សញ្ញា​សំខាន់ៗ នៃ​ជំងឺ​ស្រឺត៖ មិនហ៊ានគេងលក់ ព្រោះខ្លាចបេះដូងឈប់ដើរ!

មិនហ៊ានគេងលក់ ព្រោះខ្លាចបេះដូងឈប់ដើរ៖
ប្អូន រស្មី (ខ្ញុំប្រើឈ្មោះក្លែងក្លាយដើម្បីរក្សាការសំងាត់អ្នកជំងឺ) ភេទប្រុស អាយុ ៣៥ ឆ្នាំ បានចូលមកពិគ្រោះ ជំងឺជាមួយខ្ញុំដោយប្អូនមានអាការៈជាច្រើន ដូចជាគេងមិនលក់ បេះដូងលោតញាប់ ពិបាកដកដង្ហើម រោយកញ្ចឹងករ ឈឺក្បាល អាការៈភ័យៗ និង ស្ពឹកមុខស្ពឹកមាត់ជាដើម។ អាការៈទាំងនេះចាប់កើត មានខ្លាំងប្រហែល ៦ ទៅ ៧ អាទិត្យមកហើយ។

ប្អូនបាន រៀបរាប់ថា អាការៈបែបនេះ ចាប់ផ្តើមដំបូងកាលពីមួយឆ្នាំមុន គឺវាកើតមាននៅ ពេលដែល ប្អូនចូល កំសាន្តនៅកន្លែងការ៉ាអូខេមួយកន្លែង។ នៅពេលកំពុងតែច្រៀងកំសាន្ត ស្រាប់តែមិត្តភក្តិ របស់ប្អូន ដែលទៅជាមួយគ្នានោះមានជំងឺគាំងបេះដូង ហើយស្លាប់នៅក្នុងហាងនោះភ្លាមៗតែម្តង។ ការស្លាប់នេះ ធ្វើអោយប្អូនភ័យយ៉ាងខ្លាំង ប្អូនគេងមិនលក់ ញ័រទ្រូង ពិបាកដកដង្ហើម ជាពិសេស ប្អូនគិតថាប្អូនអាចនឹងស្លាប់ ដោយរោគគាំងបេះដូងដូចមិត្តភក្តិនោះដែរ។ អាការៈបែបនេះធ្វើអោយ ប្អូនខ្វល់ខ្វាយក្នុងចិត្តយ៉ាងខ្លាំង ដូច្នេះប្អូនក៍សំរេចចិត្តទៅពិគ្រោះជំងឺនៅផ្នែកជំងឺទូទៅ និង ជំងឺបេះដូងជាញឹកញាប់ (doctors shopping) តែជាលទ្ធផលប្អូនត្រូវបានពេទ្យប្រាប់ថាគឺអ្វីៗ ធម្មតាទាំងអស់ វាលើកលែងតែខ្វះជាតិកាល់ស្យូមក្នុងឈាមប៉ុណ្ណោះ។

ការបញ្ជាក់ថាប្អូនមិនមានជំងឺបេះដូងនេះ វាបានធ្វើអោយប្អូនបានធូរស្បើយក្នុងចិត្តបន្តិចដែរ ហើយ បានធ្វើអោយអារម្មណ៍ភិតភ័យខ្លាំងបានបាត់មួយរយៈ។ ប៉ុន្តែ ប្អូនហាក់ដូចជាមិនអាចរស់នៅ ដោយពឹងផ្អែកលើខ្លួនឯងបានទេ ប្អូនមិនអាចចូលកន្លែងដែលមានមនុស្សច្រើនបានទេព្រោះ វាធ្វើអោយប្អូនថប់ដង្ហើម ប្អូនមិនអាចនៅផ្ទះតែម្នាក់ឯងទេព្រោះប្អូនខ្លាចពេលមានបញ្ហាមិនស្រួល ក្នុងខ្លួននោះនឹងមិនអាចមាននណាអាចមកជួយសង្គ្រោះប្អូនទាន់ពេលឡើយ។ ពេលទៅណាមកណា ប្អូនត្រូវការមនុស្ស ដើរជាមួយដោយប្អូនគិតថាពួកគេអាចជួយទ្រប្អូនក្នុងករណីដែលប្អូនដួល។ ប្អូនត្រូវមានទឹកក្នុងដប និង ក្រូចឆ្មានៅជាប់ខ្លួន ព្រោះពេលប្អូនថប់ដង្ហើមប្អូនយកទឹកមកលប់មុខ និង ក្រូចឆ្នាមកញីនៅកញ្ចឹងករ ដែលប្អូនយល់ថាវាអាចធ្វើអោយប្អូនបានធូរស្បើយពេលបានធ្វើដូច្នេះ។ នៅពេលបាត់ធ្វើទុក្ខម្តងៗ ប្អូននៅមានអារម្មណ៍ភ័យព្រួយជាប់ជាប្រចាំ គឺព្រួយថាខ្លាចស្លាប់ ខ្លាចគ្មានអ្នកជួយទាន់ពេល ភ័យខ្លាចវង្វេងវង្វាន់ជាដើម។ មួយថ្ងៃៗប្អូនព្យាយាមកត់សំគាល់ តាមដានមើលក្រែងមានសញ្ញាអ្វីដែលអាចកើតឡើងលើដងខ្លួនដូចជាបេះដូងលោត ថប់ដង្ហើម តឹតនៅកញ្ចឹងករ… ប្អូននិយាយថាពេលខ្លះគ្រាន់តែរោមដៃបះ ក៍ប្អូនមានអារម្មណ៍គិតថានឹង មានគ្រោះអាសន្នអ្វីកើត មានដែរ។

ក្រោយពីស្តាប់ និងពិនិត្យឯកសារដែលប្អូនព្យាបាលពីមុនយ៉ាងយកចិត្តទុកដាក់មក ខ្ញុំបានពន្យល់ ប្អូនអំពីមូលហេតុនៃជំងឺ និង រោគវិនិច្ឆ័យនៃជំងឺផ្លូវចិត្តដែលប្អូនមាន និង បានអប់រំប្អូនយ៉ាងច្រើនអំពី វិធីដែលប្អូនត្រូវធ្វើដើម្បីជួយខ្លួនឯងនៅពេលមានបញ្ហាម្តងៗ។ ខ្ញុំបានអោយថ្នាំប្អូនញ៉ាំចំនួន ២ មុខ ប៉ុន្តែប្អូនហាក់ដូចជាអល់អែក មិនចង់ជឿដោយឃើញថ្នាំចំនួនតិចពេក។ ប្អូនបាននិយាយថា តាំងពីឈឺមក ប្អូនបានលេបថ្នាំពេទ្យអស់ប្រហែលមួយកេះហើយតែនៅមិនជា ដូច្នេះពេលខ្ញុំអោយ ថ្នាំលេបតែ ២ មុខ ប្អូនមិនមានសង្ឃឹមថានឹងអាចជាទេ។ ខ្ញុំក៍បានពន្យល់ប្អូនពីមុខងារនៃថ្នាំមួយមុខៗ អំពីផលវិបាក និង រយៈពេលដែលថ្នាំអាចចាប់ផ្តើមមានសកម្មភាព។ ខ្ញុំក៍ផ្តល់ឱកាសអោយប្អូនបាន សួរដេញដោលរាល់ចំងល់ទាំងឡាយដែលប្អូនមាន ទើបប្អូនញញឹមនឹងទទួលយល់ព្រម តាមការព្យាបាលរបស់ខ្ញុំយ៉ាងពេញចិត្ត។

ខ្ញុំនឹងជួបប្អូនម្តងទៀតនៅ ២ សប្តាហ៍ក្រោយ សូមជូនពរអោយប្អូនមានភាពប្រសើរឡើង។

វេជ្ជសាស្ត្រផ្លូវចិត្ត – បណ្ឌិត ឈឹម សុធារ៉ា
ចំណាំ៖ ការចុះផ្សាយអត្ថបទនេះគឺមានការយល់ព្រមពីអ្នកជំងឺ
ប្រភពពី៖ វេជ្ជសាស្ត្រផ្លូវចិត្ត – បណ្ឌិត ឈឹម សុធារ៉ា – Drs Chhim Sotheara

Facebook Comments

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *