ស្ត្រីមានផ្ទៃពោះទម្រង់កូនបញ្ច្រាស (កូនបញ្ច្រាសជើង)៖ តើគួរធ្វើដូចម្តេច?

មាតាបិតាគ្រប់រូប តែងរំពឹងប្រាថ្នាបុត្រធីតាឲ្យមានសុខភាពល្អ ដោយបានឆ្លងកាត់ការសម្រាលកូនដែលប្រកបដោយសុវត្ថិភាពទាំងម្តាយ និងកូន។ ម្តាយតែងតែមានការបារម្ភនៅពេលដែលគាត់ត្រៀមខ្លួនជិតដល់ពេលសម្រាល ជាពិសេសអ្នកដែលមានកូនទម្រង់បញ្ច្រាស និងមានចម្ងល់ជាច្រើនទាក់ទងនឹងបញ្ហានេះ។

ក) តើអ្វីទៅជាការសម្រាលកូនទម្រង់បញ្ច្រាស?
ការសម្រាលកូនទម្រង់បញ្ច្រាស ជាការសម្រាលកូនដោយផ្នែក ដែលកើតចេញមកមុនគេគឺជាទម្រង់គូទ ឬជើង ហើយផ្នែកក្បាលចេញមកក្រោយទៅវិញ។ ទម្រង់នេះមានពី ៣% ទៅ ៤% នៃស្ត្រីមានផ្ទៃពោះទាំងអស់។

ខ) តើមូលហេតុអ្វីបានជាកូនមានទម្រង់បញ្ច្រាស?
មូលហេតុទាំងនោះមានដូចជា៖
– កូនមិនគ្រប់ខែ
– កូនភ្លោះ
– កូនមិនគ្រប់លក្ខណៈ
– ទឹកភ្លោះមានច្រើនលើសលប់ ឬតិចតួច
– សុកពាំងមាត់ស្បូន
– ទងសុកខ្លី ឬទងសុករុំ ក
– ម្តាយមានដុំស្បូន ឬដុំដៃស្បូន
– ម្តាយធ្លាប់មានកូនច្រើនដងរួចហើយ
– ម្តាយមានឆ្អឹងត្រគាកមិនប្រក្រតី
– ករណីខ្លះគ្មានមូលហេតុ។

គ) តើធ្វើដូចម្តេចទើបដឹងថាកូននៅទម្រង់បញ្ច្រាស?
យើងអាចដឹងបានតាមរយៈ៖
– ការស្ទាបពោះម្តាយ
– ការស្តាប់បេះដូងកូនដែលស្ថិតនៅផ្នែកលើនៃផ្ចិតម្តាយ
– ការពិនិត្យអេកូសាស្ត្រ
– ការលូកមើលតាមមាត់ស្បូនម្តាយ ដែលអាចធ្វើឡើងនៅពេលដែលមាត់ស្បូនបើកបានធំបន្តិចហើយ

ឃ) តើស្ត្រីដែលមានទម្រង់កូនបញ្ច្រាសគួរធ្វើការវះកាត់ ឬអាចសម្រាលតាមធម្មជាតិបាន?
ស្ត្រីទាំងឡាយអាចធ្វើការសម្រាលតាមធម្មជាតិបានចំពោះទម្រង់កូនបញ្ច្រាសលុះត្រាតែ៖
– ម្តាយមានអាងត្រគាកទូលាយល្អ និងមិនធាត់ខ្លាំង
– ម្តាយមិនធ្លាប់ធ្វើការវះកាត់យកកូនពីមុន
– ម្តាយគ្មានជំងឺផ្ទាល់ខ្លួន ដែលមិនអាចប្រឹងក្នុងសម្រាលកូនបាន
– គ្មានសុកពាំងមាត់ស្បូន
– ម្តាយគ្មានបញ្ហាក្នុងការសម្រាលកូនមុនៗ
– កូនមានទំងន់ចន្លោះ 2500g ទៅ 3800g
– ក្បាលកូនមិនមានទំហំធំខ្លាំង និងមិនងើយ
– កូននៅក្នុងពោះមិនមានសញ្ញាថាខ្សោយ
– កូនមិនមែនមិនគ្រប់ខែខ្លាំង
– មិនមានការបែកទឹកភ្លោះមុនឈឺពោះសម្រាលរយៈពេលយូរ
– មានការយល់ព្រមអំពីម្តាយ និងក្រុមគ្រួសារក្នុងការសម្រាលកូនបញ្ច្រាសតាមបែបធម្មជាតិ

បញ្ជាក់៖ ក្រុមការងារឯកទេសជំនាញផ្នែកសម្ភព និងថែទាំទារកនៃមន្ទីរពេទ្យកាល់ម៉ែត ស្វាគមន៍និងត្រៀមរួចជាស្រេច ផ្តល់ជូនបន្ថែមអំពីព័ត៌មានលំអិតអំពីប្រធានបទនេះ ជូនដល់មាតាគ្រប់រូប នៅមន្ទីរពេទ្យកាល់ម៉ែតដោយផ្ទាល់។

«ការពិនិត្យផ្ទៃពោះឲ្យបានទៀតទាត់ និងត្រឹមត្រូវ គឺជាកត្តាចំបងដែលនាំមកនូវសុខភាពល្អដល់ម្តាយ និងទារក!»

ប្រភពពី៖ Calmette Hospital
Facebook Comments

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *