក៏​ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​តែម្ដង​៕ ​

ប្រភព៖ everjobs

Facebook Comments

You may also like...