តើគួរការពារខ្លួនបែបណាទើបមានសុវត្ថិភាព បើគ្រាប់បែកនុយក្លេអ៊ែរ ត្រូវបានទម្លាក់ ក្នុងតំបន់ដែលអ្នកកំពុងរស់នៅ?

ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង បានក្លាយជាប្រធានបទដ៏ក្តៅគគុក និងគួរឲ្យភ័យខ្លាច សម្រាប់មនុស្សគ្រប់ៗគ្នាជុំវិញពិភពលោក។

ថ្វីត្បិតស្ថានការណ៍ហាក់ដូចជាមិនសូវធ្ងន់ធ្ងរ និងស្ងប់ស្ងាត់ទៅវិញខ្លះក្តី ក៏នៅមានមនុស្សជាច្រើននៅតែមានការបារម្ភ ភ័យខ្លាចថា សង្រ្គាមអាវុធនុយក្លេអ៊ែរ អាចនឹងកើតមានឡើង។

ហេតុនេះយើងសង្ឃឹមថា អត្ថបទមួយនេះនឹងផ្តល់នូវចំណេះដឹងថ្មីមួយបន្ថែម អំពីកន្លែងដែលត្រូវជ្រកកោន និងលាក់ខ្លួនដើម្បីចៀសផុតពីសេចក្តីស្លាប់ ក្នុងករណីមានការវាយប្រហារដោយអាវុធនុយក្លេអ៊ែរក្នុងតំបន់ដែលអ្នករស់នៅ។

គួរបញ្ជាក់ផងដែរថា គ្រាប់បែកនុយក្លេអ៊ែរ ដែលផ្ទុះអាចបង្កជាពន្លឺចាំងពណ៌ស មួយពព្រិចភ្នែក ហើយជួនកាលពន្លឺនោះអាចចាំងរហូតដល់ខ្វាក់ភ្នែក ប្រសិនបើអ្នកស្ថិតនៅចម្ងាយ ៨០ គីឡូម៉ែត្រ ឬនៅកៀកជិតនឹងកន្លែងដែលផ្ទុះនោះ។ ប្រសិនបើពន្លឺចាំងនោះ រសាត់បាត់ហើយអ្នកនៅមានជីវិតរស់រាន សូមអ្នកប្រញាប់ស្វែងរកកន្លែងសុវត្ថិភាព ដើម្បីចៀសផុតពីឥទ្ធិពលវិទ្យុសកម្មជាបន្ទាន់។

អ្នកស្រាវជ្រាវឈ្មោះ Michael Dillon ពីមន្ទីរពិសោធន៍ជាតិ Lawrence Livermore National Laboratory បានសរសេររបាយការណ៍មួយ ដែលផ្តល់អនុសាសន៍ ដល់អ្នកដែលស្ថិតនៅតំបន់វាយប្រហារដោយអាវុធនុយក្លេអ៊ែរ ឲ្យលាក់ខ្លួនក្នុងអាគារដែលរឹងមាំ មានជញ្ជាំងក្រាស់ៗតាមដែលអាចធ្វើបាន។ និយាយរួមគឺកាន់តែក្រាស់ កាន់តែល្អ!

ឧទាហរណ៍ដូចជាសំណង់ដែលសាងសង់ឡើងដោយឥដ្ឋ និងបេតុង មិនសូវមានបង្អួច មានបន្ទប់ក្រោមដី ឬមានបន្ទប់នៅក្រោម បន្ទប់ក្រោមដីមួយជាន់ទៀត សុទ្ធតែជាជម្រើសល្អបំផុត ដោយសារជម្រកលាក់ខ្លួនទាំងនេះ អាចឲ្យអ្នកទទួលរងពី ឥទ្ធិពលវិទ្យុសកម្មត្រឹម ១/២០០ ប៉ុណ្ណោះ។ 

អ្វីដែលសំខាន់គឺ ផ្ទះឈើ ឬផ្ទះតូច មានតែមួយជាន់ មិនអាចការពារអ្នកពីចំហាយវិទ្យុសកម្មបានល្អ ដូចជាអគារជញ្ជាំងក្រាស់ៗនោះទេ។ លោក Dillon ក៏បានផ្តល់អនុសាសសន៍ ឲ្យអ្នកទាំងនោះផ្លាស់ប្តូរទីតាំង ទៅកន្លែងដែលមានសុវត្ថិភាពជាងនេះ តាមដែលអាចធ្វើបាន។ ប្រសិនបើអ្នកអាចរត់យ៉ាងលឿន ទៅកន្លែងលាក់ខ្លួន ដែលជាអគារមានជញ្ជាំងក្រាស់ ដោយរង់ចាំចំហាយវិទ្យុសកម្មត្រឹមរយៈពេល ៥ នាទីនោះ អ្នកត្រូវតែសម្រេចចិត្តរត់ចេញពីផ្ទះឈើ ឬផ្ទះតូចភ្លាម។ ប៉ុន្តែប្រសិនបើប្រើពេលយូរជាងនេះ ឬលើសពី ១៥ នាទី សូមអ្នកកុំចេញទៅណាឲ្យសោះ ឲ្យបានរយៈពេល ១ ម៉ោងសឹមរត់ចេញមក ពីព្រោះចំហាយវិទ្យុសកម្ម នឹងអាចកាត់បន្ថយឥទ្ធិពល មកលើរាងកាយអ្នកបានខ្លះ។

នៅពេលដែលអ្នកមកដល់ទីកន្លែងសុវត្ថិភាព ដែលមានជញ្ជាំងក្រាស់ហើយ សូមអ្នកនៅឲ្យឆ្ងាយពីទ្វារ និងបង្អួច និងសម្អាតខ្លួនប្រាណរបស់អ្នក ដោយប្រើក្រណាត់សើម ព្រមទាំងយកសម្លៀកបំពាក់ដែលរងចំហាយវិទ្យុសកម្ម ច្រកថង់ចងមាត់ឲ្យជិត រួចយកវាទៅចោលឲ្យឆ្ងាយពីគេឯង។ រីឯពេលងូតទឹកវិញ អ្នកអាចប្រើសាប៊ូដុសខ្លួន និងសាប៊ូកក់សក់បាន ដោយមិនត្រូវអេះ ឬខ្វាចសាច់ឲ្យដាច់រហែកឡើយ ជាពិសេស មិនអាចប្រើសាប៊ូបន្ទន់សក់ទេ ពីព្រោះវាអាចទាញយក សារធាតុវិទ្យុសកម្មមកជាប់នឹងសក់របស់អ្នកបាន។ បន្ទាប់ពីសម្អាតខ្លួនហើយ អ្នកត្រូវដកដង្ហើមចេញឲ្យខ្លាំងៗដើម្បីសម្អាតច្រមុះ ព្រមទាំងជូតត្របកភ្នែក រោមភ្នែក និងត្រចៀកឲ្យបានស្អាតផង។

ជាចុងក្រោយគឺ អ្នកអាចផឹកបានតែទឹកដប (ទឹកបរិសុទ្ធ) និងអាហារស្រាប់ អាហារកំប៉ុង ឬអាហារដែលមានប្រអប់ការពារត្រឹមត្រូវប៉ុណ្ណោះ រហូតទាល់តែមានក្រុមអ្នកជួយសង្រ្គោះទៅទទួលអ្នក។ ទន្ទឹមនឹងនោះដែរ អ្នកគួរមានវិទ្យុសម្រាប់តាមដានស្តាប់ព័ត៌មានឲ្យទាន់ហេតុការណ៍ ដើម្បីស្វែងរកជំនួយ និងការពិនិត្យព្យាបាល ទាន់ពេលវេលា៕

ប្រភព : lifehacker

Facebook Comments

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *