ជឿទេ ម្ដាយ​គឺ​ជា​ស្ត្រី​ដ៏​អាក្រក់​ម្នាក់?

ម្ដាយ​នឹង​មាន​ឈ្មោះ​ជា​មនុស្ស​អាក្រក់​លើក​ដំបូង​ចាប់​តាំង​ពី​ពេល​ដែល​កូន​កើត​ចេញ​មក។​ ឪពុក​ប្រហែល​ជា​រំខាន​ដោយ​សារ​សម្រែក​កូន​យំ​មិន​ព្រម​គេង។​

មក​ពី​ម្ដាយ​មិន​បាន​នៅ​ជិត​កូន​! អញ្ចឹង​ម្ដាយ​​ត្រូវ​​ទៅ​ជិត​ ហើយ​យក​កូន​ទៅ​គេង​នៅ​បន្ទប់​ផ្សេង​កុំ​ឲ្យ​រំខាន​ប្ដី។​ ពេល​ឮ​សំឡេង​អី​បន្តិច​ ម្ដាយ​ភ្ញាក់​ ស្ទុះ​ទៅ​មើល​កូន​ព្រោះ​ខ្លាច​កូន​យំ​។

ពេល​ជីដូនជីតា​មក​លេង​ ពួក​គាត់​ថា​ម្ដាយ​មិន​បាន​បញ្ចុក​កូន​ឲ្យ​គ្រប់​គ្រាន់​ មិន​​បាន​បញ្ចុក​តាម​ពេល​កំណត់​ មិន​លេង​ជាមួយ​កូន​ មិន​ស្រឡាញ់​កូន​ មិន​ប្រដៅ​កូន​….. គ្រប់​យ៉ាង​គឺ​ខុស​ទាំង​អស់។ បន្ទាប់​ពី​នោះ​ សាច់ញាតិ ឬអ្នក​ជិត​ខាង​ក៏​មក​លេង​។​ ដំបូន្មាន​ក៏​ចាប់​ផ្ដើម​ហូរ​មក​៖ ម៉េច​ក៏​បញ្ចុក​កូន​អញ្ចឹង​ ម៉េច​​ឲ្យ​កូន​ដេក​​បែប​ហ្នឹង ចង់​សម្លាប់​កូន​មែន….?

ពេល​កូន​លេង​ជាមួយ​អ្នក​ផ្សេង​ ម្ដាយ​ចាំ​មើល​ដោយ​ប្រុង​ប្រយ័ត្ន​ខ្លាច​រំខាន​គេ​ ហើយ​ត្រៀម​ខ្លួន​ជានិច្ច​ដើម្បី​ទាញ​កូន​ចេញ​បើ​មាន​រឿង​អ្វី​ធ្វើ​ឲ្យ​គេ​​រំខាន​​។​

​ពេល​មាន​អ្នក​អាច​ទុក​ចិត្ត​បាន​ជួយ​មើល​កូន​​មួយ​ភ្លែត​ៗ​ម្ដាយ​អរ​ណាស់។ ​មិន​មែន​គាត់​ទៅ​​សម្រាក​ទេ តែ​ត្រូវ​ឆ្លៀត​ពេល​បន្តិច​ទៅ​បញ្ចប់​ការងារ​​ឲ្យ​ហើយ។​ ដល់​កូន​មាន​គ្រោះ​ថ្នាក់​ ឪពុក​ចាប់​ផ្ដើម​ឡូឡា​៖ ម៉េច​មិន​មើល​កូន​? ម៉េច​បាន​បណ្ដោយ​ឲ្យ​វា​មុត​ដៃ?….

ពេល​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​ហើយ​កូន​យំ​ មនុស្ស​គ្រប់​គ្នា​ចាប់​ផ្ដើម​សម្លឹង​ទៅ​ម្ដាយ។៖ ម៉េច​បាន​បណ្ដោយ​ឲ្យ​កូន​យំ? ម៉េច​មិន​លួង​កូន? ហើយ​បើ​ដឹង​ថា​មាន​កូន​តូច​ពិបាក​ចឹង​​មក​ធ្វើ​អី?….​

​ ពេល​​កូន​ចូល​រៀន​​ ងារ​ជា​ស្ត្រី​មាន​កំហុស​ក៏​មិន​ទាន់​បញ្ចប់​ដែរ។ គាត់​នឹង​ត្រូវ​បាន​គេ​ប្រាប់​ឲ្យ​​ចំណាយ​ពេល​បន្ថែម​នៅ​ជាមួយ​កូន​ផង!​ ជួយ​ធ្វើ​ការងារ​គ្រូ​ដាក់​ឲ្យ​ផង​! ត្រូវ​អប់រំ​ចរិត​កូន​ឲ្យ​ល្អ​ផង! ត្រូវ​គ្រប់គ្រង​កូន​ឲ្យ​ល្អ​ផង។ ពេល​ប្រឡង​បញ្ចប់​មិន​ជាប់​ ​ឬ​រក​ការងារ​មិន​បាន​ធ្វើ​ វា​​ជា​កំហុស​របស់​ម្ដាយ​​ដែល​បរាជ័យ​ក្នុង​ការ​​អប់​រំ​គេ។​ ឪពុក​ក៏​តាំង​និយាយ​​៖ ព្រោះ​តែ​​ម្ដាយ​ហ្នឹង​ប៉ិន​អាណិត​កូន​ពេក​បាន​ជា​វា​ខូច​​​ ​ប្រឡង​មិន​ជាប់។​ បន្ទាប់​​ពី​ប្ដី​ ដល់​វេន​ជីដូនជីតា​ម្ដង​……។​

ជីវិត​ជា​រឿង​លំបាក​មួយ​សម្រាប់​ម្ដាយ​គ្រប់រូប។ គាត់​មិន​មែន​ជា​ទេវតា​ទេ​។​ គាត់​មិន​មែន​ចេះ​គ្រប់សព្វ​ទេ​ តែ​គាត់​ជា​មនុស្ស​អត់ធ្មត់​ មាន​មេត្តា​ ចេះ​សន្ដោស​ ចេះ​ដោះ​ស្រាយ​បញ្ហា​ និង​​ចេះ​ធ្វើ​ការ​សម្រេច​ចិត្ត​បាន​សមស្រប។​

ម៉ែ​ទទួល​​កំហុស​​ទាំង​នេះ​ដោយសារ​តែ​​គាត់​ព្យាយាម​​ធ្វើ​​ឲ្យ​​មនុស្ស​ដែល​គាត់​ស្រឡាញ់​បំផុត​ក្លាយ​ជា​មនុស្ស​ល្អ​។​ ​​ត្រូវ​ចាំ​ថា ​គ្មាន​នរណា​ល្អ​ឥត​ខ្ចោះ​ទេ។​ ​ ការ​ស្ដី​បន្ទោស​ខ្លួន​ឯង​​របស់​គាត់​វា​គ្រប់​គ្រាន់​ហើយ​ ព្រោះ​ថា​គាត់​ជា​មនុស្ស​ម្នាក់​ដែល​ធ្វើ​ការងារ​ដ៏​លំបាក​បំផុត​ មាន​តម្លៃ​បំផុត និង​ចំណាយ​ពេល​យូរ​បំផុត​​ តែ​មិន​ទទួល​បាន​​ប្រាក់​ខែ​ មិន​បាន​ពាក្យ​ថា​អរគុណ​ គ្មាន​ពាក្យ​សរសើរ​ ហើយ​ក៏​គ្មាន​ប្រាក់​លើក​ទឹក​ចិត្ត​ដែរ។​

​អ្នក​មិន​ចាំ​បាច់​ត្រូវ​ទៅ​ចំណាយ​អ្វី​ទេ​ គ្រាន់​តែ​​ពេល​​ស្ត្រី​ម្នាក់​នោះ​ពិបាក​ចិត្ត​ ត្រូវ​នៅ​ជិត​គាត់​​ ពេល​ស្ត្រី​ម្នាក់​នោះ​យំ​ ត្រូវ​អោប​គាត់​ ហើយ​និយាយ​ថា​ “កូន​ស្រឡាញ់​ម៉ែ”

ប្រភពអត្ថបទពី៖ Kanha.sabay.com.kh
ប្រភព៖ Brightside ប្រែ​សម្រួល៖ Chhai Yarith

Facebook Comments

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *