តើ​អ្នក​កើត​ម៉ោង​ណា ហើយ​ត្រូវ​បាន​ទស្សន៍ទាយ​តាម​ក្បួន​ឥណ្ឌា​ថា​យ៉ាង​ដូច​ម្តេច?

តើ​អ្នក​កើត​ក្នុង​ម៉ោង​មួយ​ណា? តើ​លោក​អ្នក​ដឹង​ទេ​ ម៉ោង​កំណើត​ក៏​អាច​បញ្ជាក់​ពី​បុគ្គលិក​លក្ខណៈ របស់​អ្នក​បាន​ដែរ? យោង​តាម​ការ​បក​ស្រាយ​របស់​គេហទំព័រ​ហោរាសាស្រ្ត ឥណ្ឌា INDUSLADIES បាន​បញ្ជាក់​ថា ម៉ោង​កំណើត​ ត្រូវ​បា​នបែង​ចែក​ជា​១២ (ដប់ពីរ) ប៉ុណ្ណោះ ដោយ​មិន​គិត ពីថ្ងៃ ឬក៏យប់ ឡើយ គឺឧទាហរណ៍​ ចំណុច ៧ គឺ អ្នក​កើត​ម៉ោងប្រាំពីរ គឺ​មាន​ន័យ​ថា ៧ព្រឹក (7am) ក៏បាន ឬក៏ ៧យប់​ (7pm) ក៏​បាន ។ សូម​តាម​ដាន​ការ​ទស្សន៍​ទាយ​ដូច​ខាង​ក្រោម៖

១.អ្នកកើតម៉ោងមួយ

ជាប្រភេទមនុស្សចូលចិត្តជជែកច្រើន ទៅកាន់មនុស្សដែលមានចិត្តស្រលាញ់មកលើខ្លួន ។ គេជាមនុស្សមានតម្លាភាព មិនងាយខឹង ចូលចិត្តបង្កើនមិត្ត មានគំនិតច្រើន ពូកែសម្រេចចិត្ត ចូលចិត្តដើរលំហែរ យុត្តិធម៌ មានទំនុកចិត្តខ្ពស់ ងាយនឹងមានការព្រួយបារម្ភចំពោះសាច់​ញាតិ ឬមនុស្សដែលខ្លួនស្រលាញ់ ស្រលាញ់កូន (ពេលមានកូន) មិនចូលចិត្តកុហក និង អត់ចេះច្រណែនគេឯងឡើយ ។ មនុស្សនេះមិនងាយឈឺ ទោះជាឈឺក៏១ថ្ងៃ ២ថ្ងៃ ជាវិញហើយ ។ គេជាប្រភេទមនុស្សសុបន្តិទាំងថ្ងៃ និងងាយរងគ្រោះក្នុងរឿងស្នេហា ។

២.អ្នកកើតម៉ោងពីរ

ជាប្រភេទមនុស្សពោពេញដោយគំនិត ពិបាកយល់ គិតវែងឆ្ងាយ មានគំនិតសុទ្ធតែល្អៗ និងចេះវិភាគវែកញែកបានល្អ ។ មនុស្សកើតម៉ោងនេះ តែមានអាថ៌កំបាំងផ្ទាល់ខ្លួន មិនចង់ឲ្យគេដឹង ប៉ុន្តែចូលចិត្តជីកឬស ជីកគល់ រឿងអ្នកដទៃណាស់ ។ គេជាមនុស្សគិតធ្វើអ្វី ធ្វើហ្នឹង ហើយ សម្រេចចិត្តបានលឿន និងត្រឹមត្រូវ ។ ទន្ទឹមនឹងនេះផងដែរ គេក៏ជាមនុស្ស ចូលចិត្តនៅតែឯង គិតតែឯង មិនងាយបោះបង់គោលដៅចោល មានសមត្ថភាពខ្ពស់​ ឧស្សាហ៍ ពូកែច្នៃប្រឌិត មិនទោទន់ទៅលើការសរសើររបស់អ្នកដទៃ ពូកែរកវិធីអភិវឌ្ឍខ្លួនឯងឲ្យជោគជ័យ និងជាមនុស្សដែលមានតម្លៃគួរជាទីទុកចិត្តរបស់អ្នកផងទាំងពួង ។ មនុស្សប្រភេទនេះ មិនសូវចេះឈឺ ហើយជាប្រភេទមនុស្សម៉្យាងដែលទៅណាចោលផ្ទះមិនបានយូរ ព្រោះស្រលាញ់ ផ្ទះជាងទីកន្លែងដទៃ ។ ចំពោះស្នេហាវិញមនុស្សនេះ គឺរ៉ូមែនទិច ប៉ុន្តែមានទំនាក់ទំនង មិនសូវជាប្រាកដប្រជាសោះ ព្រោះគេមិនអាចគ្រប់គ្រងអារម្មណ៍ស្នេហ៍របស់ខ្លួនបាន ។

៣.អ្នកកើតម៉ោងបី

ជាប្រភេទមនុស្សស្មោះត្រង់ និង សប្បុរសធម៌ ចូលចិត្តសិចស៊ី តែមិនសូវហ៊ាន ។ គេរមែងមានភាពសកម្មខ្លាំងណាស់ចំពោះការងារ ទំនាក់ទំនង និង ហ្គេម ។ ទោះជាយ៉ាងណា គេក៏ជាមនុស្សម្នាក់ដែលមានមហិច្ឆតាខ្ពស់ មានឥទ្ធិពល កំប្លែង ចូលចិត្តសង្គម ចូលចិត្តគេសរសើរ ចូលចិត្តការយកចិត្តទុកដាក់ក្នុងរឿងស្នេហា ពោលគឺស្រលាញ់គេ គឺចង់ឲ្យគេស្រលាញ់វិញ ហើយគេក៏ជាមនុស្សមិនចេះពុតត្បុត លាក់លៀម និងផ្លាស់ប្តូរលឿនៗដែរ ។ គេជាមនុស្សដែលពូកែខឹង តែឆាប់បាត់ មានមោទនភាពលើខ្លួនឯងជាខ្លាំង ស្អប់ភាពតឹងរឹង រឹតត្បិតលើសេរីភាពរបស់គេ ចូលចិត្តភាពកំប្លុកកំប្លែង ហើយគេក៏មនុស្សពូកែលេងសើច តែមានហេតុផលត្រឹមត្រូវ ។ មនុស្សនេះធន់នឹងជម្ងឺណាស់ ឈឺល្មមៗមើលទៅដូចអត់ឈឺ ។

៤.អ្នកកើតម៉ោងបួន

ជាប្រភេទមនុស្សរឹងរូស ពិបាកយល់ចិត្ដ មានមហិច្ឆតាខ្លាំង និងចូលចិត្តបង្រៀនគេ ហើយឲ្យគេបង្រៀនវិញ។ មនុស្សនេះតែងតែសម្លឹងមើលគុណវិបត្តិ និងភាពទន់ខ្សោយរបស់អ្នកដទៃជានិច្ច ដើម្បីយកមកកែខៃ រិះគន់ ដើម្បីស្ថាបនាខ្លួនឯង ទន្ទឹមនឹងនេះផងដែរ គេជាមនសុ្សដែលមានរបៀបរៀបរយ និងមានរៀបចំល្អ ហើយមានគំនិតជ្រៅជ្រះ ។ មនុស្សប្រភេទនេះ មិនងាយឈឺជម្ងឺផ្តេសផ្តាសទេ ក្រៅអំពី ផ្តាសសាយ និងជម្ងឺពាក់ព័ន្ធនឹងពោះវៀន ។ ប្រសិនបើជាមនុស្សស្រីកើតម៉ោងនេះវិញ គឺមានភាពរ៉ូមែនទិច ប៉ុន្តែអៀនខ្មាស់មិនសូវហ៊ានបង្ហាញ និង មានសមត្ថភាពពិសេសខាងផ្នែកទំនាក់ទំនងក្នុងសង្គម ប៉ុន្តែទោះយ៉ាងណាគេមានភាពប្រយ័ត្នប្រយ៉ែងជាខ្លាំងខាងផ្នែកលុយកាក់ ។

៥.អ្នកកើតម៉ោងប្រាំ

ជាប្រភេទមនុស្សមានគំនិតអរូបី ស្រឡាញ់ការពិត និង ភាពអរូបី ឈ្លាសវៃ មានបុគ្គលិកលក្ខណៈគួរឱ្យទាក់ទាញ សិចស៊ី ឆេវឆាវ ស្ងប់ស្ងាត់ ខ្មាស់អៀនច្រើន និង សុភាព ។ មនុស្សកើតម៉ោងនេះ មានភាពស្មោះត្រង់ជាដើមទុនតាំងពីកំណើត និងមានការប្តេជ្ញាចិត្តដើម្បីសម្រេចគោលដៅរបស់ខ្លួនជានិច្ច ។ គេជាមនុស្សស្រឡាញ់សេរីភាព និងស្អប់ការរឹតត្បិតសេរីភាព ហើយថែមទាំង មិនចូលចិត្តរឿងអ្វីដែលឥតប្រយោជន៍។ ទន្ទឹមនឹងនេះផងដែរគេ ជាប្រភេទមនុស្សល្អម្នាក់ដែលស្រឡាញ់មិត្តភក្តិជាខ្លាំង ប៉ុន្តែកម្រនឹងបង្ហាញវាចេញមកក្រៅ។ មនុស្សនេះហ៊ានប្រថុយសព្វគ្រប់បែបយ៉ាង ដើម្បីទទួលបានជោគជ័យក្នុងជីវិតរបស់គេ ។

៦.អ្នកកើតម៉ោងប្រាំមួយ

ជាប្រភេទមនុស្ស ស្អាត សង្ហារ សិចស៊ី គួរឱ្យទាក់ទាញ ពូកែអៀនខ្មាស់ ពូកែស្រគត់ស្រគុំមានអាថ៌កំបាំងច្រើន ។ ប៉ុន្តែទោះជាយ៉ាងណា មនុស្សនេះមានភាពស្មោះត្រង់ និងសប្បុរស ធម៌តាំងពីកំណើតមកម្ល៉េះ ហើយគេជាមនុស្សស្រឡាញ់សន្តិភាព និងភាពស្ងប់ស្ងាត់ និង មិនចេះប្រកាន់ខ្លួនតូច ឬធំទេ ។ គ្រប់ពេលគេជាមនុស្សចូលចិត្តយកអាសារអ្នកដទៃ ប៉ុន្តែ ឆាប់ខឹងបន្តិច ទោះជាបែបនេះ គេនៅតែជាប្រភេទមនុស្សជំពូកលើ ដែលគួរឲ្យទុកចិត្តបាន ។ ចំពោះគ្រួសារ បងប្អូន សាច់ញាតិវិញ គេជាមនុស្ស កតញ្ញូ និងគួរឲ្យរាប់អានបំផុត។ គេចូលចិត្តសង្កេត និងវាយតម្លៃអ្នកដទៃ ហើយបើអ្នកណាធ្វើអាក្រក់ដាក់គេ គេក៏ពូកែសងសឹក ទៅវិញភ្លាមៗដែរ ប៉ុន្តែមនុស្សនេះមិនចេះគុំយូរទេ ។ កំណើតមនុស្សម៉ោងនេះ គឺមានទេពកោសល្យ ពីធម្មជាតិដូចជា ពូកែជ្រើសរើសដៃគូជីវិត ពូកែតន្ត្រី ពូកែច្នៃប្រឌិត និងពូកែធ្វើអ្វី ដែលគេមិនអាចធ្វើបាន ។ ប៉ុន្តែមនុស្សនេះជាប្រភេទមនុស្សរៀងប្រើអារម្មណ៍បន្តិចហើយ ។

by: Moha Sneha

៧.អ្នកកើតម៉ោងប្រាំពីរ

ជាប្រភេទមនុស្សសកម្ម និងក្លៀវក្លា ចូលចិត្តសម្រេចចិត្តលឿន ប៉ុន្តែស្តាយក្រោយក៏លឿន ។ គេជាមនុស្សដែលស្រលាញ់ខ្លួនឯង ហើយសម្លឹងមើលគេថាមិនដល់ខ្លួន ។ មនុស្សកើតម៉ោងនេះ មានប្រាជ្ញាខ្លាំង រួសរាយរាក់ទាក់ ពូកែដោះស្រាយបញ្ហា និងពូកែភាសាការទូត ។ គេចូលចិត្តជួយសម្រាលទុក្ខរបស់មិត្តភ័ក្ត និងមនុស្សជុំវិញខ្លួនគេ ដោយសេចក្តីក្លាហាន និងមិនភ័យខ្លាចឡើយ។ គេនិយមការផ្សងព្រេង និងការអភិរក្ស ។ ជម្ងឺដែលគេជួបជាញឹកញាប់គឺ ផ្នែក ក្បាល និង ទ្រូង ។ ទន្ទឹមនឹងនេះ គេជាមនុស្សមានការចងចាំល្អ ចូលចិត្តសិចស៊ី តែមិនលើស លប់ ពោលសមនឹងភ្នែកអ្នកផងទាំងពួង ។

៨.អ្នកកើតម៉ោងប្រាំបី

ជាប្រភេទមនុស្សចិត្តល្អ តែរឹងរូស និងមិនងាយចុះញ៉ម ។ អ្នកកើតម៉ោងនេះ មានឆន្ទះមួសមុត គំនិតល្អិតល្អន់ និងងាយខឹងជាទីបំផុត ។ គេជាមនុស្សគួរជាទីទាក់ទាញ និងជាទីស្រលាញ់ ចំពោះអ្នកដទៃ ព្រោះគេមានគំនិតជ្រៅជ្រះ ។ ហេតុនេះគេជាមនុស្សម្នាក់ដែលប្រកាន់ជំហរ របស់ខ្លួនជានិច្ច ។ ទន្ទឹមនឹងនេះផងដែរ គេមនុស្សស្រលាញ់ក្តីសុបិន្ត មានការយល់ដឹងច្រើន ស្រលាញ់សិល្បះ និងអក្សរសាស្រ្ត ចូលចិត្តការធ្វើដំណើរកំសាន្តជាជាងនៅតែផ្ទះ ។ ម៉្យាងទៀតនោះ គេក៏ជាប្រភេទមនុស្សតស៊ូ អង់អាច និងឧស្សាហ៍ព្យាយាមក្នុងជីវិតណាស់ ។ ជម្ងឺដែលគេតែងតែជួបប្រទះ គឺពាក់ព័ន្ធ នឹងត្រចៀក និង ក ហើយគេជាមនុស្សដែល មិនមានកូនច្រើនទេ ។

៩.អ្នកកើតម៉ោងប្រាំបួន

ជាប្រភេទមនុស្សគិតគូរវែងឆ្ងាយ ជាមួយនឹងទស្សនៈត្រឹមត្រូវមួយ ងាយនឹងទទួលផលអាក្រក់ចេញពីអំពើល្អរបស់ខ្លួន តែទោះយ៉ាងណា គេនៅតែជាមនុស្សម្នាក់ដែល មិនក្រអឺត ក្រទម និយាយសើៗ មានគំនិតច្រើន មានគំនិតរស់រវើក ស្អប់ការយឺតយ៉ាវ កំប្លុកកំប្លែង និយាយច្រើន រួសរាយរាក់ទាក់ ចេះគោរពចាស់ទុំ ចូលចិត្តទុយនុយស្អាតបាត ងាយនឹងធុញ ងាយនឹងអផ្សុក រឹងរូសម្តងម្កាល ចូលចិត្តគិតពីអ្វីដែលថ្មីហើយទំនើប សុបិន្តច្រើន និង មានជំនាញពិសេសខាងតស៊ូមតិ។ ជម្ងឺដែលគេឧស្សាហ៍ជួបជាញឹកញាប់គឺ ផ្តាសសាយ ។

by: Moha Sneha

១០.អ្នកកើតម៉ោងដប់

ជាប្រភេទមនុស្សគួរឲ្យចង់សើច និងធ្វើឲ្យគេមិនងាយយល់ពីចិត្ត តាំងពីកំណើត ។ គេជាមនុស្សស្ងប់ស្ងាត់ លុះត្រាតែមានការរំភើបអ្វីមួយកើតឡើងដល់គេ ។ គេចូលចិត្តចំណាយពេលមោទនភាពទៅលើខ្លួនឯង ជាជាងអ្នកដទៃ ។ គេមនុស្សមានកេរ្តិ៍ឈ្មោះ ប៉ុន្តែងាយស្រួលឲ្យគេលួងលោមប្រើមែនទែន ។ ពីធម្មជាតិគេមានភាពស្មោះត្រង់ ការព្រួយបារម្ភអំពីអារម្មណ៍អ្នកដទៃ ព្រោះខ្លាចថាធ្វើឱ្យគេទាស់ចិត្ដ ។ មនុស្សនេះមានជំនាញពិសេសខាងដឹក នាំមនុស្ស បង្ហាត់បង្រៀនមនុស្ស ដោយប្រុងប្រយ័ត្ន ។ គេស្រលាញ់មនុស្សស្មើៗគ្នា មិនលម្អៀងចិត្តឡើយ ។ ជម្ងឺដែលគេងាយនឹងជួបប្រទះគឺពាក់ព័ន្ធនឹងក្រពះ ។ ចំពោះស្នេហា គេងាយនឹងរងគ្រោះ ឈឺចាប់ ហើយត្រូវប្រើពេលវេលាច្រើនដើម្បីព្យាបាលឲ្យសះវិញ ។

១១.អ្នកកើតម៉ោងដប់មួយ

ជាប្រភេទមនុស្សចូលចិត្តកំប្លែង ហើយគេជាមនុស្សដែលគួរឲ្យទាក់ទាញ ពូកែប្រុងប្រយ័ត្ន ក្លាហាន ពូកែដឹកនាំ ពូកែដោះស្រាយបញ្ហា សប្បុរធម៌ មានអំនួត ងាយខឹង ពូកែសងសឹក ច្រណែនប្រច័ន្នច្រើន មានគំនិតឯករាជ្យ មិនចូលចិត្តរឿងនឿយហត់ និង ចូលចិត្តសង្កេត ពីមនុស្សនៅជុំវិញខ្លួន ។ តែទោះជាយ៉ាងណា គេជាមនុស្សរ៉ូមែនទិច ចូលចិត្ត និងខ្វល់ខ្វាយ អំពីក្តីស្នេហា និងចូលចិត្តសាងមិត្តជាងសត្រូវ ។ ប៉ុន្តែគេជាមនុស្សដែលមានសុខភាពខ្សោយ បន្តិច ដែលងាយនឹងមានជម្ងឺ ព្រោះប្រព័ន្ធភាពសាំុក្នុងខ្លួនរបស់គេមិនសូវល្អ ។

១២.អ្នកកើតម៉ោងដប់ពីរ

ជាប្រភេទមនុស្សដែលទទួលបានការស្ងើចសរសើរ ព្រោះតែភាពប្រយ័ត្នប្រយ៉ែង និងការរៀបចំដ៏ល្អរបស់គេ ។ គេជាមនុស្សចូលចិត្តបង្ហាញអំពីកំហុសរបស់អ្នកដទៃ ហើយរិះគន់គេ ចំៗមុខ ដើម្បីឲ្យគេកែតម្រូវ ។ ទន្ទឹមនឹងនេះ គេក៏ជាមនុស្សរឹងរូស មិនសូវមាត់ក ប៉ុន្តែជាដៃគូពិភាក្សាដ៏ល្អទៅវិញ ហើយគេជាមនុស្សដែលមានចិត្តល្អ អាណិតអាសូរគេឯង មានទំនុកចិត្តលើខ្លួនឯង ឆេវឆាវម្តងម៉្កាល គិតគូជួយគេជួយឯង មានការចងចាំល្អ ឆ្លាត មានចំណេះដឹងច្រើន ចូលចិត្តមើលព័ត៌មាន ចេះគ្រប់គ្រងខ្លួនឯងកុំឲ្យអ្នកដទៃរិះគន់ ចេះអភិវឌ្ឍខ្លួនឯងជានិច្ច ចូលចិត្តមានអាថ៌កំបាំង ។ មនុស្សនេះមិនងាយឈឺផ្តេសផ្តាសទេ ។ គេជាមនុស្សចិត្តដាច់ម៉ាំងៗ និងមានជម្រើសច្រើនក្នុងរឿងស្នេហា ។

រក្សាសិទ្ធិដោយ: Moha Sneha

ហាមដាច់ខាតចំពោះការយកអត្ថបទហោរាសាស្រ្តពីគេហទំព័រមហាស្នេហា! សូមអរគុណ!

Facebook Comments

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *