ស៊ែរផងមិនអស់លុយទេ ដើម្បីអោយកូនខ្មែរស្គាល់ពីល្បែងប្រជាប្រិយខ្មែរ និង ដឹងពីរបៀបលេង ព្រោះជិតចូលឆ្នាំខ្មែរហើយ

ជិតដល់ពេលចូលឆ្នាំថ្មីប្រពៃណីខ្មែរយើងហើយ​ តើអ្នកមានគម្រោងលែងល្បែងប្រជាប្រិយណាមួយ?​

ខាងក្រោមនេះគឺជា ល្បែងប្រជាប្រិយខ្មែរ ដែលដូនតាខ្មែរយើងបានបន្សល់ទុកអោយ ដល់កូនចៅ ជំនាន់ក្រោយ សម្រាប់លែងកែកម្សាន្ត ក្នុងឪកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ក៏ដូចជាក្នុងពិធីផ្សេងៗនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ!

​១. ល្បែង​ទាញព្រ័ត្រ​

​២.ល្បែង​សី​

៣. ល្បែង​គោះត្រឡោក​

​៤. ល្បែង​គោះពញ្លក់ ឬ ទះ​ព​ញ្លក់​

​៥. ល្បែង​អង្គញ់​

​៦. ល្បែង​បិទពួន​

៧. ល្បែង​គ្រប​មាន់​

​៨. ល្បែង​ប្រជល់មាន់​

៩. ល្បែង​ឳ​ប​ត្រឡាច ឬ បេះឪឡឹ​ក​

១០. ល្បែង​លាក់កន្សែង​

១១.ល្បែង​លោតអន្ទាក់​

១២. ល្បែង​ចាប់កូនខ្លែង

១៣. ល្បែង​ឈូង​

១៤. ល្បែង​ស្ដេចចង់ ឬ​ល្បែង​អៀ​វ

ដើម្បីឲ្យកាន់តែជាក់ច្បាស់ យើងខ្ញុំសូមលម្អិតអំពីល្បែងប្រជាប្រិយនីមួយ​ ដូចខាងក្រោម​ ៖

១. ល្បែង​ទាញព្រ័ត្រ ជា​ល្បែង​លេង​កំសាន្ត​របស់​យុវជនខ្មែរ​ទាំង​បុរស ទាំង​ស្ត្រី ក​ម្លោះ ក្រម ។ ល្បែង​នេះ គេ​លេង​ដោយ​ប្រើ​កម្លាំង​កាយ​ជា​មូលហេតុ ហើយ​គេ​លេង​តែ​នៅ​រដូវចូលឆ្នាំ​ខ្មែរ គឺ​ខែ​ចែ​ត្រ​-​ពិសាខ ប៉ុណ្ណោះ ។ គេ​ច្រើន​និយម​លេង​ក្នុង​វត្ត​អារាម ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ ព្រោះ​វត្ត​មាន​ទីវាល​ធំ​ទូលាយ ងាយ​ដល់​ការលេង​ល្បែង​នេះ តែ​អាច​លេង​នៅ​តាម​ភូមិ​ក៏បាន បើ​ប្រសិន​ជា​ភូមិ​នេះ​មាន​មនុស្ស​នៅ​ផ្ដុំ​គ្នាច្រើន ហើយ​មាន​ទីវាល​ល្មម​លេង​កើត ។ ល្បែង​នេះ​គេ​ច្រើន​លេង​នៅ​ពេល​ថ្ងៃ តែបើ​ប្រសិន​ជា​មាន​ចង្កៀង​យ៉ាង​ភ្លឺ ឬ​ពន្លឺ​ព្រះ​ចន្ទ​ភ្លឺ​ថ្លា​ល្អ គេ​អាច​លេង​នៅពេល​យប់​ក៏​បាន ។​

​ ​សមាសភាព​នៃ​អ្នកលេង ល្បែង​នេះ គេ​ចែក​មនុស្ស​អ្នកលេង​ជា ២ ក្រុម ម្ខាងៗ យ៉ាងតិច​ត្រឹម ៥ នាក់ ឬ ១០ នាក់​ឡើងទៅ​តាម​ដែល​គេ​រក​គ្នា​បាន​ប៉ុន្មាន ក៏​លេង​ប៉ុណ្ណោះ តែ​តាម​ទម្លាប់​អ្នកស្រុក​បើ​មាន​មនុស្ស​ស្រី​ចូល​លេង​ផង គេ​ឲ្យ​ស្រីៗ​នៅ​ម្ខាង ប្រុសៗ​នៅ​ម្ខាង ហើយ​គេ​យល់ថា ភេទ​ស្រី​តែង​មាន​កម្លាំង​ខ្សោយ​ជាង​បុរស គេ​តែង​ដាក់​ខាង​ស្រី​ឲ្យមាន​ចំនួន​ច្រើន​លើ​សខាង​ប្រុស យ៉ាងតិច​ត្រឹម ២ នាក់​ជា​ដរាប គឺ​បើ​ខាង​ប្រុស ៨ នាក់ គេ​ដាក់​ខាង​ស្រី ១០ នាក់ ។​

​ ​គ្រឿង​ប្រដាប់​សម្រាប់​លេង គេ​យក​ខ្សែព្រ័ត្រ​ធ្វើ​ពី​ស្បែក​គោ ស្បែក​ក្របី​ធ្វើ​ជា​ព្រ័ត្រ ឬ​គេ​យក​ពួរ​ធ្វើ​ដូង​ជា​ព្រ័ត្រ សម្រាប់​ទាញ ប្រវែង​យ៉ាងខ្លី​ពី ២០ ហត្ថ​ឡើងទៅ ទំហំ​ប៉ុនកដៃ​ក្មេង ហើយ​និង​យក​សម្កោរ ឬ​គង​ម៉ង ឬក៏​រគាំង ១ សម្រាប់​ទះ ឬ​សម្រាប់​វាយ នៅពេល​ដែល​ទាញ​ដំបូង ។​

​ ​សកម្មភាព​នៃ​អ្នកលេង ដូច​ក្នុង​រូបភាព​នេះ​:

​ ​របៀប​លេង មុនដំបូង គេ​រើស​រក​ប្រុស​ម្នាក់ ស្រី​ម្នាក់ មាន​មាឌធំ​មាំ ស្មា​គាង កម្លាំង​ច្រើន ឲ្យ​ជា​អ្នក​ឈរ​កាន់​ចុង​ព្រ័ត្រ គឺ​ប្រុស​កាន់​ចុង​ម្ខាង ស្រី​កាន់​ចុង​ម្ខាង ហើយ​ឲ្យ​ប្រុស​ម្នាក់​ស្រី​ម្នាក់​ទៀត​មាន​មាឌ​ធំ មាន​កម្លាំង ឈរ​កណ្ដាល​ព្រ័ត្រ ត្រង់​កន្លែង​ដែល​ពួក​ទាំង ២ ឈរ សម្រាប់​នៃ​ពួក​ខ្លួន​ឲ្យ​ខំ​ទាញ​តែ​រៀងខ្លួន ឯ​មនុស្ស​មាឌតូចៗ​ស្គមៗ​កម្លាំង​ខ្សោយៗ គេ​ឲ្យ​ឈរ​កណ្ដាល​គេ ។ លុះ​រៀបចំ​រួចហើយ​,​គេ​ឲ្យ​មនុស្ស​ប្រុស​ម្នាក់​កាន់​សម្ភោរ ឬ​គង​ម៉ង ឬក៏រ​គាំង​ឈរ​ត្រង់​កណ្ដាល​ទី ជិត​អ្នក​ទាំង​ពីរ​ដែល​កាន់​ខ្សែ​ឈរ​ប្រទល់​មុខ​គ្នា​នោះ​ ផ្ដើមស្រែកឡើងថា យក្សអរ !! ឬយ៉ាងខ្លាំងៗ ធ្វើសំឡេងវែងៗ រលាក់រលៃកយ៉ាងគ្រលួច ។ ហើយអ្នកប្រុងទាញព្រ័ត្រទាំងប៉ុនា្មនជួយស្រែកទទួលឡើងព្រមគ្នាថា ហ៊ោវ៉ឺៗ ៣ ដង ទាញប្រុងយកជ័យជំនះតែរៀងខ្លួន ។ ក្នុងពេលពួកអ្នកទាញព្រ័ត្រ កំពុងតែខំប្រឹងទាញ អ្នកកាន់សម្ភោរ ឬគងម៉ង់ គេចេះតែបញ្ជើតសម្ភោរ ឬគងម៉ង់ ឬក៏រគាំងរឿយៗឮសូរតាក់ទឹងៗ ឬម៉ូងៗម៉ឺងៗជាដរាប ទាល់តែឃើញចាញ់ ឃើញឈ្នះម្ខាងៗទើបឈប់បញ្ជើត ។

ពេលលេងម្ដងៗ អស់ថេរវេលាពី ៥-៦ នាទី ១០ នាទី ឡើងទៅ ទើបឃើញឈ្នះ ឃើញចាញ់ម្ខាងៗ ។

កាលដឹងថា ខាងណាឈ្នះខាងណាចាញ់ហើយ គេចាប់ផ្ដើមលេងសារជាថ្មីតទៅទៀត ដរាបដល់ហត់តែរៀងៗខ្លួនទើបឈប់ ។

ល្បែងនេះ ចាក់ទុកជាការហាត់កម្លាំង ហាត់ប្រាណ ឲ្យរាងកាយមានកម្លាំងមានសុខភាពល្អ ៕

២. ល្បែង​សី ជា​ល្បែង​មួយ​យ៉ាង​សម្រាប់​មនុស្ស​ប្រុស​កំលោះ ឬ​ចំណាស់ៗ គេ​លេង​នៅ​ទីវាល នា​ពេល​ថ្ងៃរសៀល​ត្រជាក់ នៅ​រដូវរំហើយ ឬ​នៅ​ពេល​បុណ្យទាន​ផ្សេងៗ នាទី​វត្ត​អារាម ។​

​ ​សីមា​ន ៣ យ៉ាង​គឺ ៖

​ ​ក​. សី​មី​លោ​ង

​ ​ខ​. សី​ដក់​

​ ​គ​. សី​ពែន

​ ​សី​ទាំង ៣ យ៉ាង​មាន​ប្រដាប់​សម្រាប់​លេង និង​របៀប​លេង​ប្លែក​ពី​គ្នា ដូច​រៀបរាប់​តទៅ​នេះ​៖

​ ​ក​. សី​មី​លោ​ង វត្ថុ​ដែល​គេ​យកមក​ធ្វើ​សី​នេះ គឺ​គេ​យក​បន្ទះ​ផ្ដៅ ឬ​រំពា​ក់មក​ចាក់​ជា​ក្រឡា​ភ្នែក​ក្រួច ឲ្យមាន​សណ្ឋាន​មូលប្រមាណ​ប៉ុនត្រ​ឡោកដូង​ធុន​តូច ហើយ​គេ​នាំគ្នា​ទាត់​លេង ។​

​ ​សកម្មភាព​នៃ​អ្នក​លេងសី​មី​លោង ដូច​ក្នុង​រូបភាព​ខាងក្រោម​នេះ​: ​

​ ​អ្នក​លេងសី​មី​លោង​គេ​បបួល​គ្នា​ចំនួន ៤ ទៅ ៥ នាក់ ​ដែល​គេ​ស្ម័គ្រ​ឲ្យមក​ឈរ​ដំកង់​ជា​វង់​មូល​ធំ ឬ​តូច តាម​ចំនួន​មនុស្ស​តិច​ច្រើន ។ ពេល​លេង​គេ​ចែក​ជា​គូៗ អ្នកណា​គូ​នឹង​អ្នក​ណា ត្រូវ​ឈរ​ទល់មុខ​អ្នកនោះ ។ មុនដំបូង​អ្នកលេង​ម្នាក់​ដែល​មាន​សី​នឹង​ដៃ ក៏​តាំង​ចាប់ផ្ដើម​បោះ​សី​ទៅឲ្យ​គូ​របស់ខ្លួន គូ​នោះ​ក៏​ទទួល​ទាត់​ដោយ​ខ្នងជើង លុះ​ទាត់​ហើយ​សី​នោះ​ក៏​អណ្ដែត​ឡើង​ខ្ពស់ ហើយ​ធ្លាក់​មក​វិញ ពេល​ធ្លាក់​នោះ ជួន​ក៏​ចំ​អ្នក​ទាត់​នោះ​វិញ ជួន​ក៏​ចំ​អ្នកដទៃ ហើយ​អ្នក​ដែល​សី​ធ្លាក់​មក​ចំ​នោះ​ក៏​ទទួល​ទាត់​ឡើង​ភ្លាម ។ ចំណែក​អ្នក​ឯទៀតៗ គេ​ត្រៀមខ្លួន​ចាំ ដោយ​សម្លឹង​ប្រុងប្រយ័ត្ន​ភ្នែក​ជានិច្ច បំរុង​តែ​និង​ទាត់​នៅពេល​ដែល​សី​ធា្ល​ក់​មក​ចំ​ខ្លួន ។ ម្នាក់ៗ​ដែល​សី​ធ្លាក់​មក​ចំ​ខ្លួន គេ​តែងតែ​ស្ទុះ​ទៅ​ទាត់​បញ្ជូន​ទៅឲ្យ​គូ​របស់គេ ។ ប៉ុន្តែ​ជួន​ក៏​បាន​ទៅ​ចំ​គូ​របស់​ខ្លួន ជួន​ក៏​ធ្លាក់​ទៅ​ចំ​គូ​របស់​អ្នកដទៃ ម្លោះ​ហើយគេ​ដណ្ដើម​គ្នា​ទាត់​តែ​រៀងៗ​ខ្លួន ។​

​ ​ខ​. សី​ដក់ គេ​ធ្វើ​ដោយ​បន្ទះ​ផ្ដៅ ឬ​រំ​ពាក់ ឲ្យមាន​សណ្ឋាន​ដូច​សីមីលោង​ដែរ ប្លែក​តែ​សីដក់​គេ​ធ្វើឲ្យ​មាន​ទំហំ និង​មាន​ក្រឡា​ធំ​ជាង សី​មី​លោង​បន្តិច ។ សីដក​មាន​របៀប​លេង​ស្រដៀង​នឹង សី​មី​លោង​ដែរ ប្លែក​តែ​សី​មី​លោង​គេ​ទាត់​ដោយ​ខ្នង​ជើង ឯ​សីដក់​គេ​គះ​ដោយ​កែងដៃ ដោយ​ក្បាលជង្គង់ ដោយ​ស្មា និង​ដោយ​ក្បាល ។​

​ ​សកម្មភាព​របស់​អ្នកលេង​សីដក់ ដូច​រូបភាព​នេះ​: ​

​ ​គ​. សី​ពែន គេ​ធ្វើ​ដោយ​ស្លាប​សត្វ និង​ស្បែក ឬ​ស្រកាត្រី គឺ​ពាក់​ស្បែក​ឬ​ស្រកាត្រី​ត្រួតគ្នា ៣ ឬ ៤ ជាន់ ចៀរ​ជា​សណ្ឋាន​មូល ចោះ​ចំ​កណ្ដាល ជា​ប្រហោង​ហើយ​យក​ស្លាប​សត្វ ៤ ឬ ៥ ដែល​ខ្លីៗ​ល្មម​មកជ្រំ​ឲ្យ​ស្មើ រួច​សកគល់​ស្លាប​នោះ​ទៅក្នុង​រន្ធ​ស្បែក ឬ​ស្រកាត្រី​នោះ ហើយ​បត់​ទៅ​ខាងៗ ដោយ​ចង​ខ្សែលួស​ឆ្មា​រភ្ជាប់​ទៅ​នឹង​ស្បែក ឬ​ស្រកាត្រី​នោះ ការពារ​មិន​ឲ្យ​របួត រួច​គេ​យក​ទៅ​ទាត់ ។​

​ ​សកម្មភាព​របស់​អ្នក​លេង​សីពែន ដូច​ក្នុង​រូបភាព​នេះ​:

​ ​របៀប​លេង​សីពែន គេ​បបួល​គ្នា​ឲ្យបាន​ចំនួន​តាំងពី ២ នាក់​ឡើងទៅ មកឈរ​ដំកង់​ជា​រង្វង់​មូល ទល់មុខ​គ្នា​ជា​គូៗ គឺ​អ្នក​ណា​គូ​នឹង​អ្នកណា ត្រូវ​ឈរ​ទល់មុខ​គ្នា​នឹង​អ្នកនោះ ។ កាល​បើ​ឈរ​ស្រួលបួល​ហើយ ម្នាក់​ដែល​កាន់​សី​នៅ​ដៃ​ក៏​បោះ​សី​ទៅឲ្យ​ម្នាក់ទៀត ដែល​ជា​គូ​របស់​គេ គូ​នោះ​ក៏​ទទួល​ទាត់​ដោយ​បាត​ជើង គឺ​គេ​លើកជើង​ឡើង​ហើយរ​លាស់​បត់​ត្រង់​កជើង​ឲ្យ​បាត​ជើងខ្វេរ​ឡើង​លើ ដូច​គេ​អង្គុយ​ពែន​ទើប​គេ​ហៅថា ‹​សី​ពែន​› ។ ពេល​ទាត់​គេ​ទាត់​តម្រង់​ឲ្យចំ​សីៗ ក៏​អណ្ដែត​ឡើង ហើយ​ធ្លាក់​ចុះ​មក​វិញ បើ​ធ្លាក់​មក​ចំ​អ្នកណា អ្នក​នោះ​គេ​ទាត់​បន្ត​ឡើង​ទៀត ,​បើ​ធ្លាក់​មក​ចំ​អ្នក​ទាត់​ដដែល​វិញ អ្នក​នោះ​ក៏​ទទួល​ទាត់​វិញ​ដែរ ។ បើ​សី​ធ្លាក់​មក​ចំ​អ្នកណា​ហើយ​អ្នកនោះ​ទទួល​ទាត់​មិនត្រូវ ឬក៏​សី​នោះ​ធ្លាក់​ឆ្ងាយ​អំពី​អ្នកលេង​ទាំងអស់គ្នា នាំ​ឲ្យ​អ្នកលេង​រត់​ទៅ​ទទួល​ទាត់​មិនទាន់ សី​ក៏​ធ្លាក់​ដល់​ដី បើ​ធ្លាក់​ក្បែរ​កន្លែង​អ្នកណា​ជាងគេ អ្នក​នោះ​គេ​រើស​បោះ​ទៅឲ្យ​គូ​របស់គេ ដើម្បី​ឲ្យ​ទាត់​តទៅទៀត ។ ពេល​ដែល​សី​ធ្លាក់​មក​ម្ដងៗ​ទាំងអស់​គ្នា​តែងតែ​សម្លឹង​មើល​ទៅ​សី​គ្រប់ៗ​គ្នា ក្រែង​ធ្លាក់​មក​ចំ​ខ្លួន ជួន​ក៏​អ្នក​ទាំង ២ នាក់​នឹក​ត្រូវ​គ្នា គឺ​នាក់​ម្នាក់​នឹកថា សី​ធ្លាក់​មក​ចំ​ខ្លួន ម្នាក់​ទៀត​ក៏​ថា ចំ​ខ្លួន​ដែរ នាំ​ឲ្យ​ស្ទុះទៅទាត់​ដណ្ដើម​គ្នាក៏​មាន ។​

​ ​ម្នាក់ៗ​ដែល​សី​ធ្លាក់​មក​ចំ​ហើយ តែងតែ​មាន​ចិត្ត​នឹក​ថា នឹង​ទាត់​បង្វែរ​ទៅឲ្យ​គូ​របស់ខ្លួនៗ តែ​ជួនកាល​ក៏បាន​សម្រេច ជួនកាល​ក៏​មិនបាន​សម្រេច​ដែរ ដោយ​សី​នោះ​មិន​ទៅ​ចំ​ដូច​បំណង ។​

​ ​សីពែន​នេះ គេ​ទាត់​ឬ​គះ បាន​តែ​ដោយ​បាត​ជើង​,​ភ្នែក​គោល​កែងជើង​,​កែងដៃ​, ក្បាលជង្គង់​,​ក្បាល​,​ស្មា ប្រហែល​សីដក់​ដែរ តែ​គេ​ហាមផ្ដាត់​មិនឲ្យ​ទាត់ដោយ​ខ្នងជើង ឬ​ទះ​ដោយ​បាតដៃ​ឡើយ ។​

​ ​ល្បែង​សី​ទាំង ៣ មុខ​នេះ បើ​អ្នកលេង​សុទ្ធតែ​ប៉ិនប្រសប់ ក្នុងពេល​ទាត់​មួយ​លើកៗ សី​មិន​សូវ​ធ្លាក់​ដល់​ដី​ទេ យូរៗ​ទើប​មាន​ធ្លាក់​ដល់​ដី​ម្ដង ។​

​ ​ល្បែង​សី ជា​កីឡា​ដ៏​ប្រសើរ​មួយ​របស់​ខ្មែរ តាំងពី​អតីតកាល​រហូត​មកដល់​បច្ចុប្បន្នកាល​នេះ ក៏​នៅតែ​មាន​តម្លៃ​នៅឡើយ ហើយ​ជា​កីឡា​ហាត់ប្រាណ​មួយ​យ៉ាង ខាង​កាយសម្បទា ប្រហែល​នឹង​កីឡាបាល់ទាត់​ដែរ ៕​

៣. ល្បែង​គោះត្រឡោក

ជា​ល្បែង​មួយ​យ៉ាង​ដែល​មនុស្ស​ប្រុស​ជំទង់ៗ​ឬ​ចំណាស់ៗ​ដែល​គេ​លេង​ក្នុង​ពេល​ណា​ក៏បាន តែ​គេ​ច្រើន​តែ​លេង​ក្នុង​ពេល​លើក​ជំ​នូន​-​ស៊ី​ស្លា ឬ​មង្គលការ​កូន គឺ​ពេល​ហែកូនប្រុស​ទៅជូន​ជំ​នូន ឬ​ទៅ​ចូល​រោង​នៅផ្ទះ​ខាង​ស្រី ក្នុងពេលនោះ គេ​តែង​រក​អ្នកចេះ​គោះត្រឡោក មក​លេង​ជា​កំសាន្ត ។​

​ ​មនុស្ស​អ្នកលេង​មាន​តែ​ម្នាក់​ទេ ។ មុន​នឹង​លេង គេ​យក​ត្រឡោក​ល្អៗ​២ ទំហំ​ប៉ុនគ្នា មក​កាន់​នៅ​ដៃស្ដាំ ១ ដៃ​ឆ្វេង ១ ហើយ​គេ​អង្គុយ ឬ​ឈរ គោះ​ប្រជល់​គ្នា​តាម​ចង្វា​ក់ មាន ៧ គឺ​:

​ ​ទី​១ គោះ​លើ​ក្បាល​

​ ​ទី​២ គោះ​ខាងមុខ​

​ ​ទី៣ គោះ​ខាងក្រោម​ឃ្លៀក​ស្ដាំ​

​ ​ទី៤ គោះ​ខាងក្រោម​ឃ្លៀក​ឆ្វេង​

​ ​ទី៥ គោះ​ខាងក្រោម​ជើង​ស្ដាំ​

​ ទី៦ គោះ​ខាងក្រោម​ជើងឆ្វេង​

​ ​ទី៧ គោះ​ខាងក្រោយ​ខ្នង​

​ ​សកម្មភាព​របស់​អ្នក​គោះ​បែប​អង្គុយ ដូច​ក្នុង​រូបភាព​នេះ​:

​ ​លុះ​គោះ​គ្រប់ ៧ ថ្នាក់​ហើយ គេ​ចាប់​គោះ​ពី​ទី ១ សាជាថ្មី​ឡើង​ទៀត តាម​លំដាប់​ហូរហែ​ទៅ ។​

​ ​បើ​គោះ​បែប​ឈរ គេ​គោះ​បណ្ដើរ ច្រៀង​បណ្ដើរ​តាម​បទ ឬ​ទំនុក​ដែល​គេ​ចេះ ។ នៅពេល​ហែ​កូនកំលោះ​ទៅជូន​ជំ​នូន ឬ​ទៅ​ចូល​រោងការ ឬ​នាំ​កូនក្រមុំ​ចុះ​ពី​ផ្ទះ​ទៅ​ចូល​រោង​ខាង​ប្រុស គេ​តែង​គោះ​បែប​ឈរ គឺ​អ្នក​គោះ​ត្រឡោក គេ​ឈរ​រេ​រាំ​ធ្វើ​ជា​ស្ទាក់​មុខ​កូន​ក​ម្លោះ មិន​ឲ្យ​ឡើង​ទៅលើ​ផ្ទះ​ខាង​ស្រី ឬ​កូនក្រមុំ​មិនឲ្យ​ចូល​ទៅ​រោង​ខាង​ប្រុស ។ បើ​ម្ដាយ​ឪពុក​នៃ​សាមីខ្លួន​ទាំង​សងខាង​អាណិត​គ្នា កុំឲ្យ​ឈរ​យូរពេក ខ្លាច​នឿយហត់ ឬ​ខ្មាស់​គេ គេ​យក​វត្ថុ​អ្វីមួយ​មាន​ស្រា​និង​សាច់​ក្លែម ឬ​ប្រាក់​ជា​ដើម​តាម​សម​គួរ សូម​អ្នក​គោះត្រឡោក​នោះ បើ​អ្នក​គោះ​គេ​សុខចិត្ត​ព្រម​បើក​ឲ្យទៅ ទើប​ចូល​ទៅ​បាន ។​

​ ​ល្បែង​នេះ ជា​ល្បែង​មួយ​យ៉ាង នាំ​ឲ្យ​អ្នក​ទស្សនាកើត​សេចក្ដី​រីករាយ ហើយ​ជា​ល្បែង​ដែល​រាប់​ចូល​ក្នុង​ការ​ហាត់ប្រាណ នាំឲ្យ​ដៃ​កើត​សាច់ដុំ និង​ឲ្យដៃ​រហ័សរហួន ៕

៤.​ ល្បែង​គោះពញ្លក់ ឬ ទះ​ព​ញ្លក់ 

ជា​ល្បែង​មួយ​សម្រាប់​មនុស្ស​ជំទង់ៗ ឬ​ចំណាស់ៗ ដែល​ត្រូវ​ការលេង​ក្នុង​វេលា​ថ្ងៃ នៅពេល​មាន​បុណ្យទាន ពេល​មង្គលការ ពេល​ចូលឆ្នាំថ្មី ឬក៏​ពេលទំនេរ ។​

​ ​ល្បែង​នេះ​គេ​លេង​បាន​ទាំងប្រុស​ទាំងស្រី ។​

​ ​គោះពញ្លក់​មាន​អ្នកលេង​តែ​ម្នាក់​, ឯ​ទះ​ពញ្លក់​មាន ២ នាក់ ។​

​ ​របៀប​គោះពញ្លក់​= មុន​ដំបូងបង្អស់ អ្នកលេង​គេ​អង្គុយ​ពែនភ្នែន លើកដៃ​ប្រណម្យ​សំពះ​គ្រូ ឬ​សំពះ​ព្រះ ហើយ​លាដៃ​ទាំងសងខាង ហាមាត់​ចំហ ដៃ​ឆ្វេង​ទះ​ថ្ពាល់​ស្ដាំ ដើស្ដាំ​ទះ​ថ្ពាល់​ឆ្វេង ញាក់​ចិញ្ចើម ក្ត​ក់ ៣ ដង ងាកចុះ​ងាកឡើង ហើយ​ចេះតែ​ក្តក់​ឲ្យ​ឮ​ប៉ែសៗ​តៗ​ទៅ តាម​ចង្វាក់​គោះ ៥ ថ្នាក់ គឺ​ទី ១ គោះ​ដៃ​,​ទី​២ គោះ​ថ្ពាល់​,​ទី​៣ គោះ​ក្រោម​ចង្ការ​,​ទី​៤ គោះ​ពោះ​,​ទី​៥ គោះ​ភ្លៅ​ទាំងសងខាង ។​

​លុះ​គោះ​គ្រប់​ទាំង ៥ ថ្នាក់​ហើយ គេ​ចាប់​គោះ​ពី​ទី ១ មកវិញ សាចុះសាឡើង​រឿយៗ ដើម្បី​ឲ្យ​ពួក​អ្នកទស្សនា កើត​សេចក្ដី​រីករាយ សប្បាយ​ជា​កំសាន្ត ។​

​ ​របៀប​ទះ​ព​ញ្លក់​= មាន​សកម្មភាព ដូច​រូបភាព​នេះ​:

​ ​ល្បែង​នេះ​ដំបូងបង្អស់ អ្នកលេង​គេ​អង្គុយ​ពែនភ្នែន ទល់មុខ​គ្នា​ពីរ​នាក់ ដៃ​ទាំង​បួន​ផ្គុំ​គ្នា រួច​ហូត​ចេញ​ពី​គ្នា​មក​វិញ​ ទើប​ទះដៃ​ខ្លួនឯង​មួយ​ផូង​ម្នាក់ ទះ​ភ្លៅ​ខ្លួនឯង​ទាំងសងខាង វិល​មក​ទះដៃ​រៀង​ខ្លួនឯង​ម្ដង​មួយ​ផូង​ទៀត ទើប​លូក​ដៃ​ស្ដាំ​ទៅ​ទះ​ផ្ទប់​គ្នា​ទៀត ។ គេ​ធ្វើ​តែ​របៀប​នេះ​ឲ្យ​រឹតតែ​ញាប់​ឡើងៗ នរណា​ភាន់​ដៃ​ទះ​មិនទាន់ គេ​ទុក​ជា​ចាញ់ ។ បែបនេះ​គេ​ហៅថា ‹​ពញ្លក់​ញី​› រីឯ​ពញ្លក់​ឈ្មោល គេ​សង្ខេបជាង​នេះ គឺ​ទះ​ភ្លៅ​តែម្ដង​ដំបូង​ប៉ុណ្ណោះ លុះ​លំដាប់​តៗ​ទៅ គ្មាន​ទះ​ភ្លៅ​ទៀត​ទេ ។​

​ល្បែង​នេះ រាប់​ចូល​ក្នុង​ពិធី​ហាត់ប្រាណ​បាន ដែល​នាំឲ្យ​ដៃមាន​សាច់ដុំ ឲ្យដៃ​រហ័សរហួន នឹង​ភ្នែក​វៃ​ចេះ​សង្កេត​ហេតុការណ៍​ផ្សេងៗ ៕​

៥. ល្បែង​អង្គញ់ 

គេ​ឲ្យឈ្មោះ​តាម​វត្ថុ​ដែល​គេ​យក​មក​លេង គឺ​ផ្លែ​អង្គញ់ ដែល​ក្រៀម​ស្ងួត ។ ល្បែង​នេះ គេ​លេង​បាន​ទាំងប្រុស​ទាំងស្រី ទាំង​ចាស់​ទាំង​ក្មេង នៅ​វេលា​ថ្ងៃ ឬ​វេលាយប់​ខែ​ភ្លឺ នា​រដូវចូលឆ្នាំ ។​

​ ​សកម្មភាព​របស់​អ្នកលេង ដូច​រូចភាព​នេះ​:

​ ​ល្បែង​អង្គញ់ គេ​លេង​បាន​តាំង​ពី​គ្នា ២ នាក់​ឡើង​ទៅ​ដល់ ១០ នាក់ ដោយ​ចែកចេញជា​ពី​ពួក​មាន​ចំនួន​ស្មើ​គ្នា ដែល​មាន​ស្រី​ម្ខាង​ប្រុស​ម្ខាង​ក៏​បាន ចម្រុះ​គ្នា​ទាំង​សងខាង​ក៏​បាន ។ អង្គញ់​ដែល​គេ​យ​កមកលេង​នេះ​ ឲ្យឈ្មោះ​ថា ‹​កោ​យ​› ចែកចេញ​ជា​ពីរ​ផ្នែក​ដែរ គេ​ហៅថា កោ​យដាំ​មួយ​ពួក កោយ​បោះ​មួយ​ពួក ។ កើយ​មួយ​ពួកៗ​មាន​ចំនួន ៣ ឬ ចំនួន ៥ គឺថាបើដាំ​កោ​យ​ ៣ ក៏​បោះ​កោ​យ ៣ ,​បើ​ដាំ​កោ​យ ​៥ ក៏​បោះ​កោ​យ ៥ តាម​ចំនួន​អ្នកលេង​មាន​តិច​ឬ​ច្រើន ។ ដែល​ហៅថា កោយ​ដាំ គឺ​គេ​ដាំ​ភ្ជាប់​ទៅ​នឹង​ដី មាន​ជួរ​បែក​កន្ធែកចេញពី​កោ​យ​កណ្ដាល​មួយ ដែល​ហៅថា ‹​មេក្លោង ឬ​កន្លោង​› ១ ឬ ២ ខាងស្ដាំ ១ ឬ ២ ខាងឆ្វេង មាន​សណ្ឋាន​ដូច​ក្អែកទឹក​ហើរ ដែល​ឲ្យ​មេខ្យល់​មួយ​នាំមុខ ហើយ​ក្អែកទឹក​ហ្វូង​បែក​គ្នា​ជាជួរ​បញ្ឆៀងៗ​គ្នា​ពី​ក្រោយ ។ រីឯ​កោយ​បោះ គឺ​កោយ​ទាំងឡាយ​ដែល​គេ​កាន់​យក​ទៅ​ទី ហើយ​បោះ​ក្ដី ធ្វើ​អ្វី​គ្រប់​បែប​ទៀត​ក្ដី សម្រាប់​រំលំ​កោ​យ ដាំ​ទាំង​ប៉ុន្មាន​នោះ ។ ត្រង់​រណ្ដៅ​តូចៗ​ដែល​ឆ្កៀល​ដី យក​កន្លែង​ដាំ​កើយ​ឲ្យ​ជាប់​នោះ គេ​ហៅថា ‹​រន្ធ​ ឬ​រន្ធ​កោ​យ​› ។ គេ​កំណត់​កន្លែង​មួយ​ពី​មុខ​កោយ​ដាំ​ប្រមាណ​ជា ៣ ឬ ៤ ម៉ែត្រ សន្មតហៅថា ‹​ទី​› គឺ​ជា​ទី​ដែល​គេ​ត្រូវ​បោះ ឬ​ទៅ​ធ្វើ​អ្វីមួយ ពី​ត្រឹមនោះ​តម្រង់​ម​កកោយ​ដាំ​វិញ ។ អ្នក​ដែល​ត្រូវឡើង​មុន​គឺ​បាន​ទៅ​បោះ​ពី​ទី​មុន​គេ​នោះ សម្រេច​លើ​ការព្រមព្រៀង​គ្នា​,​ជាធម្មតា គេ​ច្រើន​តែ​អនុញ្ញាត​ឲ្យ​ពួក​អ្នក​ខ្សោយ​ជាង​មាន​សិទ្ធិ​ទៅ​បោះ​មុន​គេ ទុក​ដូចជា​តទី​ឲ្យ​ដែរ ឯការ​ចាញ់ឈ្នះ​ស៊ីសង​ត្រង់​នរណា​ធ្វើ​ត្រូវ​កោយ​ដាំ​ចប់សព្វគ្រប់​មុនគេ គឺ​គ្រប់​បែប​គ្រប់​ថ្នាក់ ដែល​របៀប​លេង​អង្គញ់​តម្រូវ​ឲ្យ​ទាំង​ប៉ុន្មាន ។ ប៉ុន្តែ​គេ​ច្រើន​សន្មតគ្នា​បន្ថែម​ឲ្យ​អ្នក​ចាញ់ធ្វើ ៣ ឬ ៤ ក្ដារ​សិន ហៅថា ‹​តាម​› ដូច្នេះ​បាន​ជា​មុន​នឹង​លេង គេ​សន្មតគ្នា​ថា តាម​ប៉ុន្មាន​ក្ដារ​? បើ​គេ​សម្រេច​គ្នា​ថា ប៉ុន្មានៗ​ដល់​ទីបំផុត​ត្រូវ​តែ ‹​តាម​› ប៉ុណ្ណោះ​ក្ដារ​សិន ។ បើ​ផុតកំណត់​ហើយ នៅតែ​មិន​បាន​ធ្វើ ត្រូវ​អស់​ទៀត​នោះ​ទើប​ទុក​ជា​ចាញ់ ហើយ​ពួក​ខាង​ឈ្នះ ត្រូវ​ជោះ​ពួក​ខាង​ចាញ់​តាម​ចំនួន​ដែល​គេ​សន្យា​គ្នា ឧបមារ​ថា គេ​សន្យាថា កោយ​មួយ​ជោះ ១០ ដូច្នេះ​នរណា​កាន់​កោយ​បោះ​មួយ បើ​ឈ្នះ​ត្រូវបាន​ជោះ​គេ ១០ តែបើ​ចាញ់​ក៏​ត្រូវ​គេ​ជោះ ១០ ដែរ ។​

​ ​ល្បែង​នេះ​មាន​លក្ខខណ្ឌ​តឹងរ៉ឹង​ណាស់ បើ​ធ្វើ​ខុស​បទ​វិន័យ​ណាមួយ​នឹង​ត្រូវ​ទទួលពិន័យ​ភ្លាម​មួយ​រំពេច ។ លក្ខខណ្ឌ​ទាំង​នេះ យើង​និង​បរិយាយ​របៀប​លេង​ខាងក្រោម​នេះ ។​

​ ​ល្បែង​អង្គញ់​ចែក​ចេញ​ច្រើន​ជាន់​ថ្នាក់​ជា​សង្កាត់ៗ​មាន​៖

​ ​ ​១- បោះ (​កាន់​បោះ​មកពី​ទី តម្រង់​កោយ​ដាំ​)

​ ​ ​២- ស៊ី​គោល (​បាញ់​ដោយ​ម្រាមដៃ​ដាក់​លើ​ក្បាលជង្គង់​)

​ ​ ​៣- ស៊ី​ប៉ា​រ៉េត (​បាញ់​ដោយ​ម្រាមដៃ​ដាក់​ផ្ទាល់​នឹង​ដី​)

​ ​ ​៤- ត្រ​កង (​ប្រមៀល​អង្គញ់​មកពី​ទី​)

​ ​ ​៥- ចាក់​ខ្ទែក (​ដាក់​អង្គញ់​លើ​ខ្នងជើង​ដើរ​បី​ជំហាន​)

​ ​ ​៦- បោះ​ជោះ (​បោះ​សម្រេច​ជា​ចុងក្រោយ​បំផុត​)

​ ​របៀប​លេង​ក្នុង​សង្កាត់​នី​មួយៗ​មាន​ដូចតទៅ​៖

​ ​ថ្នាក់​ទី​មួយ បោះ​= ពួក​អ្នក​ដែល​ត្រូវ​ឡើង​ទៅ​បោះ គេ​បោះ​តម្រង់​ទៅ​កោយ​ដែល​ដាំ​ណាមួយ​,​កាល​បោះ​ទៅ​ត្រូវ​កោយ​ដាំ​នោះ​ហើយ កោយ​នោះ​ក៏​ខ្ទេច​ចេញពី​រន្ធ​ទៅ កោយ​បោះ​ក៏​នៅ​ក្នុង​រន្ធ​កោយ​ដាំ​, ហើយ​អ្នក​ដាំ​ទះ​កោយ​បោះ​នោះ​បង្កប់ថែមទៀត យ៉ាង​នេះ​គេ​ហៅថា ‹​ស្អុយ​› ។ បើ​បោះ​ត្រូវ​កោយ​ណាមួយ​ហើយ បើ​បោះ​កោយ​មួយ​ក្រោយ ទៅ​ត្រូវ​កើយ​ដដែល​ទៀត​គេ​ហៅថា ‹​ម៉ា​យ​› ។ បើ​អ្នក​បោះ​ប្រព្រឹត្ត​ខុស​វិន័យ​ទាំង​នេះហើយ ត្រូវ​អ្នក​ដាំ​ទៅ​បោះ អ្នក​បោះ​មក​ដាំ​វិញ​ម្ដង ។ កាលណា​បោះ​ទៅ​ត្រូវ​កោយ​ដែល​ដាំ​ដួល​ទាំងអស់​រួចហើយ អ្នក​បោះ​ត្រូវ​ចាប់​បន្ត​ធ្វើ​ស៊ី​គោ​ល​តទៅទៀត ។​

​ ​ថ្នាក់​ទី ២ ស៊ី​គោល​= កាល​បើ​បោះ​ត្រូវ​អស់​ហើយ​គេ​យក​កោយ​របស់គេ​ដែល​សំដៅ​ទៅ ‹​ទី​› ហើយ​អង្គុយច្រហោង​រុញ​ក្បាលជង្គង់​ម្ខាង​ទៅ​មុខ​បន្តិច យក​កោយ​ដាក់​លើ​ក្បាលជង្គង់​នោះ ទាត់​កោយ​ដោយ​មេដៃ​ឬ​ចង្អុ​កដៃ តម្រង់​ទៅ​កើយ​ដាំ​ណាមួយ ។ បើ​កោយ​ធ្លាក់​ទៅ​នោះ ធ្លាក់​ជិត​កោយ​ដាំ​ពេក​ប្រមាណ​ជាមួយ​ចំអាម ឬ​កន្លះ​ចំអាម​នោះ​, អ្នក​ស៊ីគោល​គេ​សួរ​អ្នក​ដាំ​ថា ‹​វ័ធ​ឬ​ណាប់​?› បើ​អ្នក​ដាំ​ឆ្លើយថា ‹​វ័ធ​› អ្នក​ស៊ីគោល​ត្រូវ​វ៉ាស់​ជា​ចំអាម​ដោយ​យក​មេដៃ​ដាក់​លើ​កើយ​របស់ខ្លួន​ចង្អុលដៃ​វ័ធ​កោយ​ដាំ​ឲ្យ​ដួល​តែ​ម្ដង ។ បើ​អ្នក​ដាំ​ឆ្លើយថា ‹​ណាប់​› អ្នក​ស៊ីគោល​គេ​លើក​កោយ​របស់​គេ​គប់​ទៅ​កោយ​ដាំ​នោះ​ឲ្យ​ដួល​តែ​ម្ដង ។ ដូចនេះ​កោយ​ដែល​ស៊ីគោល​ធ្លាក់​ជិត​ពេក​នោះ គេ​ឲ្យឈ្មោះ​ថា ‹​វ័ធ​-​ណាប់​› ។ បើ​កោយ​ដែល​ស៊ីគោល​ទៅ​ហើយ​ធ្លាក់​ឆ្ងាយ​ពី​កោយ​ដាំ​ជាង​មួយ​ចំអាម​នោះ អ្នក​ស៊ីគោល​ត្រូវ​លុតជង្គង់ ហើយ​យក​កើយ​នោះ មក​ដាក់​លើ​ក្បាលជង្គង់​ផ្ទាត់​តម្រង់​ទៅ​កោយ​ដាំ​បន្តទៅ​ម្ដងទៀត ទាល់តែ​អស់​កើយ​របស់ខ្លួន ។ បើ​កោយ​ស៊ីគោល​នោះ​រត់​ទៅ​ប៉ះ​ដូចជា​កើយ​ស៊ីគោល​ទៅមុន​ធ្លាក់​ត្រង់​កន្លែង​ណាមួយ​ ហើយ​កើយ​ទៅក្រោយរ​ត់​ទៅ​ប៉ះ​កោយ​មុន​នោះ ដល់​ពេល​អ្នកបាញ់​ពេល​ទៅ​បាញ់​ម្ដង​ទៀតនោះ អ្នក​ដាំគេ​ត្រូវ​ពិន័យ​ដូច្នេះ គឺ​កោយ​មុន​គេ​ឲ្យ​ផ្ទាត់​ដោយ​ស្រលៀង​ភ្នែក​ម្ខាង គឺ​ឲ្យ​ធ្មេចភ្នែក​ម្ខាង ឯ​កោយ​ក្រោយ​គេ​ឲ្យ​ផ្ទាត់​ដោ​យខ្វាក់ភ្នែក គឺ​ឲ្យ​ធ្មេចភ្នែក​ទាំងសងខាង ។ ដូច្នេះ​ទើប​គេ​ឲ្យឈ្មោះ កើត ២ នេះ​ថា កោយ​ខ្វាក់​ និង​ស្រលៀង​តាម​ទណ្ឌកម្ម​ដែល​គេ​ពិន័យ ស៊ីគោល​ដូច​បាន​រៀបរាប់​មក​នេះ​ត្រូវ​កោយ​ដាំ​ដួល​អស់​ហើយ​ គេ​ត្រូវធ្វើ​ស៊ី​ប៉ា​រ៉េត​តទៅទៀត ។​

​ ​ថ្នាក់​ទី ៣ ស៊ី​ប៉ា​រ៉េត​= ពួក​អ្នក​ស៊ីគោល​នោះ កាល​បានធ្វើ​ស៊ីគោល​រួចហើយ​គេ​នាំគ្នា យក​កោយ​ទៅ​ដាក់​ផ្ទាល់​នឹង​ដី ហើយ​បាញ់​ដោយ​ម្រាម​ដាំ​មួយ​ម្ដងៗ តម្រង់​ទៅ​រក​កោយ​ដាំ រហូតដល់​អស់​កើយ ការពិន័យ​មាន វ័ធ ណាប់ ស្រ​លៀង ខ្វាក់ របៀប​ដូច​ស៊ីគោល​ដែរ ខុស​គ្នា​ត្រង់​ស៊ីគោល​គេ​ធ្វើ​លើ​ក្បាលជង្គង់ , ចំណែក​ស៊ី​ប៉ា​រ៉េត ដាក់​កោយ​ផ្ទាល់​នឹង​ដី​តែ​ប៉ុណ្ណោះ ។ លុះ​ធ្វើ​ស៊ី​ប៉ា​រ៉េត​រួចហើយ​គេ​ធ្វើ​ត្រកង​តទៅទៀត ។​

​ ​ថ្នាក់​ទី ៤ ត្រ​កង ឬ ត្រឡ​ង​កង​= ក្រោយ​ដែលធ្វើ​ស៊ី​ប៉ា​រ៉េត​ត្រូវ​អស់ហើយ គេ​ចាប់​ធ្វើ​បន្តទៅទៀត គឺ​ត្រកង ។ ត្រកង​នេះ គឺ​គេ​ប្រមៀល​កោយ (​គ្រាប់​អង្គញ់​) ឲ្យ​រមៀល​ដូច​បរកង់ ហេតុនេះ​បាន​ជា​គេ​ហៅថា ‹​ត្រកង​ឬ​ត្រឡ​ង​កង​› ។ ត្រកង​មាន​ពីរ​បែប​,​គេ​យក​បែប​ណាមួយ​មក​លេង ក៏​បាន​តាមតែ​គេ​ណាត់​គ្នា ហៅថា ត្រកង​ទប់ ​និង​ត្រកង​ធា ។ ត្រកង​ទប់​,​គឺ​គេ​ប្រមៀល​កោយ​ទៅ​ហើយ​ត្រូវ​រត់តាម​ទៅ​យកដៃ​ខ្ទប់​ឲ្យទាន់ មុន​កោយ​នោះ​ដួល ហើយ​មិន​ឲ្យ​ហួស​មេក្លោង​ផង តែបើ​ទប់​មិនទាន់ បណ្ដោយ​ឲ្យ​កោយ​ដួល​ស្លៀម​ខ្លួន​វា ឬ​ទប់​ដែរ​តែ​មិន​បាន​យកដៃ​ខ្ទប់​ឲ្យ​ជិត​ល្អ លើ​កោយ​នោះទេ នោះ​គេ​ទុក​ជា​ស្អុយ​មិនបានការ​, ពួក​ខាង​ម្ខាង​ត្រូវ​ឡើង​ធ្វើ​ម្ដង ។ បើ​កើយ​នោះ រត់​លឿន​ពេក​ទៅ​ហួស​មេក្លោង​ឬ​មួយ​ក៏​ទង្គិច​ដួល​កោយ​ដាំ​ណាមួយ ក៏​ទុក​ជា​ស្អុយ​ត្រូវគេ ‹​ឡើង​› ដែរ ។ ឯ​ត្រកង​ធា​វិញ ពុំ​ពិបាក​រត់តាម​ខ្ទប់​ទេ តែ​ត្រូវ​មាន​វិន័យ​មិន​ឲ្យ​ហួស​មេក្លោង​ និង​ទង្គិច​កោយ​ដាំ​ឡើយ ។ របៀប​ត្រកង ក៏ដូចជា ស៊ី​គោល ឬ ស៊ី​ប៉ា​រ៉េត​ដែរ គឺ​ធ្វើបាន​ពី​ដំណាក់ គឺ​ត្រកង​ពី​ទីទៅដល់​ត្រង់​ណា​ហើយ អាច​តាម​ទៅ​បាញ់​ដល់​ម្រាមដៃ​ផ្ទាល់​នឹង​ដី​តម្រង់​ទៅ​កោយ​ដាំ​ម្ដងទៀត ប្រសិន​ជា​មាន​រះ​ដួល​កោយ​ដាំ​ម្ដង​ពីរ​ឬ បី​, ម៉ា​យ​,​ងីងើ​មិន​ដួល កោយ​ដាំ​នោះ គ្រាន់តែ​រង្គើ​ក៏​ត្រូវ​ទទួល​បទ​ពិន័យ​ដូច​មុនៗ​ដែរ ។​

​ ​ថ្នាក់​ទី ៥ ចាក់​ខ្ចែក​= ចាក់ខ្ចែ​ក​មាន​របៀប​ប្លែក​ពីមុនៗ​ គឺ​គេ​ឈាន​មួយ​ជំហាន​គំនិតពី​​ទី រួច​យក​អង្គញ់​ដាក់​លើ​ខ្នង​ជើង ហើយ​ឈាន​ពីរ​ជំហាន​ទៅមុខទៀត ទើបរ​លាស់​ចុងជើង គ្រ​វាត់គ្រាប់​អង្គញ់​ទៅ​ឲ្យ​ត្រូវ​កោយ​ដាំ ។ កាលណា​មិនត្រូវ​ក៏​ស្អុយ​កោយ​បោះ​នោះ ចោល​ទៅ កាលណា​ត្រូវ​អាច​យក​កោយ​ដដែល​នោះ​មក​ធ្វើ​សារជាថ្មី​បាន​ម្ដង​ទៀត ។ ប្រសិន​ជា​ដាក់​កោយ​ខ្នងជើង ហើយ​ឈាន​ពុំទាន់​ដល់​កោយ​ដាំ​​ស្រាប់តែ​ជ្រុះ​កោយ​ទៅ នោះ​គេ​ទុក​ជា​បាក់​កលៀន​អណ្ដាត គឺ​គេ​ឲ្យ​យក​ទៅ​ធ្វើ​ម្ដង​ទៀត​តែ​ឲ្យ​អ្នកនោះ ងើយ​ក​ឡើង​លើ​លៀន​អណ្ដាត មិនឲ្យ​មើល​ទៅកោយ​ដាំ​ទេ គឺថា ធ្វើ​ប្រថុយៗ​តាម​ស្មាន ។ ចាក់​ខ្ចែក ឥត​ធ្វើ​ពី​ដំណាក់​ឈើ​តាម​ទៅ​ផ្ទាត់​បាន​នៅ​ជិត​កោ​យ ដាំ​ដូច​ត្រ​កង ស៊ី​គោល​-​ស៊ី​ប៉ា​រ៉េត​ទេ គេ​ធ្វើ​យក​ត្រូវ​ពី​ទី​តែម្ដង ។ កាលបើ​មាន​រះ ,​មា​យ​,​កប់ គេ​ពិន័យ​ដូច​ធ្វើ​អ្វីៗ​ពីមុន​មក​ដែរ ។​

​ ​ថ្នាក់​ទី ៦ បោះ​ជោះ = បោះ​ជោះ​ក៏ដូចជា​បោះ​ពី​ដំបូង​ដែរ វិន័យ​គ្រប់បែបគ្រប់យ៉ាង​ដូចគ្នា​ទាំងអស់​សុទ្ធសាធ ។ គិត​ទៅ​បោះ​ជួស​នេះ ហាក់ដូចជា​គ្រាន់តែ​ជា​វិញ្ញាសារ​មួយ​សម្រាប់​រង់ចាំ​ពួក​ខាង​យឺត​ជាង ឲ្យបាន​ឱកាស​ដេញ​តាម​តែ​ប៉ុណ្ណោះ ។ បាន​ជា​ហៅថា បោះជោះព្រោះបន្ទាប់តែពីបោះនេះទៅ ត្រូវបានជោះហើយ (​គ្រាន់តែ​រង់ចាំ​ឲ្យគេ​តាម​ប៉ុន្មាន​ក្តារ ដែល​បាន​សន្មត់​តែប៉ុណ្ណោះ​) ។​

​ ​របៀប​ជោះ គឺ​គេ​យក​អង្គញ់​មួយ​ផ្ទាប់​ទៅដល់​ក្បាលជង្គង់ ហើយ​យក​អង្គញ់​មួយទៀត​វាយ​ជួយ​ពី​លើ រាប់​ចំនួន​តាម​ដែល​គេ​ត្រូវ​ជួស ។ ធ្វើ​បែប​នេះ​ហៅថា ‹​ជោះ​បាយ​ត្រជាក់​› ។ មួយ​បែប​ទៀត​ហៅថា ‹​ជោះ​បាយ​ក្ដៅ​› របៀប​នេះ​គេ​ផ្គុំ​អង្គញ់​ពីរ​តម្រួត​គ្នា គឺមួយ​ផ្តេក មួយ​បញ្ឈរ ហើយ​ជោះ​ខ្លាំងៗ​ទៅលើ​ក្បាលជង្គង់​មួយៗ​ឡើង​ក្រហម​សាច់ ទំរាំ​តែ​អស់​ចំនួន ៣០-៤០ សឹងតែ​ហើម​ក្បាលជង្គង់​តែម្ដង ជួនកាល គេ​យក​បំពង់​ឫស្សី​មក​ខោក​ក្បាលជង្គង់​ធ្វើ​ជា​ជោះ​ជំនួស​គ្រាប់​អង្គញ់​ក៏មាន ។​

​ ​ឯ​ឈ្មោះ​ពិន័យ​ដែល​ប្រើ​ក្នុង​ល្បែង​អង្គញ់​នេះ​មាន ៩ បែប​៖

​ ​ ​១- ស្អុយ (​គឺ​ធ្វើ​ខុស​ទុក​កោយ​នេះ ជា​អាសា​របង់​)

​ ​ ​២- មា​យ (​ត្រូវ​ម្ដង​ហើយ​ ត្រូវ​ដដែល​ម្ដងទៀត​)

​ ​ ​៣- រះ (​កោយ​បោះ​មួយ ត្រូវ​កោយ​ដាំ​ម្ដង​ពីរ​)

​ ​ ​៤- ងីងើ (​កោយ​បោះ​រត់​ប៉ះ​កោយ​ដាំ​ឲ្យ​រង្គើមិនដួល​)

​ ​ ​៥- ស្រ​លៀង -​ខ្វាក់ (​ព្រោះ​កើយ​បោះ​ទង្គិច​គ្នា​)

​ ​ ​៦- វ័ធ​-​ណាត់ (​កោយ​បោះ​ជិត​កោយ​ដាំ​ពេក​)

​ ​ ​៧- បាក់ក​លៀន​អណ្ដាត (​ចាក់​ខ្ទាត​ធ្លាក់​កើយ​កណ្ដាល​ទី​)

​ ​ ​៨- កប់​ទះ (​កោយ​ដាំ​ខ្ទេច​ចេញ កោយ​បោះ​នៅក្នុង​រន្ធ​ដាំ​)

​ ​ ​៩- ហួស​មេដំបូល (​សម្រាប់​ត្រកង​កុំ​ឲ្យ​ហួស​មេក្លោង​)

​ ​បទ​ពិន័យ​លើ​កំហុស​ទាំងអស់នេះ​មិន​ជា​ការ​ធ្ងន់​ពិបាក​ប៉ុន្មាន​ទេ មាន​កំហុស​ខ្លះ​គេ​គ្រាន់តែ ‹​ឡើង​› គឺ​គេ​ទុក​ក្ដារនេះ​ជា​អាសាបង់ ត្រូវ​ផ្ទេរ​ឲ្យ​ពួក​ម្ខាង​ទៀត​ឡើង​ទៅ​ធ្វើ​ម្ដង​ដូច​យ៉ាង ​ម៉ា​យ រះ កប់​ទះ ជាដើម ប៉ុន្តែ​ទោះជា​ត្រូវ ‹​ឡើង​› ក្ដី ក៏​លើក​ក្រោយ​គេ​អនុញ្ញាត​ឲ្យ​ពួក​នេះ ទុក​ជា​ធ្វើ​ត្រូវ​ទាំងអស់​នេះ​ដែរ ។ ឯ​បទ​ពិន័យ​ផ្សេង​ទៀត​ក៏​គ្រាន់តែ​ដាក់ទណ្ឌកម្ម ឲ្យ​លំបាក​ក្នុង​ការ​ធ្វើ​តែ​ប៉ុណ្ណោះ ពុំ​ទាន់​ចាត់​ទុក​ឲ្យ​កោយ​នោះ​ស្អុយ​ភ្លាមៗ​ទេ ។ ដូច្នេះ​បទ​ពិន័យ​គ្រាន់តែ​ឲ្យបាន​សប្បា​យបានយូរ​បន្តិច​ប៉ុណ្ណោះឯង ។​

​ ​សេចក្ដីបញ្ជាក់​:

​ ​គ្រាប់​អង្គញ់​ដូចគ្នានេះ គេ​អាច​យក​ទៅ​លេង​ជា​ល្បែង​មួយទៀត​ហៅថា ‹​លេង​កេល​› ។ គឺថា គេ​យក​កោយ​ដាំ​ប្រាំ​ដែរ ដាំ​ដង្ហែជាមួយ​ជួរ ហើយ​មាន​គូស​ទីមួយ ជា​កន្លែង​សន្មត ដាក់​កោយ​បោះ ៥ ដែរ តែ​ដាក់​ផ្ទាល់​និង​ដី គេ​យក​ជើង​កៀស​គឺ​ជើងឆ្វេង​ឈរ​ស្ងៀម លូក​ទៅ​មុខ​,​ជើង​ស្ដាំ​ថយ​មក​ក្រោយ​ចុច​កែង​ឲ្យ​ជាប់ទៅ​នឹង​ដី​ ហើយ​ចុង​ម្រាម​ឆ្កើស​យ៉ាងខ្លាំង​ ឲ្យ​កោ​យរត់​ទៅ​ត្រូវ​កោយ​ដាំ​ម្ដង​មួយៗ ទាល់តែ​អស់ បើ​កោយ​ណា​មិន​បាន​ត្រូវ​កោយ​ដាំ​ទេ គេ​ទុក​ជា​ស្អុយ តែបើ​បាន​ត្រូវ​គេ​ឲ្យ​ត្រឡប់យកម​កកេល (​ឆ្កើស​ចុង​ម្រាមជើង​) បាន​ម្ដង​ទៀត ។ ពួក​ខាង​ណា​ធ្វើ​ត្រូវអស់​មុន ឈ្មោះថា ឈ្នះ អាច​ជួស​អ្នកចាញ់​បាន ។​

​ ​របៀប​លេង​គ្រាប់​អង្គញ់​មួយ​យ៉ាង​ទៀត​គេ​ហៅថា ‹​បាញ់​រង​› គឺ​មាន​អ្នកលេង​ពីរ​ពួក ។ ពួក​ម្ខាងៗ​មាន​កោយ ១០ រៀងខ្លួន​គឺ​សម្រាប់​ដាំ ៥ បាញ់ ៥ ។ គេ​ដាំ​ជួរ​តម្រៀប​គ្នា​ម្ខាង​ម្នាក់ ហើយ ​​យក​កោយ​បាញ់ បាញ់​ទៅ​ខាង​ពួក​បរ​បក្ខ​ម្ដងម្នាក់ ខាង​ណា​បាញ់​រំលំ​របស់​ពួក​ម្ខាង​គេ​អស់​មុន​ឈ្មោះ​ថា ឈ្នះ បាន​ជោះ​គេ ឯ​បាញ់​នោះ គឺ​ឈរ​បត់​ក្បាលជង្គង់​ម្ខាង​ដាក់​ចោល​លើ​ក្បាលជង្គង់​បាញ់នឹង​ម្រាមដៃ តម្រង់​ទៅ​កោយ​ដាំ​តែម្ដង ។​

​ ​ល្បែង​អង្គញ់​អាច​រ៉ាប់​ចូល​ក្នុង​ពួក​កីឡា ហាត់​ដៃ​ឲ្យ​ត្រង់ ហាត់​ភ្នែក​ឲ្យ​វៃ ហាត់​ស្មារតី​ឲ្យ​មូល ៕​

៦. ល្បែង​បិទពួន 

ជា​ល្បែង​មួយ​យ៉ាង​ដែល​ពួក​កុមារា កុមារី​ជំទង់ៗ​តែង​លេង​កំសាន្ត សប្បាយៗ​នៅ​ពេល​រាត្រី​ខែ​ភ្លឺ ។ ល្បែង​នេះ​គេ​លេង​គ្មាន​កំណត់ ខែ​ណា រដូវ​ណា​ទេ នៅ​ខែ​ណា រដូវ​ណា​ក៏​បានឲ្យតែ​មាន​ពេល​លំហែរ ហើយ​គ្មាន​កំណត់​ចំនួន​មនុស្ស​ឡើយ ។ វិធានការ​នៃ​ល្បែង​នេះ គឺ​ពួក​ម្ខាង​អ្នក​ពួន ពួក​ម្ខាង​ទៀត​អ្នក​ដើររក​, ការ​រក​ឃើញ​គេ​ដេញ​ចាប់​ពួក​អ្នក​ពួក​ ដើម្បី​ញៀច (​មូល​ស្លឹកត្រចៀក​) ។​

​ ​

​របៀប​លេង​ : ​មុន​ដំបូង​គេ​បបួល​កុមារា កុមារី ដែល​មាន​អាយុ​ស្រ​បាលៗ​គ្នា ឲ្យបាន​ច្រើន​ប្រមាណ ៥ ឬ ១០ នាក់​ឡើងទៅ ស្រេច​តែ​មាន​គ្នា​តិច​ ឬ​ច្រើនចែកជា ២ ផ្នែក​ស្មើគ្នា ស្រី​ម្ខាង ប្រុស​ម្ខាង ឬ​លាយ​ចម្រុះ​គ្នា​ទាំងស្រី​ទាំងប្រុស ឬ​ក៏​សុទ្ធតែ​ប្រុស សុទ្ធតែ​ស្រី​ក៏បាន ។ គេ​កំណត់​កន្លែង​ណាមួយ ដែល​មាន​ភាព​ដី​ស្រឡះ ឲ្យឈ្មោះ​ថា ‹​ទី​› ហើយ​គេ​ឲ្យ​ពួក​ម្ខាង​ទៅ​ពួន នៅ​ទី​ដទៃ គឺ​ត្រូវ​ពួន​របៀប​ណា កុំ​ឲ្យ​ពួក​ម្ខាង​ទៀត​រកឃើញ​បាន​ដោយ​ងាយ ពួក​ម្ខាង​ទៀត​ឈរ​ធ្មិចភ្នែក​ ឬ​បិត​ភ្នែក​នៅ​ក្នុង​ទី ។ ត្រណម​របស់​ពួក​នេះ​នៅត្រង់​ធ្មិចភ្នែក គឺ​គេ​សន្យា​គ្នា​ថា អ្នក​ណា​លួច​មើល​ពួក​គេ​អ្នក​ពួនឲ្យដឹងថា គេ​ពួន​ត្រង់នេះ ត្រង់​នោះ និង​ត្រូវ​ស្អុយ​ភ្នែក ។ ចំនួន ២-៣ នាទី ទើប​ពួក​អ្នក​នៅ​ក្នុង​ទី បើកភ្នែក​ឡើង​ស្រែកថា ‹​បើកគ្រប​បាយ កំ​កាយរក អ្នក​ណា​មិន​មក អញ​រក​ឃើញ​› ហើយ​ក៏​ចាប់​ម្នាក់​រើស​រក​អ្នក​ណា​មាន​មាឌ​មាំ​បន្តិច ក្នុង​បណ្ដា​ពួក​អ្នក​នៅចាំ​ទីនោះ ឲ្យនៅ​ចាំទី​ការពារ កុំ​ឲ្យ​ពួក​អ្នក​ទៅ​ពួន​រត់​មក​ចូល​ទី​បាន សល់​ប៉ុន្មាន ឲ្យ​ដើររក​គ្រប់​ទីកន្លែង​ដែល​កំបាំងៗ ។ បើ​អ្នកណា​មួយ ឃើញ​អ្នក​ពួន​ណា​ម្នាក់​ក៏​នាំគ្នា​ដេញ​ចាប់​ញៀច បើ​ដេញ​ញៀច​បាន ឈ្មោះថា ស្អុយ បើ​មិន​បាន អ្នក​ពួន​នោះ​រត់​ចូល​ទី​បាន ឈ្មោះថា បាន​រួចខ្លួន មិន​ត្រូវ​ដេញ​ញៀច​គេ​ទៀត​ទេ​, ប៉ុន្តែ​អ្នក​ពួន​នោះ បើ​ចូល​ទី ហើយ​ត្រូវ​ស្រែក​ឲ្យ​ខ្លាំងៗ​ថា ‹​ចូល​ទី​› បើ​មិន​ស្រែក​ទេ​គេ​មាន​អំណាច​ញៀច​បាន​ទៀត ។ លុះ​អ្នកដើរ រក​ឃើញ​ពួក​អ្នក​ពួន​អស់ហើយ ឬ​បើ​មិនទាន់​ឃើញ​អស់គេ​ខំ​ដើរ​រក​ឲ្យ​ទាល់តែ​ឃើញ ទោះបី​ញៀច​បាន​ក៏ដោយ មិន​បាន​ក៏​ដោយ មកជួបជុំ​ហើយ គេ​ក៏​និយាយ​ប្រាប់​អ្នក​ទាំង​គ្នា (​ទាំង​ពីរ​ផ្នែក​) ថា ពួកគេ​ញៀច​បាន​ប៉ុណ្ណេះ​អ្នក ប៉ុណ្ណោះ​អ្នក តាមតែ​គេ​ញៀច​បាន រួច​ហើយ​ពួក​អ្នក​នៅ​ចាំទី​មុន​នោះ ទៅ​ពួន​វិញ ,​ឯ​ពួក​អ្នក​ពួន​មុន​ត្រូវ​នៅ​ក្នុង​ទី ហើយ​ដើររក​គេ​ផ្លាស់ប្ដូរ​គ្នា​តែ​របៀប​នេះ​រហូតដល់​ពេល​ឈប់​លេង ។​

​ ​ក្នុង​ការផា្លស់ប្ដូរ​នេះ គឺ​ទៅ​ពួន​ម្ដង​មួយផ្នែក រួច​ហើយ​បើ​ពួក​ខាង​ម្ខាង​ញៀច​គេ​បាន ៣-៤ នាក់ ដល់​ពួក​ម្ខាង​ទៀត​ញៀច​គេ​វិញ​បាន​តែ ២-៣ នាក់​ពួក​នោះ​ឈ្មោះ​ថា ចាញ់​គេ ។​

​ ​តាមរបៀប​អ្នកស្រុក​ខ្លះ គេ​លេង​ប្លែក​ពី​នេះ​បន្តិច គឺ​គេ​ប្រមូល​អ្នក​ស្ម័គ្រ​លេង​ទាំង​ប៉ុន្មាន​ម​ក​ឈរ​ដំ​កង់ ហើយ​មា្ន​ក់​ផ្ដើម​សូត្រ​ថា ‹​ត្រៃ​ត្រក ត្រៃ​ត្រេន​› ឬថា ‹​កាច់​ស្លឹក​ឫស្សី សំដី​ល្ង ខែ​ចែ​ត្រ​ពេញ​បូណ៌ លោក​ឲ្យ​លេង​ពួន លេង​ខែ​ណា លេង​ខែ​ដូង​ព្រះ កាច់​សន្ទះ​មហា​ទង់ដែង អញ្ចែង​អញ្ចាប់ អញ្ចែង​ចង្វាក់ អ​អឺត​អន្ទង អំ​ពង​អំ​ពួន ប្រពន្ធ​ចៅហ្វាយ​› ។ ក្នុង​ការសូត្រ​ពាក្យ​ទាំងនេះ គេ​ចង្អុល​បណ្ដើរ​ទៅ​ចំ​ខ្លួន​មនុស្ស​មា្ន​ក់ៗ គឺ​មួយ​មាត់​ចង្អុល​ម្នាក់ៗ បើ​អស់​ចំ​ទៅលើ​រូប​អ្នកណា អ្នកនោះ​ត្រូវ​រត់​ទៅ​រក​កន្លែង​ពួន រួច​ធ្វើ​ដូច​មុន​ទៀត​រហូត​ដល់​សល់​តែ​ម្នាក់​ក្រោយ​គេ​ទុក​ជា​អ្នក​នៅ​ចាំទី ។ កាលណា​អ្នក​ទៅ​ពួន​ស្រែកថា ‹​រួច​› អ្នក​ចាំ​ទៀ​ដើរ​តាមរក​ញៀច បើ​ញៀច​បាន​នរណា​មួយ ត្រូវ​ប្ដូរ​អ្នក​នោះ​មក​ចាំទី​ម្ដង ឯ​ចាំទី​មុន ត្រឡប់​ទៅ​ពួន​វិញ តែ​ញៀច​ម្ដង បាន​តែ​មួយ​នាក់​ទេ ទោះ​ជា​គេ​ពួន​នៅ​ជិត​គ្នា​ក៏​ដោយ ហើយ​បើ​ខុស​ពី​ត្រណម​នេះ គេ​ទុក​ជា​ស្អុយ គេ​រៀបចំ​លេង​សារជាថ្មី​ម្ដងទៀត ធ្វើ​តែ​យ៉ាង​នេះ​បន្តៗ​ទៅ ។ ប្រសិនជា យូរ​ពេល​ហើយ​នរណា​មួយ​គេ​ខ្សិល​ពួន អាច​រត់គេច​ពី​ភ្នែក​អ្នកចាំទី មក​អង្គុយ​ត្រង់​ទី​ក៏បាន ចាំ​គេ​ញៀច​បាន​នរណា​ថ្មី​ទៀត​សឹមរ​ត់ទៅ​ពួន​ម្ដងទៀត​កាលណា អ្នកណាម្នាក់ ចង់​ឈប់​លេង​ត្រូវ​ស្រែក​គ្នា​រហូត​ថា ‹​បើក​បាយ​ក្រហាយ​ទឹក អ្នក​ណា​មិន​ឈប់​លេង​› បើ​គេ​ស្រែក​ដូច្នេះ​រួច អ្នកចាំទី​គ្មាន​សិទ្ធ​ញៀច​គេ​ទៀត​ទេ ។​

​ ​ល្បែង​នេះ​ជា​ល្បែង​អាច​ចាត់​ចូល​ក្នុង​ពួក​កីឡា​ហាត់ប្រាណ​បាន ត្រង់​ការ​រត់​ការ​ស្ទុះ ការ​លោត ការដេញ ៕​

៧. ល្បែង​គ្រប​មាន់ ​(អ្នកខ្លះ​គេ​ហៅថា ល្បែង​លាក់​មាន់)

ជា​ល្បែង​កំសាន្ត​មួយ​យ៉ាង​របស់​ពួក​កុមារា កុមារី​ជំទង់ៗ គ្រប់​ភូមិ​ស្រុក ទូទៅ​ទាំង​ប្រទេស​កម្ពុជា ដែល​តែងតែ​លេង​នៅ​ពេលទំនេរ ក្នុង​វេលា​យប់​ខែ​ភ្លឺ ។ អ្នកលេង​មាន​ស្រី​មាន​ប្រុស​មាន​គ្នា​តាំងពី ៨ នាក់ ឬ ១០ នាក់​ម្ខាង​ឡើងទៅ ។ របៀង​លេង​គេ​ជ្រើស​យក​ក្មេងប្រុស​ម្នាក់​ស្រី​ម្នាក់ ក្នុង​បណ្ដាល​ពួកគេ​ទាំង​ពីរ​នោះ មក​គ្រប​សំពត់​ ឬ​ក្រមា ឲ្យ​ជិត​ខ្លួន​តាំងពី​ក្បាល​ដល់​ចុងជើង ប៉ុន្តែ​កុំ​ឲ្យ​ស្គាល់​ជា​នរណា ហើយ​គេ​ឲ្យ​ក្មេង​ទាំង​ពីរ​នាក់​នោះ ក្រាប​បែរមុខ​រកគ្នា គឺ​ខាង​ប្រុស​តំណាង​មាន់​ឈ្មោល ខាង​ស្រី​តំណាង​មាន់​ញី ។​

​ ​កាល​ក្រាប​ហើយ​គេ​ឲ្យ​ពួក​ខាង​ប្រុស​ម្នាក់គោះ​ខ្នង​មាន់​ខាង​ស្រី​ឲ្យ​រងា​វ មាន់​ខាង​ស្រី​រងាវ​ថា ‹​កិក​កិ​កែ​កឺ​ត​› ឡើង ដោយ​ខំ​ធ្វើ​សំលេង​ឲ្យ​ប្លែក​ពី​ធម្មតា ។ តែបើ​សា្ត​ប់​សូរ​មិន​បាន​គេ​អាច​គោះ​ឲ្យ​រងាវ​បាន បី ដង​ពួក​ខាង​ប្រុស​ចាំ​ស្ដាប់​សំលេង​មាន់​ខាង​ស្រី​នោះ ហើយ​គេ​ទាយ​តាម​ឈ្មោះ​មនុស្ស​ស្រី​ដែល​គេ​ស្គាល់ ទាយ​ហើយ​គេ​បើក​គំរប​ឡើង បើ​ត្រូវគេ​យក​មាន់​នោះ​មក​ទុក​ជា​របស់​គេ រួច​ហើយ​ខាង​ស្រី​គោះ​មាន់ ខាង​ប្រុស​ឲ្យ​រងាវ​ម្ដង ។ មាន់​ខាង​ប្រុស​រងាវ​ថា ‹​កិក​កិ​កែកឺ​ត​› ដូចគ្នា ។ ពួក​ខាង​ស្រី​ចាំ​ស្ដាប់​សំលេង​មាន់​ខាង​ប្រុស​នោះ ហើយ​គេ​ទាយ​តាម​ឈ្មោះ​មនុស្ស​ប្រុស ដែល​គេ​ស្គាល់​បើ​ខាង​ស្រី​ទាយ​ត្រូវ ខាង​ប្រុស គេ​យក​មាន់​ខាង​ស្រី ដែល​គេ​យក​ទៅ​នោះ មក​សង​ស្រី​វិញ តែ​បើ​ខាង​ស្រី​ទាយ​ខុស ខាង​ប្រុស​គេ​យក​មាន់​ខាង​ស្រី​នោះ​ទៅទៀត ។​

​ ​ការ​ទាយ​សំលេង​មាន់​ស្រេច​លើ​ខាង​ណា​ទាយ​ត្រូវ​ច្រើន គេ​បាន​មាន់​ច្រើន​, ​ខាង​ណា​ទាយ​ខុស​ច្រើន ត្រូវ​បង់ខាត​មាន់​ច្រើន​ដែរ ។ គេ​ធ្វើ​របៀប​នេះ​ទាល់តែ​ម្ខាងៗ​អស់​មាន់​ទាំង​អស់ ឬ​មាន់​ច្រើនជាងគេ​ទុក​ជា​ចាញ់ ខាង​ណា​បាន​មាន់​ច្រើន​គេ​ទុក​ជា​ឈ្នះ ហើយ​គេ​រៀបចំ​ជា​ថ្មី​ឡើងវិញ ។ គេ​ចេះ​តែ​ធ្វើ​របៀប​នេះ ដរាប​ដល់​ពេល​ណា ដែល​គេ​សន្មត់គ្នា​ថា ​ឈប់ ទើប​លែង​លេង ។​

​ ​ល្បែង​នេះ ជា​ល្បែង​កំសាន្ត​មួយ​យ៉ាង​សំរាប់​កុមារា កុមារី ជំទង់ៗ​លេង​តាម​សប្បាយ ដែល​ជា​ល្បែង​ហាត់​បញ្ញា ហាត់​គំនិត ឲ្យ​ប៉ិនប្រសព្វ​ខាង​ស្ដាប់ ខាង​កាត់​ប្រមាណ​តម្រូវ​តាម​សំលេង​របស់​មនុស្ស ៕​

៨. ល្បែង​ប្រជល់មាន់ 

ជា​ល្បែង​មួយ​យ៉ាង​របស់​ពួក​កុមារា កុមារី ជំទង់ៗ​ទូទៅ​ក្នុង​កម្ពុជរដ្ឋ គេ​តែងតែ​លេង​កំសាន្ត​ក្នុង​វេលា​យប់ ។ សមាសភាព​នៃ​អ្នកលេង​ល្បែង​នេះ មាន ៤ នាក់ គឺ​ប្រុស​ម្នាក់ ធ្វើ​មាន់​ឈ្មោល ស្រី​ម្នាក់​ធ្វើ​មាន់​ញី ប្រុស​ម្នាក់​ស្រី​ម្នាក់​ចាំ​ធ្វើជា​អ្នក​ឲ្យ​ទឹ​កមាន់ ។ ពេល​លេង​ប្រុស​ម្នាក់​ស្រី​ម្នាក់​ដែល​ធ្វើ​មាន់ ចូល​ទៅ​ឱនក្រាប​ទន្ទឹមគ្នា មួយ​បែរមុខ​ទៅ​ខាងជើង មួយ​បែរមុខ​ទៅ​ខាងត្បូង ។ ឯ​ប្រុស​ម្នាក់​ដែល​ធ្វើ​ជា​អ្នក​ចាំ​ឲ្យ​ទឹក​ចូល​ទៅ​ឈរ​ក្បែរ​មាន់​ឈ្មោល​មាន់​ញី របស់​ខ្លួន​ចាំ​ឲ្យ​ទឹក​មាន់ខ្លួន​ ។

​ ​ពេល​រៀប​ឲ្យ​មាន់​ជល់​គ្នា ម្ចាស់​មាន់​គេ​ទះដៃ​ស្រែក​ឡើង​ថា ‹​យើង​បាន​គ្នា​ហើយ​› ។ បន្ទាប់ពី​ម្ចាស់​មាន់​ស្រែក តួ​មាន់​ក៏​រៀបខ្លួន​ចូល​ទៅ​ជល់ ដោយ​កាងដៃ​ឡើង​ធ្វើ​បែប​មាន់​ទទះ​ស្លាប ហើយ​ដើរ​ឱនៗ​ចូល​ទៅ​ឈរ​ជិតគ្នា មាន​អា​ការៈដូ​ច​អួត​ជល់​គ្នា តែ​មិន​ឲ្យ​ប៉ះទង្គិច​ស្មា​ឬ​ប៉ះ​ដៃ​គ្នា​ទេ គ្រាន់តែ​លើក​ដាក់​ដៃ​ទាំងពីរ តាម​ចង្វាក់​ពាក្យ​ច្រៀង​របស់​ម្ចាស់​មាន់ប៉ុណ្ណោះ ។ ពេលនោះ ម្ចាស់​មាន់​គេ​ច្រៀង​ឡើង​ថា ‹​មាន់​នាង​នី​វ៉ើយៗ ជល់​នឹងមាន់​នាង​នល់ លោក​ឲ្យ​លោក​ប្រជល់ វ៉ឺ​យៗ មាន់​យើង​ឈ្នះ​គេ​› ។ កាល​ម្ចាស់​មាន់​ច្រៀង​ហើយ មាន់​ទាំងពីរ​ក៏​លោត​ចូល​ទៅ​ឈរ​កណ្ដាល​វង់ ហើយ​លោត​ចេញ​មក​វិញ ចេញ​មក​ហើយ​ចូល​ទៅ​វិញ​ទៀត ដោយ​ធ្វើ​អការៈទ​ទះ​ស្លាប​ដូច​មុន ម្ចាស់​មាន់​ក៏​ស្រែកច្រៀង​ដូច​មុន​ម្ដងទៀត ។​

​ ​មាន់​ខាង​ណា​មាន​អាការៈ​ក្លៀវក្លា​ស្វាហាប់​ក្លាហាន​ខ្លាំងពូកែ​ជាងគេ ក្នុង​វេលា​ជល់គេ​ទុក​ជា​ឈ្នះ ។ កាលបើ​មាន​មួយគូ​មុន ដឹង​ឈ្នះ​ចាញ់​ហើយ ម្ចាស់​មាន់​គេ​ឲ្យ​មាន់​ផឹកទឹក គឺ​ឲ្យ​ផឹក​ទឹកត្នោត ឬ​ឲ្យ​ស៊ី​បបរ​ជាដើម ជា​កំសាន្ត​សប្បាយ ហើយ​គេ​រៀបចំ​ប្រជល់​សារជាថ្មី​ទៅទៀត ។ គេ​លេង​តែ​របៀប​នេះ​រហូតដល់​ពេល​ឈប់ ។​

​ ​ល្បែង​នេះ អាច​រាប់​ចូល​ក្នុង​កីឡា​សំរាប់​បង្ហាត់​ក្មេង​ឲ្យមាន​ទំលាប់​ប្រកាន់នូវ​សេចក្ដីក្លាហាន​បាន ៕​

៩. ល្បែង​ឳ​ប​ត្រឡាច ឬ បេះឪឡឹ​ក

ល្បែង​ខ្មែរ មាន​ច្រើន​បែប ល្បែង​ខ្លះ​គេ​លេង​តែ​ក្នុងពេល​ថ្ងៃ ល្បែង​ខ្លះ​គេ​លេង​តែ​ក្នុង​ពេល​យប់​ខែ​ភ្លឺ ល្បែង​ខ្លះ​គេ​លេង​តែ​ក្នុងពេល​បុណ្យចូលឆ្នាំ​ជាដើម ល្បែង​ខ្លះ​គេ​លេង​មិន​កំណត់ពេល ។​

​ ​ល្បែង​ដែល​លេង​តែ​ក្នុង​ពេល​យប់​ខែ​ភ្លឺ ហើយ​មិន​ចាំបាច់​មាន​បុណ្យទាន​អ្វី​នោះ មាន​ល្បែង​ឳ​ប​ត្រឡាច ឬបេះ​ឪ​ឡឹ​កជាដើម ។ ល្បែង​នេះ​ជា​ល្បែង​កំសាន្ត​សប្បាយ របស់​ពួក​កុមារា កុមារី នៅ​គ្រប់​និគមជនបទ​នៃ​ប្រទេស​កម្ពុជា​ ។

​ ​របៀប​លេង មុនដំបូង ពួក​កុមា​រប្រុស​ស្រី ស្រុះស្រួល​ចិត្ត​បបួល​គ្នា​ឲ្យមាន​ចំនួន​ច្រើន រួច​ហើយ​គេ​ចាត់​ម្នាក់​ឲ្យធ្វើ​ត្រឡាច ឬ​ឪ​ឡឹ​ក ម្នាក់​ទៀត​ឲ្យធ្វើ​អ្នកទិញ សល់​ប៉ុន្មាន​គេ​ឲ្យធ្វើ​ត្រឡាច ឬ​ឪឡឹ​ក​ទាំងអស់ ​ហើយ​អ្នកលេង​ទាំងនោះ​គេ​សំដៅ​ទៅ​រក​គល់ឈើ ឬ​ដង្គត់​អ្វីមួយ ឲ្យតែ​មាន​ទំហំ​ល្មម​ឱប​បាន ដោយ​ហោចទៅ​សសរផ្ទះ​ក៏​បាន​ដែរ ឲ្យតែ​ជា​ទីវាល​ស្រឡះ​ល្អ ។ កាល​បាន​កន្លែង​ស្រួលបួល​ហើយ ក្មេង​ម្នាក់​ជាអ្នកទី១ ក្នុង​បណ្ដា​ក្មេង​ដែល​គេ​ឲ្យធ្វើ​ត្រឡាច ឬ​ឪ​ឡឹ​ក​នោះ អង្គុយ​ឱប​ដើមឈើ ឬ​សសរ​នោះ​ទាំង​ជើង​ទាំង​ដៃ ក្មេង​ម្នាក់​ទៀត​ជាអ្នកទី២ អង្គុយ​ឱប​ចង្កេះ​យក​ជើង​ទាំង​ពីរ​ដាក់​លើ​ភ្លៅ​ក្មេង​ទី១ ក្មេង​ទី៣ យក​ដៃ ​និង​ជើង​ឱប​ក្មេង​ទី២ ដូច​ក្មេង​ទី២ ឱប​ក្មេង​ទី១ ដែរ ឯ​ក្មេង​ដទៃ​ទៀត​ក៏​បន្ត​គ្នា​រហូត​ទាល់តែ​អស់​ពួក​ក្មេង​ដែល​ត្រូវធ្វើត្រឡាច​ ឬ​ឪ​ឡឹ​ក ។ ឯ​ក្មេង​ម្នាក់​ដែល​គេ​ធ្វើ​ជា​ម្ចាស់​ត្រឡាច​ ឬ​ឪ​ឡឹ​កឈរ​ធ្វើ​ព្រងើយ ដើរ​រេរាៗ​ក្បែរ​ក្មេង​ជា​ត្រឡាច ​ឬ​ឪ​ឡឹ​ក​ទាំងនោះ ហើយ​ក្មេង​ម្នាក់ទៀត ដែល​គេ​ឲ្យធ្វើជា​អ្នកទិញម​កសួរ​តថ្លៃ​អ្នកល​ក់ បី​ដូច​ជា​គេ​ទិញ​ធម្មតា ។ តថ្លៃ​គ្នា​ត្រូវ​រ៉ូវហើយ​ក៏​ឲ្យ​អ្នកទិញ​បេះ​តាមចិត្ត ។ អ្នកទិញ​ក៏​ដើរ​យក​ដៃ​គោះ​ខ្នង​ក្មេង​ដែល​អង្គុយ​ឱប​គ្នា​នោះ ។ គោះ​បណ្ដើរ​សួរ​បណ្ដើរ​ថា ខ្ចី ​ឬ​ទុំ ? ។ អ្នក​បន្តៗ​ពី​ដើម​ទៅ ចេះ​តែ​ឆ្លើយថា ​ខ្ចីៗ លុះដល់​ចុង​ផ្លែ​បំផុត​ទើប​ឆ្លើយថា​ ទុំ រួច​អ្នកទិញ​ក៏​បេះ​យក​អ្នក​នៅ​ចុង​គេ​បំផុត​នោះ​ទៅ ដោយ​ខំប្រឹង​ទាញ​មែនទែន ព្រោះ​អ្នក​អង្គុយ​ឱប​គ្នា​គេ​ខំប្រឹង​ឱប​ចំកោង​ខ្នង​តែ​រៀងខ្លួន​តាំងពី​អ្នក​ខាងចុង​រហូត​អ្នក​ខាង​គល់ រេ​ចុះ​រេ​ឡើង ដោយ​អ្នក​បេះ​ប្រឹង​ទាញ​ខ្លាំងពេក ។ អ្នក​បេះ​ក៏​បេះ​ប្រឡេះ​បាន​មួយ​ម្ដង​ដរាប​ដល់​អស់​មនុស្ស​ជួនកាល​ក៏​បេះ​បាន​ប៉ុន្មាន​យកមក​ដាក់​មួយ​ដុំ បើ​អ្នក​ទិញ​បេះ​មិន​បាន ដោយ​កម្លាំង​ខ្សោយ​ជាងគេ​នោះ ក៏​រើ​លេង​សាជាថ្មី​ម្ដងទៀត ។ ឯ​អ្នក​លក់ អ្នកទិញ​ទ្រ​ឡា​ច​ទៅ​ធ្វើ​ជា​អ្នក​ឱប ហើយ​អ្នក​ឱប​មុន​ក៏​ប្ដូរ​ទៅ​ធ្វើ​ជា​អ្នកលក់​អ្នកទិញ​វិញ ។ គេ​ធ្វើ​តែ​របៀប​នេះ​រហូតដល់​ពេល​ឈប់​លេង ។​

​ ​ល្បែង​នេះ​ជា​កីឡា​របស់​ខ្មែរ​សម័យបុរាណ សម្រាប់​ហា​ត់ដៃ​ហាត់​ជើង​ឲ្យមាន​កំលាំង​ពលំ​មាំមួន ឲ្យមាន​សាច់ដុំ​ល្អ មាន​សុខភាព​ស្រួលបួល ៕

១០. ល្បែង​លាក់កន្សែង 

ជា​ល្បែង​មួយ​យ៉ាង​របស់​ក្មេង​ខ្មែរ​ក្នុង​បុរាណកាល​តែង​លេង​សំរាប់​ជាទី​ កំសាន្ត​សប្បាយ នៅពេល​យប់​ខែភ្លឺ​ក្នុង​រដូវចូលឆ្នាំ ឬ​នៅ​ពេល​ជា​ចន្លោះ​ការ​ហត់នឿយ​ម្ដងៗ ។​

​ ​មុនដំបូង ពួកក្មេងៗ​គេ​បបួល​គ្នា​បាន​ចំនួន​ពី ៦-៧ នាក់​ឡើងទៅ ឲ្យ​អង្គុយច្រហោង​ដំ​កង់​ជា​វង់​មូល ដាក់​ដៃ​ទាំង​ពីរ​ទៅមុខ​លើ​ក្បាលជង្គង់​ក្នុង​ទី​ណាមួយ​ដែល​ជា​ទីវាល​ស្រឡះ​ រាបស្មើ​ល្អ ។ ហើយ​គេ​យក​កន្សែង ឬ​ក្រមា​តូច​មួយ​មក​រុំ​មូល​ឆ្មូល​រឹត​ឲ្យ​តឹង​ណែន​ល្អ ទុក​ជា​យ​បន្តិច​សម្រាប់​កាន់ យួរ​បាន ស​ន្ម​ត់​ហៅ​ថា កន្សែង មាន​ម្នាក់​ក្រោក​ចេញ​ទៅ​ក្រៅ​វង់​កាន់​កន្សែង​នោះ ដើរ​ព័ទ្ធជុំវិញ​យ៉ាង​លឿន ពី​ខាងក្រោយ​ខ្នង​អ្នក​អង្គុយ បញ្ឆោត​អ្នក​អង្គុយ​មិនឲ្យ​ដឹងខ្លួន​ថា គេ​លាក់កន្សែង​ក្រោយខ្នង​អ្នកណា ។​

​ល្បែង​នេះ មាន​ត្រណម​យ៉ាង​តឹងរឹង​មិន​ឲ្យ​អ្នកលេង​ងាកក្រោយ ឬ​លូកដៃ​ទៅ​ក្រោយខ្នង បើ​អ្នកណា​មួយ​ហ៊ាន​ងាក ឬ​លូក​ស្ទាប​ខ្នង ក្រោយខ្នង អ្នក​លាក់​គេ​មាន​អំណាច​ដាក់​ទណ្ឌកម្ម​អ្នកនោះ មិន​ឲ្យ​ឡើង​លាក់កន្សែង ឬ​គេ​ឲ្យ​អ្នក​នោះ​អង្គុយ​ធ្មេចភ្នែក​ក៏បាន ស្រេច​តែ​គេ​ដាក់ទោស​យ៉ាងណា​តាម​ចិត្ត​គេ​ស្ម័គ្រ ។ អ្នក​លាក់ លុះ​រត់​ក្រឡឹង​អ្នក​អង្គុយ ២-៣ ជុំ​ហើយ មើល​តែ​អ្នកណា​អង្គុយ​បែប​ភ្លេចខ្លួន គេ​ក៏​ដាក់​កន្សែង​ក្រោយខ្នង​អ្នក​នោះ​ភ្លាម រួច​គេ​រត់​យ៉ាង​រហ័ស​ព័ទ្ធ​វង់​អ្នក​អង្គុយ ដើម្បី​ឲ្យ​ឆាប់​រក​ដល់​កន្លែង​កន្សែង​ដែល​គេ​ដាក់​នោះ ។ បើ​អ្នក​ដែល​ត្រូវ​គេ​លាក់កន្សែង​ពីក្រោយ​ខ្នង​នោះ​មិនដឹង​ខ្លួន លុះ​អ្នក​លាក់​គេ​រត់​ក្រឡឹង​មក​ម្ដង​ទៀត​ចាប់​យក​កន្សែង​នោះបាន​មុន គេ​ទុក​អ្នក​លាក់​នោះ​ជា​ឈ្នះ ត្រូវ​មាន​អំណោយ​រើស​យក​កន្សែង​ទៅ​គក់​ខ្នង​អ្នក​ដែល​អង្គុយ​នោះ ហើយ​គេ​យក​កន្សែង​លាក់ត ។​

​ ​តែ​បើ​អ្នក​អង្គុយ​ដឹងខ្លួន​ថា គេ​លាក់កន្សែង​ចំ​ក្រោយខ្នង​ខ្លួន ហើយ​ចាប់​យក​កន្សែង​បាន​មុន​អ្នក​លាក់​រត់​មក​ដល់ គេ​ទុក​អ្នក​អង្គុយ​នោះ​ជា​ឈ្នះ ត្រូវ​មាន​អំំណាច​ក្រោក​ឡើង​ចាប់​កន្សែង​ដេញ​គក់​អ្នក​លាក់​នោះ​វិញ តែបើ​អ្នក​នោះ​គេ​រត់​ទៅ​ដល់​កន្លែង​ចន្លោះ​អង្គុយ​បាន​ទៅ អ្នក​កាន់​កន្សែង​នោះ មិន​ត្រូវ​គក់​គេ​ទេ ត្រូវរ​ត់​ក្រឡឹង​អ្នក​អង្គុយ​ដំ​កង់ ដើម្បី​នឹង​លាក់​តទៅទៀត គឺថា អ្នក​លាក់​ពីមុន​ត្រូវ​ទៅ​អង្គុយ​កន្លែង​អ្នក​ចាប់​កន្សែង​បាន​ក្នុង​វង់​ ដដែល ។​

​ ​គេ​លេង​តែ​របៀប​នេះ​រហូតដល់​ពេល​ឈប់ ។ ជួនកាល​អ្នកខ្លះ​មិន​ដែល​បាន​ឡើង​លេង​លាក់កន្សែង​នឹង​គេ​ម្ដង​សោះ​ក៏មាន ព្រោះ​គេ​លាក់កន្សែង​ក្រោយខ្នង​ខ្លួន ខ្លួន​មិនដឹង រវល់​តែ​គេ​គក់​ខ្នង​បាន​រាល់ពេល ។​

​ ​ល្បែង​នេះ គេ​លេង​ដើម្បី​ហាត់​ខ្លួន​ឲ្យមាន​ស្មារតី​រឹងប៉ឹង រហ័សរ​ហួន ឲ្យមាន​ប្រាជ្ញា​វាងវៃ ហាត់​ទម្លាប់ខ្លួន​ឲ្យ​ចេះ​ប្រុងស្មារតី​ជានិច្ច ៕​

១១. ល្បែង​លោតអន្ទាក់ 

ជា​ល្បែង​សំរាប់​កុមារា កុមារី ជំទង់ៗ​លេង​ក្នុង​វេលាយប់ នៅ​រដូវចូលឆ្នាំ ឬ​នៅ​ពេលទំនេរ​ខ្លះ តាម​ដែល​គេ​ស្ម័គ្រ ។ បានជា​គេ​ហៅថា ល្បែង​លោតអន្ទាក់​ ព្រោះ​ល្បែង​នេះ​មាន​មនុស្ស​មួយ​ពួក​អង្គុយច្រ​ហោង​ដំកង់ ចាប់​ចុងដៃ​គ្នា​ជា​អន្ទាក់​ដៃ ចាំ​ស្ទាក់​អ្នក​លោត​កុំឲ្យ​លោត​ចូល​បាន​,​មួយ​ពួក​ទៀត ឈរជុំវិញ​ចាំ​លោតរំលង​ឲ្យចូល​ទៅក្នុង​អន្ទាក់​ដៃនោះ ។ របៀប​លេងល្បែង​នេះ គេ​ចែក​ពួក​អ្នកលេង​ជា ២ ចំនួន​ស្មើ​គ្នា គឺ​ចាប់តាំងពី ៥ ឬ ៦ នាក់​ម្ខាង​ឡើងទៅ ។​

​ពួក​ទី ១ អង្គុយច្រហោង​ដំ​ក​ង់គ្នា​ជា​វង់ ឃ្លាត​ពីគ្នា​ល្មម​លាត​ ឬ​កាងដៃ​ទាំង​ពីរ​ខាង​បាន ហើយ​ចាប់​ចុងដៃ​គ្នា​នឹង​គ្នា មើលទៅ​ឃើញ​ភាព​ដូចជា​អន្ទាក់ ។​

​ពួក​ទី ២ ឈរជុំវិញ ចាំ​លប​ឆ្មក់ លោត​ចូល​ក្នុង​បន្ទា​ក់ដៃ​របស់​ពួក​ទី ១ ។​

​ពេល​លេង​ពួក​ទាំង ២ នេះ សុទ្ធតែ​ប្រុងប្រយ័ត្ន​រៀងខ្លួន គឺ​មុននឹង​លោត​ចូល ពួក​អ្នកឈរ​គេ​ធ្វើ​វ៉ៃ​រ៉ៗ​ជុំវិញ​ពួក​អ្នក​អង្គុយ ឲ្យ​ពួក​អ្នក​អង្គុយ​ភ្លេចខ្លួន ឬ​ពួក​អ្នក​លោត គេ​ចាត់​ឲ្យ​ពួកគេ​ខ្លះ​ទៅ​ពួន​នៅ​ទី​ឆ្ងាយ ហើយ​ឲ្យ​រួចរ​ត់​ពី​ចង្ងាយ​មក​លោត​ចូល​តែ​ម្ដង​ក៏​មាន ។ ចំណែក​ខាង​ពួក​អ្នក​អង្គុយ ធ្វើ​អន្ទាក់​ក៏​ប្រុង​ប្រយ័ត្ន​ដែរ ដើម្បី​កុំ​ឲ្យ​ពួក​អ្នក​លោត លោត​ប្លោះ​ចូលមក​ក្នុង​រង្វង់​បាន ។ ឯ​ពួក​អ្នក​អង្គុយ​គេ​លើក​ដៃ​ឡើង ដោយ​ប្រញាប់​ជា​បន្ទាន់​ដើម្បី​កុំឲ្យ​គេលោត​ចូលបាន ឬ​ដើម្បី​លើកដៃ​គះ​ឲ្យ​ប៉ះ​ជើង​អ្នក​លោត ។ បើ​អ្នក​អង្គុយ​គះ​ប៉ះ​ជើង​អ្នក​លោត​បាន​ហើយ គេ​ទុក​អ្នក​លោត​ជា​ចាញ់ អ្នក​ធ្វើ​អន្ទាក់​ជា​ឈ្នះ ហើយ​អ្នកខ្លះ​ក្រោកឈរ​ឡើង​ចាំ​លោត ឲ្យ​អ្នកចាញ់​ទៅ​អង្គុយ​ធ្វើ​អន្ទាក់​វិញ ។ ឯ​ពួក​អ្នក​លោត​នោះ បើ​មាន​អ្នកណា​ម្នាក់​លោត​ចូល​បាន​ដោយ​ស្រួល​គេ​ឲ្យ​គ្នា​គេ​ទាំងអស់​គ្នា​ចូល​តាម​ទៅ​ក្នុង​រង្វង់​អន្ទាក់​នោះ ហើយ​ពួក​អ្នក​លោត​ចូល​បាន​នោះ គេ​នាំគ្នា​លោត​ចេញ​វិញ គឺ​អ្នក​លោត​ចូល​បាន​នោះ គេ​ឈរ​គ្រប់​គ្នា​គាប​ជើង​លើ​អន្ទាក់ដៃ​អ្នក​អង្គុយ​គ្រប់គ្នា ទុក​ជើង​ម្ខាង​នៅក្នុង ជើង​ម្ខាង​នៅក្រៅ​អន្ទាក់ដៃ​នោះ ។ បើ​ក្នុង​បណ្ដា​ពួក​អ្នក​លោត​នេះ មាន​អ្នកណាម្នាក់ លោត​ចេញ​ដោយ​ស្រួល​បាន មិន​ប៉ះ​ដៃ​អ្នក​អង្គុយ គេ​នាំគ្នា​ចេញ​តាម​ទាំងអស់ ។ តែ​ការចេញ​និង​ចូល​បាន​នោះ​ត្រូវ​ចេញ​ឬ​ចូល​ឲ្យចំ​ច្រក​ដែល​លោតរំ​លងបា​ន​នោះ បើ​ខុស​ច្រក​នោះទេ​ទុក​ជា​ចាញ់ ។ ហើយ​ការ​លោត​ចូល ឬ​លោត​ចេញ​នោះ​ត្រូវតែ​លោត​ម្ដងម្នាក់ បើ​ជួន​ជា​ស្រប​ពីរ​នាក់​ស្មើគ្នា ក៏​គេ​ចាត់ទុក​ជា​ចាញ់​ដែរ ។ គេ​ចេះតែ​ផ្លាស់ប្ដូរ​គ្នា​លេង​តាម​របៀប​នេះ​រៀង​ទៅ​ដរាប​ដល់​ពេល​ឈប់ ។​

ល្បែង​នេះ ជា​ល្បែង​កំសាន្ត​មួយ​យ៉ាង ដែល​ចាត់​ចូល​ក្នុង​កីឡា​ហាត់ប្រាណ គឺ​ហាត់​កាយ​ឲ្យមាន​សុខភាព មាន​កម្លាំង​កាយ​រឹងប៉ឹង ហាត់​ភ្នែក​ឲ្យ​វៃ ហាត់​ស្មារតី​ឲ្យ​ប្រុងប្រយ័ត្ន ចេះ​ប្រើ​គំនិត​ឲ្យ​វាងវៃ​កុំឲ្យ​អ្នក​ដទៃ​បំភ័ន្ត​បាន ៕​

១២. ល្បែង​ចាប់កូនខ្លែង 

ជា​ល្បែង​ដែល​កុមារា កុមារី ជំទង់ៗ​តែង​លេង​ក្នុង​វេលា​យប់​ខែ​ភ្លឺ នៅ​រដូវចូលឆ្នាំ ឬ​នៅ​ពេលទំនេរ ។​

​ល្បែង​នេះ ពេល​លេង​គេ​ចាប់​ម្នាក់​ដែល​មាន​មាឌ​មាំធំ ឲ្យធ្វើ​ជា​មេហ្វូង​ហៅថា​មេ​មាន់​, ចាត់​ច្រើន​នាក់​ឲ្យធ្វើ​ជា​កូនមាន់ ហើយ​គេ​ចាត់​ម្នាក់ទៀត ឲ្យធ្វើ​ជា​ខ្លែង ចាំ​ចាប់កូនមាន់ ។ ម្នាក់ៗ​គេ​យក​ក្រមា​ក្រវាត់​ចង្កេះ​ឲ្យ​តឹង​ណែន ការពារ​កុំ​ឲ្យ​របូតសំ​លៀក ។ គេ​នាំ​គ្នា​បង្កាត់ភ្លើង​ឲ្យបាន​ជា​ភ្នក់ ១ តូច ដោយ​កំទេច​ស ហើយ​ម្នាក់​ដែល​ជា​មេ​មាន់​បញ្ជា​ឲ្យ​កូន​របស់​ខ្លួន​តោង​ចង្កេះ​តៗ​គ្នា រហូតដល់​អស់ ដោយ​ឈរ​ជា​ជួរ រួច​ដើរ​ក្រឡឹង​ព័ទ្ធជុំ​ភ្នក់ភ្លើង ។ ជាមួយគ្នានេះ មេមាន់​ពោល​ពាក្យ​ចំអក​ឡក​ឡឺយ​ឲ្យន័យ​ទៅ​ខ្លែង​ថា​៖ ​

ចាប់កូនខ្លែង​ប្រឡែង​កូន​អក​ ​ ​

ពពេច​ញ៉ែ​ញ៉​ក កូន​អញ​តែមួយ ។​ ​ ​

ជីក​អន្លុក​ដាំ​ត្រកួន​ ​ ​

ទន្សាយ​រត់​ពួន ត្រកួន​ឡើង​លាស់ ។​ ​ ​

ទៀន ១ គូ​តាំងយូ​បាំង​ព្រះ​ ​

​លើកដៃ​សំពះ ដូនៗ​សុំ​ភ្លើង ។​ ​

​ចំណែក​ម្នាក់​ដែល​ធ្វើ​ខ្លែង​ឈរ​ធ្វើ​ព្រងើយ​, កាល​បានឮ​មេមាន់​និង​កូន​មាន់​ស្រែក​ដូច្នេះ ក៏​ដើរ​ចូល​ទៅ​រក​ភ្នក់ភ្លើង ហើយ​និយាយ​សុំ​ភ្លើង​ថា “ដូនៗ​សុំ​ភ្លើង​!” ។​ ​ ​

មាន់​ឆ្លើយថា​: រលត់​ ​ ​

ខ្លែង​សុំ​ថា​: សុំ​មួយ​អង្គត់​ ​ ​

មេ​(១) រលាយ​ ​ ​

ខ​- សុំ​ទឹកបាយ​ ​ ​

ម​- ឆ្កែ​លិទ្ធ​ ​ ​

ខ​- សុំ​កាំបិត​ ​

​ម​- មិនទាន់​ច្រុង​ ​ ​

ខ​- សុំ​ល្ហុង​ ​

​ម​- មិនទាន់​ដាំ​ ​ ​

ខ​- សុំ​ថ្នាំ​ ​ ​

ម​- មិនទាន់​ហាល​ ​

​ខ​- សុំ​ផាល​ ​ ​

ម​- មិនទាន់​សិត​ ​

​ហើយ​ខ្លែង​ក៏​អង្គុយ​នៅ​បៀត​ភ្នក់ភ្លើង​នោះ ។​ ​ ​

ចំណែក​មេមាន់​ក៏​នាំ​កូន​របស់​ខ្លួន​ដើរ​ប្រទក្សិណ​ព័ទ្ធជុំវិញ​ខ្លែង និង​ភ្នក់ភ្លើង​(២) ហើយ​ស្រែកច្រៀង​ទាំង​មេ​ទាំង​កូន​ថា​៖ ​ ​

១- ម​. មេ​មាន់ ។ ខ​. ខ្វែ​ង ។​ ​ ​

២- ស្រុក​ខ្លះ​គេ​អង្គុយ​ទល់មុខ​គ្នា ឆ្លើយឆ្លង​ទៅមក លុះ​ដល់​ពាក្យសុំ​កូន​មាន់ ហើយ​មេមាន់​អនុញ្ញាត​ថា កំបាក់​កំបែក​យក​មួយ​ចុះ ត្រង់នេះ​គេ​ក្រោកឈរ​ស្រ​ឡើង ។​ ​ ​

ចាប់កូនខ្លែង​ប្រឡែង​កូមាន់​(​បន្ទ​រ​)​អា​ឡយ ៗ​ ​ ​

បើ​មេ​ទៅ​ទាន់​យក​មាន់​ទៅ​លាក់​(​បន្ទ​រ​)​អា​ឡយ ៗ​ ​ ​

លាក់​ទុក​ឯណា លាក់​ក្បាល​ដំណេក​(​បន្ទ​រ​)​អា​ឡយ ៗ​ ​ ​

រលឹក​ពី​ដេក​ពី​ដេក វាយ​មាន់​តូង​តាង ។​ ​ ​មាន់​ច្រៀង​ចប់​ក៏​ឈប់ឈរ​តម្រៀប​គ្នា ។​ ​ ​

ខ្លែង​ក៏​ស្រែក​សុំ​ភ្លើង​បន្តទៀតថា ​ដូនៗ សុំ​ភ្លើង​ ។​ ​ ​

មាន់​ឆ្លើយថា ​ក្អែក​ពាំ​ទៅ​ទម្លាក់​ក្នុង​ទឹកទន្លេ​បាត់ទៅហើយ​ រួច​ក៏​ដើរ​ព័ទ្ធជុំវិញ​ខ្លែង​និង​ភ្នក់ភ្លើង ហើយ​ច្រៀង​ត​ទៀតថា​៖ ​ ​ប្អូន​ដេញ​ខ្សែ​សូត្រ បង្ហូត​ខ្សែ​គោ​ម​(​បន្ទ​រ​)​អា​ឡយ ៗ​ ​ ​

ខ្លែង​អើយ​កុំ​លោម មិន​បាន​មាន់​ទេ​(​បន្ទ​រ​) អា​ឡយ ៗ ហើយ​ឈរ​ស្ងៀម ។​ ​ ​ខ្លែង​ក៏​និយាយ​ទទូច​សុំ​កូន​ថា​: ​ ​

ខ​- ដូនៗ​ឲ្យ​សុំ​កូន​មុខ​ ​ ​

ម​- ឪពុក​មិនឲ្យ​ ​ ​

ខ​- សុំ​កូន​ក្រោយ​ ​ ​

ម​- កំបាក់​កំបែក​យក​ចុះ​ ​ ​

ខ្លែង​កាល​បានឮ​មេមាន់​ថា ឲ្យ​កូន​ណា​កំបាក់​កំបែក​ដូច្នេះ ក៏​តាំង​ដេញ​ចាប់​បេះយក​កូន​ណា​ដែល​នៅ​ក្រោយ​គេ​,​ឯ​មេមាន់​ខំប្រឹង​ការពារ​ កូន​របស់​ខ្លួន​កុំឲ្យ​គេ​បេះ​យក​បាន​, ឯ​កូន​មាន់​ក៏​ខំប្រឹង​តោង​ចង្កេះ​គ្នា​យ៉ាង​ជាប់ រត់​ពេន​ចុះ​ពេន​ឡើង ខ្វាច​ខ្វែង​ចាប់​បេះ​យក​ខ្លួន​ម្នាក់ៗ​បាន ។ ជួន​ក៏​ខ្លែង​បេះ​យក​កូន​ម្ដង ១ ម្ដង ២ ទាល់តែ​អស់ ជួន​ក៏​បេះ​បាន​តែ ១ ។ តែ​គេ​មាន​លក្ខខណ្ឌ​មួយ​ថា បើ​កូន​ណា​ខ្ទេច​ចេញ​ពី​មេ​ព្រោះ​ប្រឹង​គេច​ខ្លាំង ហើយ​កូន​នោះ​គេ​ក្រាប​ទៅ​នឹង​ដី នោះ​មេ​ខ្លែង​មិនត្រូវ​ចាប់​គេ​ទេ ។ កាល​អស់កម្លាំង​ហត់​រៀងខ្លួន​ហើយ ក៏​ឈប់​សម្រាក​បន្តិច ហើយ​ផ្លាស់ប្ដូរ​គ្នា​លេង​តទៅទៀត គេ​លេង​តែ​របៀប​នេះ​រហូតដល់​ពេល​ឈប់ ។​ ​

​ប៉ុន្តែ​ល្បែង​បែប​ដូចគ្នានេះ នៅ​ស្រុក​ខ្លះ គេ​ហៅ​តម្រូវ​ន័យ​តាមរបៀប​លេង​ថា ​ល្បែង​ខ្លែង​ចាប់កូនមាន់​ ក៏មាន ។​ ​

​ល្បែង​នេះ ជា​ការបង្ហាត់​មនុស្ស​ឲ្យ​ចេះ​ប្រុង​ស្នៀត ប្រុង​ស្មារតី ឲ្យ​រហ័សរហួន ចេះ​ការពារ​ខ្លួន​និង​គ្រួសារ​ផង ៕​

១៣. ល្បែង​ឈូង 

ជា​ល្បែង​មួយ​ម្យ៉ាង​របស់​មនុស្ស​កំលោះ​ក្រមុំ ឬ​មនុស្ស​ចំណាស់ៗ​ប្រុស​-​ស្រី ទូ​ទាំង​កម្ពុជរដ្ឋ គេ​តែង​លេង​នៅ​វេលា​យប់​ខែ​ភ្លឺ ក្នុង​រដូវ​ចូលឆ្នាំថ្មី (​ខែ​ចេត្រ​-​ពិសាខ​) ។ គេ​ចែក​គ្នា​ជា ២ ពួក ប្រុស​មួយ​ពួក ,​ស្រី​មួយ​ពួក ។ ក្នុង​មួយ​ពួកៗ​មាន​គ្នា​ចំនួន​ពី ១០ នាក់ ឬ ២០ នាក់​ឡើងទៅ ឈរ​ត្រៀម​ជា​ពីរ​ជួរ ទល់មុខ​គ្នា ឃ្លាត​ពីគ្នា​ប្រមាណ​ជា ៨ ឬ ១០ ម៉ែត្រ ។ គេ​យក​ក្រមា​ឬ​កន្សែង​មក​ឆ្មូល​ឲ្យ​មូល ចង​រឹត​ឲ្យ​តឹង​ណែន​ល្អ ទុកឲ្យ​មាន​កន្ទុយ​បន្តិច​ហៅថា ឈូ​ង សម្រាប់​កាន់​បោះ​ឬ​ចោល​ទៅ​មក​រក​គ្នា ។ សកម្មភាព​របស់​អ្នល​លេងដូច​រូបភាព​នេះ ៖ ​ ​

ឈូង​មាន​ពីរបែប ៖ ​


​១. ឈូង​ច្រៀង​រាំ​ ​ ​
២. ឈូង​លោះ​ខ្ញុំ​

១. ឈូង​ច្រៀង​រាំ មុនដំបូង​ពួក​ខាង​ប្រុស​បោះ​ឈូង​ទៅ​ឲ្យពួក​ខាង​ស្រី ពួក​ខាង​ស្រី​ប្រុង​ចាប់​កុំឲ្យ​ធ្លាក់​ដល់​ដី បើ​ធ្លាក់​ដល់​ដី​គេ​ចាត់​ជា​ស្អុយ ហើយ​គេ​ចាប់ផ្ដើម​បោះ​ទៅ​ឲ្យ​ខាង​ប្រុស​វិញ ពួក​ខាង​ប្រុស​ប្រុង​ចាប់​កុំឲ្យ​ធ្លាក់​ដល់ដី ។ ការ​ចាប់បាន​ហើយ ចោល​សំដៅទៅ​ពួក​ខាង​ស្រី គឺ​សំដៅ​នាង​ណា​ដែល​ខ្លួន​ស្ម័គ្រ បើ​ចោល​ខុស​គេ​ចាត់​ជា​ស្អុយ រួច​គេ​ចាប់ផ្ដើម​បោះ​ជាថ្មីទៀត បើ​ចោល​ត្រូវ​ស្រី​ណា​ហើយ ស្រី​នោះ​ច្រៀង​រាំ​យក​ឈូង​ទៅជូន​ខាង​ប្រុស ហៅថា ច្រៀង​រាំ​ជូន​ឈូង ។ របៀប​ច្រៀង​រាំ​នោះ ម្នាក់​កាន់​ឈូង​នាំមុខ ម្នាក់​ដៃទទេ​រាំ​តាម​ក្រោយ ហើយ​ច្រៀង​ជា​ទំនុក​ថា ​ប្អូន​ចាប់​ឈូង​បាន ឈូង​បែក​ជា​បួន ព្រលឹង​ប្រុស​ស្ងួន ទទួល​ឈូង​ទៅ​ ។ ពួក​ស្រីៗ​ក្រៅពីនោះ គ្រប់​គ្នា​ទទួល​ថា ​ឲ្យ​ណា​កែវ កែវ​ពី​អា ឱ​ណា​កែវ​អឺយ អឺ​អឺ​ង​អឺយ​! រួច​ហើយ​ហុច​ឈូង​នោះ​ទៅ​ឲ្យ​ប្រុសៗ ទទួលយក​ហើយ​ក៏​ផ្ដើម​បោះ ឈូង​នោះ​ទៅ​ឲ្យ​ពួក​ខាង​ស្រី​ចាប់​វិញ ។​ ​

​បើ​ពួក​ស្រី​ចាប់​ឈូង​បាន​ក៏​ចោល​សំដៅ​ទៅ​ពួក​ប្រុស បើ​ចោល​ត្រូវ​ប្រុស​ណា ប្រុស​នោះ​ត្រូវ​រាំ​នាំ​ឈូង​ទៅជូន​ខាង​ស្រី ដោយ​ច្រៀង​ជា​ទំនុក​ថា ​បង​ចាប់​ឈូង​បាន បង​បីត្រកង ព្រលឹង​មាសបង ទទួល​ឈូង​ទៅ​ ។ ពួក​ប្រុសៗ​គ្រប់​គ្នា​ទទួល​បន្ទ​រថា ឲ្យ​ណា​កែវ កែវ​ពី​អា ឱ​ណា​កែវ​អឺយ អឺ​អឺ​ង​អឺយ​! ហើយ​ក៏​ហុច​ឈូង​នោះ​ទៅ​ឲ្យ​ពួក​ស្រីៗ ទទួលយក ទើប​ផ្ដើម​បោះ​តទៅទៀត ។

២. ឈូង​លោះ​ខ្ញុំ ដើមដំបូង ខាង​ប្រុស​គេ​ផ្ដើម​ច្រៀង ១ ទំនុក​ជាមុន ។ ឯ​ទំនុកច្រៀង​ឈូង​មាន​ច្រើនបែប ប្លែកៗ​ទៅតាម​ប្រាជ្ញា​របស់​អ្នក​នាំ​ច្រៀង​នៅតាម​ស្រុក ។ ទីនេះ​ស្រង់​យក​តែ​ទំនុក​ធម្មតា ដែល​អ្នកលេង​ឈូងគ្រប់​ស្រុក​គេ​តែង​ច្រៀង​គ្រប់​គ្នា​ថា​៖ ​បង​បោះ​ឈូង​ទៅ អូន​អើយ កំពស់​ចុង​ដូង​(​ស្ទួន​) ក្រមុំ​ឈរ​ច្រូង អូន​អើយ​ទទួល​ឈូង​បង​ ឬថា ​បង​បោះ​ឈូង​ទៅ ឈូង​បែក​ជា​បួន ស្រី​ណា​មានខ្លួន ទទួ​លឈូង​បង​ ៘ ច្រៀង​ហើយ​គេ​ស្រែក​ប្រាប់​ថា ឈូង​អើយ ឈូ​ង​! ហើយ​អ្នក​ផ្ដើម​ទំនុក​ក៏​បោះ​ឈូង​ទៅលើ​ពួក​ស្រីៗ​ឲ្យ​ពួក​ស្រីៗ​ចាប់ ។ ខាង​ស្រី​ចាប់​ឈូង​បាន គេ​ចោលសំដៅ​ទៅ​រក​ប្រុស​ណា​ដែល​ត្រូវចិត្ត បើ​ចោល​ទៅ​ត្រូវ​ប្រុស​ណា គេ​ទៅ​ចាប់​យក​ប្រុស​នោះ​មក​ទុក​ខាង​ពួកគេ ។ បើ​ចោល​មិន​ត្រូវ​ទេ ខាង​ប្រុស​គេ​ចាប់​ឈូង​នោះ ចោល​សំដៅ​មករក​ស្រី​ណា​ដែល​គេ​ស្ម័គ្រ បើ​ខាង​ប្រុស​ចោល​មក​ត្រូវ​ខាង​ស្រី​ហើយ ប្រុស​ម្នាក់​ដែល​ស្រី​ចាប់​យក​ទៅ​ទុក​មុន​នោះ ត្រូវបាន​រួចខ្លួន បើ​ប្រុស​ចោល​មិនត្រូវ​ស្រី​វិញ​ទេ ប្រុស​ម្នាក់​នោះ​ត្រូវ​នៅ​ខាង​ស្រី​ដដែល ។ បើ​ខាង​ណា​ប៉ុន​ប្រសប់​គេ​ចោល​យក​ខាង​ម្ខាង​ទាល់តែ​អស់ ។ កាលណា​អស់​គ្នា​ហើយ​គេ​ផ្ដើម​លេង​សារជាថ្មី ដោយ​ឲ្យ​ខាង​ស្រី​បោះ​ឈូង ទៅ​ឲ្យ​ខាង​ប្រុស​មុន​វិញ ។ មុន​នឹង​ស្រីៗ​ចោល​ឈូង​ទៅ​ឲ្យ​ប្រុស គេ​ស្រែកច្រៀង​ថា ​អូន​បោះ​ឈូង​ទៅ បង​អើយ កំពស់​ចុង​ស្លា ប្រុស​ឈរ​ត្រៀបត្រា បង​អើយ ទទួល​ឈូង​អូន​ ៘ ច្រៀង​ហើយ​គេ​ស្រែក​ថា ​ឈូង​អើយ​ ​ឈូ​ង​! ហើយ​គេ​បោះ​ឈូង​ទៅលើ​ពួក​ប្រុសៗ ។​ ​ ​

ឯ​ខាង​ប្រុស បើ​គេ​ចាប់​ឈូង​ខាង​ស្រី​បាន​ហើយ គេ​ចោល​ឈូង​នោះ​សំដៅ​ទៅ​ស្រីៗ កាល​បើ​ត្រូវ​ស្រី​ណា​ម្នាក់ គេ​ចាប់​យក​ស្រី​នោះ​មក​ទុក​ខាងគេ ។ បើ​ខាង​ណា​អស់​មនុស្ស គេ​ចែក​គ្នា​លេង​សារជាថ្មី ។​ ​ ​

មនុស្ស​ដែល​គេ​ចាប់បាន​នោះ ជួនកាល​គេ​​ចង​មុខ​ឲ្យ​ជិត លែង​ឲ្យ​រត់​ទៅ​កាន់​ទី​ផ្សេងៗ ជា​ការកំសាន្ត​សប្បាយ ។​ ​

​របៀប​លេង​បែប​ទី ២ នេះ ជួនកាល​អ្នកលេង គេ​ច្រូតកាត់​មិនបាច់​ច្រៀង ស្រាប់តែ​ចោល​តែ​ម្ដង​ក៏​មាន ។​ ​ ​

ល្បែង​នេះ រាប់​ចូល​ក្នុង​ពួក​ការហាត់​ភ្នែក​ឲ្យ​វ៉ៃ ហាត់​ដៃ​ឲ្យ​ត្រង់​ផង​ជា​ការកំសាន្ត​សប្បាយ ដោយ​មាន​ការ​រាំច្រៀង​លាយ​ជាមួយ​ផង ៕

១៤. ល្បែង​ស្ដេចចង់ 

ជា​ល្បែង​មួយ​យ៉ាង ដែល​ពួក​កុមារា កុមារី ជំទង់ៗ​គ្រប់​ភូមិ​-​ស្រុក ទូ​ទាំង​កម្ពុជរដ្ឋ តែង​លេង​នៅ​ពេលទំនេរ ក្នុង​វេលា​យប់​ខែ​ភ្លឺ ។ អ្នកលេង​មាន​ប្រុស មាន​ស្រី​ច្រើន​នាក់​មិន​កំណត់ ។ ពេល​លេង​គេ​ចែក​គ្នា​ជា ២ ពួក ប្រុស​មួយ​ពួក ស្រី​មួយ​ពួក ។ ក្នុង​បណ្ដា​អ្នក​ទាំង​ពីរ​ពួក​នោះ គេ​តាំង​ប្រុស​ឬ​ស្រី​ម្នាក់​ឲ្យធ្វើ​ជា​ស្ដេច ឲ្យ​អង្គុយ​នៅ​ទី​មួយ​ចំ​កណ្ដាល​ទី លើ​កៅអី ឬ​លើ​វត្ថុ​អ្វីមួយ មាន​ត្បាល់​ជាដើម ។ សកម្មភាព​របស់​អ្នកលេង​ដូច​រូបភាព​នេះ​៖ ​ ​ ​ ​

ការ​អ្នកធ្វើ​ស្ដេច​អង្គុយ​លើ​ទី​ដី​សមគួរ​មួយ​ហើយ ខាង​ស្រី​គេ​ឲ្យ​ស្រី​ម្នាក់​ដើរ​ចូល​ទៅ​ខ្សឹប​នឹង​ស្ដេច​ថា ខ្លួន​ស្រលាញ់​ឈ្មោះ​ណា​មួយ ឧបមារ​ថា​ឈ្មោះ ក ឬ ខ ខ្សឹប​ហើយ​គេ​ថយ​មក​អង្គុយ ឬ​ក៏​មក​ឈរ​នៅ​កន្លែង​ដើម​វិញ ។ ខាង​ប្រុស​គេ​ឲ្យ​ប្រុស​ម្នាក់​ដើរ​ចូល​ទៅ​រក​ស្ដេច​ដែរ ប្រសិន​ជា​មិន​ចំ​ឈ្មោះ​ដែរ​គេ​ខ្សឹប​ទុកជា​មុន​ទេ ក៏​ហី​ទៅ តែបើ​ប្រុស​ដែល​មក​នោះ ចំ​លើ​ឈ្មោះ​ដែល​ស្រី​គេ​បាន​ខ្សឹប​នោះ​មែន ស្ដេច​ស្រែកថា អៀ​វៗ​ ហើយ​ឲ្យ​ស្រី​នោះ​ជិះ​ប្រុស​នោះ​តម្រង់​ទៅ​រក​កន្លែង​គេ កំពុង​ជិះ​គេ​ស្រែក​ថា អៀ​វៗ​ ហើយ​គេ​បញ្ជិះ​ទៅ​ចុះ​នៅ​កន្លែង​ខាង​ស្រី ។ រួច​ហើយ​ខាង​ប្រុស​គេ​ឲ្យ​ខាង​ប្រុស គេ​ម្នាក់​ចូល​ទៅ​ខ្សឹម​ម្ដង បើ​ប្រុស​នោះ​ចូល​ខ្សឹម​ថា ខ្ញុំ​ស្រលាញ់​នាង​ណា​មួយ ឧបមា​ថា​ឈ្មោះ ខ ខ្សឹប​ហើយ​គេ​ថយ​ទៅវិញ​ បើ​ស្រី​ម្នាក់​ឈ្មោះ ខ ចូល​ទៅ​មែន ស្ដេច​ស្រែកថា ​អៀ​វៗ​ ហើយ​ឲ្យ​ប្រុស​នោះ​ជិះ​ស្រី​នោះ ស្រែកថា ​អៀ​វៗ​ ដូចគ្នា ។ បានសេចក្ដីថា បើ​ខាង​ណា​ចូលទៅ​ខ្សឹប​ថា ខ្លួន​ស្រលាញ់​ឈ្មោះ ក ហើយ​បែរជា​ឈ្មោះ ខ ចូល​មក​រក​ស្ដេច​វិញ នោះ​ស្ដេច​មិន​ឲ្យ​អ្នក​ខ្សឹប​ជិះ​ឬ អៀវ​គេ​ទេ អ្នក​ខ្សឹប​នោះ​ត្រូវ​ថយ​ទៅវិញ ហើយ​គេ​ឲ្យ​ម្ខាង​ចូល​ទៅ​ខ្សឹប​ជាថ្មីទៀត ។ ចេះ​តែ​ផ្លាស់​គ្នា​តាម​របៀប​នេះ​រហូតដល់​ពេលយប់ ។​ ​

​អ្នក​ដែល​ធ្វើ​ស្ដេច​ត្រូវ​មើល​ការខុសត្រូវ​ក្នុង​រឿងនេះ ដោយ​សច្ចៈ និង​យុត្តិធម៌ ។​ ​ ​ល្បែង​នេះ​ស្រេច​លើ​អ្នក​ធ្វើ​ស្ដេច បើ​អ្នក​ធ្វើ​ស្ដេច​ប្រកបដោយ​អគតិ ចង់​ឲ្យ​អ្នកណាជិះ​អ្នកណា ក្រៅពី​ឈ្មោះ​ដែល​គេ​ខ្សឹប​ក៏បាន គឺថា បើ​ម្នាក់​ចូល​ទៅ​ខ្សឹប​ថា ស្រលាញ់​ឈ្មោះ ក ហើយ​ទោះបី​ឈ្មោះ ខ ចូលមក ស្ដេច​ស្រែកថា ​អៀ​វៗ​ ក៏​ចេះតែ​បាន ព្រោះ​អ្នក​ចូល​ទៅ​ក្រោយ​មិន​បាន​ឮ​អ្នក​មុន​ចូល​ទៅ​ខ្សឹប​ថា ស្រលាញ់​ឈ្មោះ​ណាៗ​ទេ ។ តែបើ​មាន​របៀប​លេង​លំអៀង​បែបនេះ អ្នកលេង​ណា​ដែល​ចាប់​ថ្នាក់​បាន​តវ៉ា​ឡើង អាច​សុំ​គេ​ឲ្យ​សុំ​ប្ដូរ​អ្នក​ធ្វើ​ស្ដេច​បាន ប្រសិនបើ​អ្នក​ធ្វើ​ស្ដេច​ប្រកប​ដោយ​សច្ចៈ​និង​យុត្តិធម៌ នោះ​ការលេង​នោះ​ទៀងទាត់​ណាស់ ។​ ​

​ល្បែង​នេះ​ជា​ល្បែង​កំសាន្ត​ក៏​មែន តែ​ជា​ល្បែង​ហាត់​ចិត្ត​មនុស្ស​ឲ្យ​ប្រកប​ដោយ​សច្ចៈនិងយុត្តិធម៌ មិន​ឲ្យ​ប្រកប​ដោយ​អគតិ (​សេចក្ដី​លំអៀង​) ៤ យ៉ាង​គឺ សច្ចៈ​គតិ លំអៀង​ព្រោះ​ស្រលាញ់​, ទោសាគតិ លំអៀង​ព្រោះ​ខឹង​,​ភយាគតិ លំអៀង​ព្រោះ​ខ្លាច​,​មោហោ​គតិ លំអៀង​ព្រោះ​ភ័ន្តច្រឡំ ។ ម្យ៉ាងទៀត ជា​ការបង្ហាត់​មនុស្ស​ឲ្យ​ចេះ​ជ្រើស​តាម​គ្នា ឲ្យធ្វើ​ជា​តំណាង​ភ្នែក​ច្រមុះ​ខ្លួន​ផង គឺ​ត្រូវ​ចេះ​ជ្រើសរើស​រក​នរណា ដែល​គេ​យល់ថា ជា​មនុស្ស​ត្រឹមត្រូវ​បរិសុទ្ធ ធ្វើការ​បាន​ល្អ​តាម​គន្លង​ធម៌​ពិតៗ ៕​

 

ស្រាវជ្រាវនឹងចងក្រងដោយ៖ Moha Sneha

Facebook Comments

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *