5 សញ្ញា​ដែល​បញ្ជាក់ថា អ្នកនាង​ភ្លេច​រូបគេ​ម្នាក់​នោះ​បាត់ទៅហើយ!!!​

ចង់ដឹង​មែន​ទេ​ថា អតីត​គូស្នេហ៍​ដែល​អ្នក​ធ្លាប់​ស្រឡាញ់​ខ្លាំង​បំផុត​នោះ តើ​ពេលនេះ អ្នក​បំភ្លេច​រូបគេ​បាន​មែន ហើយ​ឬ? ដើម្បី​ឱ្យដឹង​ច្បាស់ យើង​នាំគ្នា​មក​អាប់​ដេ​ត​អារម្មណ៍​ខាង​ផ្លូវចិត្ត​បន្តិច​មើល៍ថា តើ​ដំបៅ​ស្នេហ៍​កាលពីមុន​របស់​អ្នកនោះ វា​ជា​ដាច់​ហើយ​ឬ​នៅ?

1 . អ្នកនាង​ចាំ​លែង​បាន​ហើយ​ថា និយាយ​អំពី​គេ​ម្នាក់​នោះ​លើកចុងក្រោយ​បំផុត​នៅពេលណា

នៅពេល​ចប់​សម្ព័ន្ធភាព​ស្នេហ៍​ជាមួយគ្នា​ហើយ មនុស្ស​ជាច្រើន តែ​ស្ថិតក្នុង​អាការ​សោកសៅ​ខូចចិត្ត និង​នៅតែ​និយាយ​ដល់​គេ​ម្នាក់​នោះ​ឱ្យ​អ្នកដទៃ​ស្តាប់​ជា​ញឹកញាប់​ដដែល តែបើ​នៅពេលណា​ដែល​អ្នកនាង​លែង​សូវ​និយាយ​អំពី​គេ​ម្នាក់​នោះ ឬ​មិនបាន​និយាយ​ពី​ឈ្មោះ​គេ​សោះ យូរ​រហូតដល់​ចាំ​លែង​បាន​ថា និយាយ​លើកចុងក្រោយ​បំផុត​នៅពេលណា រហូត​មិត្ត​ភ័ក្តិ​របស់​អ្នកនាង​ត្រូវ​សួរថា អតីត​សង្សារ​របស់​ឯង​យ៉ាងម៉េច​ហើយ​នោះ ពេល​ហ្នឹង​ទើប​អ្នកនាង​នឹកឃើញ​ឡើង…បើជា​បែប​ហ្នឹង ក៏​សូម​សប្បាយចិត្ត​ទៅ​ចុះ ព្រោះ​មានន័យថា អ្នកនាង​បំភ្លេច​គេ​ម្នាក់​នោះបាន​ហើយ។

2 . អ្នកនាង​អាច​ញញឹម​ដាក់​គេ​បាន​ដោយ​គ្មាន​នឹកគិត​ដល់​រឿង​អ្វី​ទាំងអស់ នៅពេល​ចៃដន្យ​ជួប​មុខ​គ្នា

ស្ត្រី​ជាច្រើន​នាក់​ដែល​ជួប​មុខ​អតីត​សង្សារ​ដោយ​ចៃដន្យ មិន​ថា​គេ​មក​ជាមួយ​សង្សារ​ថ្មី ឬ​មក​តែម្នាក់ឯង​ក្តី ក៏​តែងតែមាន​អការ​ក្តៅ​មុខ​ក្តៅ​មាត់ភាយៗ មាន​អារម្មណ៍​ជ្រួលច្រាល ធ្វើ​អ្វី​មិនត្រូវ អ្នកខ្លះ​ដល់​ថ្នាក់​យំ​ហ៊ូ​ឡើង​តែម្តង​ក៏មាន តែបើ​ពេលណា​ដែល​អ្នកនាង​អាច​ញញឹម និង​សួរនាំ​គេ​បាន​យ៉ាង​ធម្មតា​ដោយ​មិន​បានគិត​ពីអ្វី​ទៀតហើយ​នោះ…បើជា​បែប​ហ្នឹង ក៏​សូម​សប្បាយចិត្ត​ទៅ​ចុះ ព្រោះ​មានន័យថា គេ​ម្នាក់​ហ្នឹង​លែង​នៅក្នុង​បេះដូង​របស់​អ្នកនាង​ទៀតហើយ។

3 . អ្នកនាង​លែង​មើលឃើញ​ពី​ភាពចាំបាច់​អ្វីដែល​នឹងត្រូវ​ទាក់ទង​គេ​ទៀតហើយ មិន​ថា​តាម​វិធី​ណាក៏ដោយ

ពេល​ចប់​គ្នា​ទៅហើយ ក៏​មិនបាន​មានការ​អាប់​ដេ​ត​ពី​ជីវិត​របស់​គ្នា​ទៅវិញទៅមក​ឱ្យបាន​ដឹង​ទៀត​ដែរ។ ការដែល​អ្នកនាង​មិន​ចង់​ចូលទៅ​ដឹងឮ​ពី​សកម្មភាព​របស់គេ ព្រោះតែ​មើលមិនឃើញ​ពី​ភាពចាំបាច់​អ្វី​ទាំងអស់ នោះ​គឺ​មានន័យថា អតីត​សង្សារ​របស់​អ្នកនាង​លែង​ស្ថិតក្នុង​ខ្សែ​ភ្នែក​អ្នកនាង​ទៀតហើយ​ហ្នឹងឯង។

4 . ពេល​គេ​ទូរស័ព្ទ​មក អ្នកនាង​នឹង​ចុច​ទទួល ក៏​លុះត្រា​ណា​តែ​ចំ​ពេលដែល​អ្នកនាង​ទំនេរ​សម្រាប់​ជជែក​មែនទែន​ប៉ុណ្ណោះ

ទោះជា​នៅ​លីវ ឬ​មិន​លីវ​ក៏ដោយ ក៏​អ្នកនាង​ត្រូវធ្វើ​ការធ្វើ​ងារ ត្រូវមាន​ភាព​ទទួលខុស​ត្រូវ និង​មានធុរៈ​ភារកិច្ច​ត្រូវ​ចាត់ការ​ជាច្រើន​ដែរ។ អតីត​សង្សារ​របស់​អ្នកនាង​ទូរស័ព្ទ​មក​មានរឿង​ប្រញាប់ ឬ​ទូរស័ព្ទ​មក​និយាយ​លេង ក៏ត្រូវ​តែ​ចំ​ពេលដែល​អ្នកនាង​ទំនេរ និង​ចង់​និយាយ​ជាមួយ​មែនទែន​ប៉ុណ្ណោះ ឬ​ជួនកាល​មិន​ចុច​ទទួល ហើយ​អ្នកនាង​ក៏​មិនបាន​នឹក​ចង់​ទូរស័ព្ទ​ទៅវិញ​ដែរ នេះ​គឺជា​បង្ហាញ​ឱ្យដឹងថា គេ​ម្នាក់​នោះ​លែង​ជា​មនុស្ស​សំខាន់​សម្រាប់​អ្នកនាង​តទៅទៀត​ហើយ (មានន័យថា អ្នកនាង​បំភ្លេច​រូបគេ​ម្នាក់​នោះបាន​យ៉ាង​ដាច់ខាត​ហើយ)។

5 . អ្នកនាង​រើ​ឃើញ​របស់​ដែល​គេ​ធ្លាប់​ជូន​អ្នកនាង ហើយ​អ្នកនាង​បោះ​វា​ចោល​យ៉ាង​គ្មាន​ស្តាយស្រណោះ

កាល​ពេល​នៅ​ជា​សង្សារ​នឹង​គ្នា វា​ត្រូវតែមាន​ទិញ​នោះ​ទិញ​នេះ​ឱ្យ​គ្នា​ខ្លះ​មិន​ខាន​ជា​រឿង​ធម្មតា តែ​បន្ទាប់ពី​ឈប់​ទាក់ទង​គ្នា​ហើយ វត្ថុ​ដែល​ធ្លាប់​មានគុណ​តម្លៃ​ខាង​បេះដូង​នោះ​ក៏​លែងមាន​អត្ថន័យ​តទៅទៀត អ្នកនាង​អាច​នឹង​មើល​វា​មួយ​ភ្លែត ហើយក៏​បោះ​វា​ចូលក្នុង​ធុងសំរាម ឬ​បរិ​ច្ចាគឱ្យ​អ្នកដទៃ​យ៉ាង​គ្មាន​ស្តាយស្រណោះ បែបនេះ ឡា​រ៉ែ​ន សូម​សម្តែង​សេចក្តីត្រេកអរ​ជាមួយ​អ្នកនាង​ផង​ចុះ ព្រោះ​អ្នកនាង​បំភ្លេចបាន​យ៉ាង 100 ភាគរយ​ហើយ៕

ដោយ ៖ អ្នកគ្រូ ឆវី

ប្រភពពី៖ Lareine
Facebook Comments

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *