បើ​ចង់ឱ្យ មាន​សិរី​មង្គល​ដល់​គូ​ស្វាមី​-​ភរិយា ត្រូវតែ​ផ្លាស់ប្តូរ​ចិញ្ចៀន​មង្គល​ជា​រៀងរាល់ឆ្នាំ

ក្នុងពេល​រៀបការ​ តាម​ប្រពៃណី​របស់​ជនជាតិ​នានា ​រួមទាំង​ជនជាតិខ្មែរយើង​ផងដែរ តែងមាន​ការបំពាក់​ចិញ្ចៀន​រវាង​កូនកំលោះ​នឹង​កូនក្រមុំ​មិនសូវខាន​ឡើយ លើកលែង តែ​អ្នកក្រខ្សត់​ខ្លាំង ដែល​អាច​រំលង​ពិធី​នេះ ហើយ​ចិញ្ចៀន​រៀបការ​នោះ​ទៀតសោត ភាគច្រើន​ជា​ចិញ្ចៀន​ដាំ​ពេជ្រ ប៉ុន្តែ​ពុំមាន​ការកំណត់​ច្បាស់លាស់​ទេ គឺ​អាស្រ័យ​លើ​ធនធាន​របស់​គ្រួសារ​កូនកំលោះ​-​កូនក្រមុំ ។​

ទោះជា​យ៉ាងណា​ក៏ដោយ ពាក់ព័ន្ធ​នឹង​ចិញ្ចៀន​រៀបការ​នេះ​មាន​ប្រវត្តិ​ទាក់ទងនឹង​ជំនឿ​ផ្សេងៗ​ ជា​យូរលង់​ណាស់​មកហើយ ។​

ជនជាតិ​អេ​ហ្ស៊ី​ព គឺជា​ជនជាតិ​ដំបូង​គេ​លើ​ពិភពលោក​ដែល​បង្កើត​ចិញ្ចៀនរៀប​អាពាហ៍ពិពាហ៍ ព្រោះ​អក្សរ​មូលៗ​នៅក្នុង​អក្សរ​អេ​ហ្ស៊ី​ព​មានន័យថា​និរន្តភាព ។ ដូចនេះ​ទើប​ចិញ្ចៀន​អាពាហ៍ពិពាហ៍​ត្រូវបាន​គេ​ចាត់ទុកថា គឺជា​គ្រឿងសម្គាល់​សេចក្តីស្រលាញ់​ដែល​គង់វង្ស​ស្ថិតស្ថេរ​ជា​យូរអង្វែង ។​

នៅក្នុង​សម័យបុរាណ​ចិញ្ចៀន​រៀបការ​មិនទាន់​ត្រូវបាន​គេ​ចាត់ទុកថា មាន​សារសំខាន់​ខ្លាំង​ដូច​សព្វថ្ងៃនេះ​ទេ ព្រោះ​វា​ជា​ចិញ្ចៀន​បញ្ចាំចិត្ត​ធម្មតា​ប៉ុណ្ណោះ ប៉ុន្តែ​រយៈពេល​ជាច្រើន​រយ​ឆ្នាំ​តៗ​មក​ស្ត្រី​ចាប់ផ្តើម​មាន​ភាព​ស៊ី​វិ​ល័យ​ជាង​មុន រហូតដល់​ដាំ​ពេជ្រ​តូចៗ​នៅលើ​ចិញ្ចៀន​ថែមទៀត ចំណែក​ចិញ្ចៀន​រៀបការ​វិញ​មាន​ដាំ​ពេជ្រ​មួយ​គ្រាប់​ធំ​នៅ​កណ្តាល ។ នៅក្នុង​ពិធី​រៀបការ​កូនកំលោះ​បំពាក់​ចិញ្ចៀនបញ្ចាំចិត្ត​ឱ្យ​កូនក្រមុំ​ជាមុនសិន ទើប​បំពាក់​ចិញ្ចៀន​រៀបការ​ជា​ក្រោយ ព្រោះ​តាម​ទំនៀមទម្លាប់ គេ​ជឿជាក់ថា នៅពេលដែល​បំពាក់​ចិញ្ចៀន​រៀបការ​ទៅ​ចិញ្ចៀន​ទាំង​២​វង់​នេះ​ត្រូវ​ស្ថិត​នៅជាប់​គ្នា ។ ប្រសិនបើ​ចិញ្ចៀន​ទាំង​២​មិន​ជាប់​គ្នា ឬ​រលុង អាច​រំកិល​ទៅមក​បាន​ដែល​បង្ហាញថា ហាង​ធ្វើ​ចិញ្ចៀន​នោះ​មិនទាន់មាន​ថ្វីដៃ​គ្រប់គ្រាន់​នៅឡើយ​ទេ ។​

នៅ​សម័យ​កណ្តាល​របស់​អឺរ៉ុប កូនក្រមុំ​ត្រូវ​បំពាក់​ចិញ្ចៀន​រៀបការ​ទាំង​៣​ម្រាម គឺ​ម្រាម​ចង្អុល ម្រាម​កណ្តាល និង​ម្រាម​នាងដៃ នៃ​ដៃ​ខាងឆ្វេង ដើម្បី​បង្ហាញពី​ព្រះបិតា ព្រះរាជបុត្រ និង​ព្រះ​ហឫទ័យ តាម​បែបបទ​របស់​សាសនា​គ្រិស្ត ។ ប៉ុន្តែ​នៅពេល​ក្រោយៗ​មក​ដោយសារ​យល់ឃើញ​ថា ទង្វើ​បែបនេះ​ត្រូវ​ចំណាយ​អស់​ពេជ្រ​ជាច្រើន ​ទើប​គេ​បន្ថយ​ឱ្យនៅ​សល់​ត្រឹមតែ​ចិញ្ចៀនពេជ្រ​ នៅ​ម្រាមដៃ​នាង​ខាងឆ្វេង​ប៉ុណ្ណោះ ។​

ចំណែកឯ​ចិញ្ចៀន​ដែល​គេ​ប្រើ​សម្រាប់​ថ្ងៃ​អាពាហ៍ពិពាហ៍ ឈ្មោះថា ចិញ្ចៀន​ទី​៣ ព្រោះ​មាន​គ្រាប់ពេជ្រ​៣​គ្រាប់ ដែល​មានន័យថា អតីត បច្ចុប្បន្ន និង អនាគត ។ ប៉ុន្តែ​បច្ចុប្បន្ន នេះ​គេ​និយម​ដាំ​តែ​ពេជ្រ​មួយ​គ្រាប់​ប៉ុណ្ណោះ ហើយ​គេ​មានជំនឿថា បើ​ចង់ឱ្យ មាន​សិរី​មង្គល​ដល់​គូ​ស្វាមី​-​ភរិយា ត្រូវតែ​ផ្លាស់ប្តូរ​ចិញ្ចៀន​មង្គល​ជា​រៀងរាល់ឆ្នាំ ។​

ឆ្នាំ​ទី​១ ចិញ្ចៀន​ទទឹម ដើម្បីឱ្យ​ជីវិត​គូ​គង់វង្ស​ស្ថិតស្ថេរ​យូរអង្វែង ។​

ឆ្នាំ​ទី​២ ចិញ្ចៀន​ត្បូង​ប៉ៃលិន ជួយ​បន្ថែម​មន្ត​ស្នេហ៍​ធ្វើឱ្យ​មនុស្ស​ជាច្រើន ស្រលាញ់​ចូលចិត្ត​រួមទាំង​គូស្នេហ៍​ផងដែរ ។​

ឆ្នាំ​ទី​៣ ចិញ្ចៀន​មរកត បង្ហាញ​ពី​ភាពមានបាន​និង​ត្រជាក់ត្រជុំ ។​

ឆ្នាំ​ទី​៤ ចិញ្ចៀន​គជ់ បង្កើន​ភាពស្រស់ស្អាត ដើម្បី​បញ្ជាក់​ពី​ភាព​បរិសុទ្ធ​នៃ​អ្នក​ដែល​បាន​ពាក់ចិញ្ចៀន ។​

ឆ្នាំ​ទី​៥​ចិញ្ចៀនពេជ្រ សំដៅ​ដល់​សេចក្តីស្រលាញ់ ​ភាព​មានអំណាច​ទៅលើ​អ្នកដទៃ​និង​ភាពមានបាន ។​

ឆ្នាំ​ទី​៦ ចិញ្ចៀន​ត្បូង​យក់ បន្ថែម​ភាព​ចម្រើន​រុងរឿង​ដល់​ជីវិត​គូស្រករ ។​

ឆ្នាំ​ទី​៧ ចិញ្ចៀន​អូ​ផល (Opal)​បង្ហាញ​ពី​ភាព​សមបំណង​តាម​ក្តី​ប្រាថ្នា ។​

ឆ្នាំ​ទី​៨ ចិញ្ចៀន​អា​ខ្វា​ម៉ា​រី​ន (Akvamarin) ធ្វើឱ្យមាន​អារម្មណ៍​ស្ងប់ ។​

ឆ្នាំ​ទី​៩​ចិញ្ចៀន ស្ពី​ណេ​ល (Spinel) ធ្វើឱ្យ​មានអំណាច​សមបំណង​ក្នុង​រឿង​ស្នេហា ។​

ឆ្នាំ​ទី​១០ ចិញ្ចៀន​ទទឹម ធ្វើឱ្យ​មានអំណាច​ធ្វើឱ្យ​គូស្រករ​កាន់តែ​ស្រលាញ់គ្នា ជីវិត​គូ​គង់រ​ង្ស​យូរអង្វែង ។​

ឆ្នាំ​ទី​១១ ចិញ្ចៀន​ភី​រី​ដូ​ត (Ametist) ធ្វើឱ្យ​ចិត្តគំនិត​រឹងមាំ ក្លាហាន មានអំណាច និង​កេរ្តិ៍ឈ្មោះ ។​

ឆ្នាំ​ទី​១២ ចិញ្ចៀន​ថូ​ផេស (Topaz)​នាំ​ជោគ​សំណាងល្អ​មកឱ្យ​ម្ចាស់​ចិញ្ចៀន និង​ធ្វើឱ្យ​អ្នកផង​ស្រលាញ់​រាប់អាន​ច្រើន ។​

ឆ្នាំ​ទី​១៣ ចិញ្ចៀន​ធួរ​ម៉ា​លីន (Tourmalin)​ធ្វើឱ្យមាន​សំណាងល្អ ។​

ឆ្នាំ​ទី​១៤ ចិញ្ចៀន​ត្បូង​ប៉ៃលិន ធ្វើ​ឱ្យគេ​ស្រលាញ់​ចូលចិត្ត ។​

ឆ្នាំ​ទី​១៥ ចិញ្ចៀន​មរកត បង្កើន​លាភ​សំណាង​ភាពសម្បូរ​សប្បាយ ។​

ឆ្នាំ​ទី​១៦ ចិញ្ចៀន​គជ់ បន្ថែម​ថាមពល ភាព​ស្អាត និង​បរិសុទ្ធ ។​

ឆ្នាំ​ទី​១៧ ចិញ្ចៀនពេជ្រ សេចក្តីស្រលាញ់​ជា​និរន្ត ។

Facebook Comments

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *