ចង់ដឹងថាទេវត្តាឆ្នាំថ្មី ជូនពរអ្វីខ្លះដល់អ្នក តាមឆ្នាំកំណើតរបស់អ្នកទេ?

ឆ្នាំថ្មី ២០១៨ នេះត្រូវនឹងមហាសង្ក្រាន្តឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ គ.ស 2018 មហាសករាជ ១៩៤០ ចុល្លសករាជ ១៣៤០។ សង្ក្រាន្តឆ្នាំនេះ នឹងចូលមកនៅថ្ងៃសៅរ៍ ១៤រោជ ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស ២០១៨ វេលាម៉ោង ០៩:១២ នាទីព្រឹក។

ទេពធីតាដែលបន្តចុះមករក្សាមនុស្សលោកឆ្នាំនេះគឺ ព្រះនាង មហោទរាទេវី បុត្រីកបិលមហាព្រហ្មតំណាងឱ្យថ្ងៃសៅរ៍។ មានត្រកៀតសៀតនៅព្រះកាណ៌ភក្សាហារ “សត្វទ្រាយ’’ ព្រះហស្ថស្តាំកាន់ កងចក្រ ព្រះហស្ថឆ្វេងកាន់ត្រីសូល៍ និងទ្រង់មានព្រះអម្ពរពស្ត្រពណ៌ខៀវ។

ខាងក្រោមនេះគឺជាពាក្យជូនពរតាមឆ្នាំនីមួយៗ៖

1-ឆ្នាំជូត : ឲ្យមានសុខភាពល្អ រកស៊ីដាក់ចុះដុះតាមដៃ មានកូនចៅពេញផ្ទះ និងរាល់យប់ គេងឆាប់លក់ សុបិន្តល្អជានិច្ច ព្រមទាំងមានយស មានសក្តិ និងអំណាចពេញទំហឹង ។

2-ឆ្នាំឆ្លូវ : ឲ្យមានលុយហូរហៀរ មានញាតិរាប់អានច្រើន មានមនុស្សស្រលាញ់ច្រើន និង មានមនុស្សល្អតាមជួយថែរក្សាការពារគ្រប់ពេលវេលា ។

3-ឆ្នាំខាល : ឲ្យបំពេញរាល់ភារកិច្ចឆាប់បានសម្រេច មានលាភសំណាងច្រើន ទទួលបាន ផលចំណេញ​ច្រើន​ចេញពីការលក់ដូរ ជួល បញ្ចាំ គ្រប់ប្រភេទ និង មានសុខភាពល្អជានិច្ច ។

4-ឆ្នាំថោះ : ឲ្យមានតែស្នាមញញឹមពេញមួយឆ្នាំ មានរឿងល្អកើតឡើងពេញមួយឆ្នាំ មានលុយអាចទិញដី ផ្ទះ វីឡា ឡាន ម៉ូតូ ទៅតាមចិត្តប្រាថ្នា ហើយជាសះស្បើយ គ្រប់ជម្ងឺ។

5-ឆ្នាំរោង : ឲ្យមានមិត្តបន្ថែមច្រើន មានមនុស្សល្អជួយជ្រុមជ្រែងច្រើន មានលុយកាក់ សម្រាប់ចាយច្រើនហូរហៀរ ហើយបើមានរឿងក្តីក្តាំ សូមឲ្យរលាយសាបសូន្យឲ្យអស់ ។

6-ឆ្នាំម្សាញ់ : ឲ្យសម្រេចរាល់ក្តីប្រាថ្នាក្នុងឆ្នាំចាស់ក្នុងឆ្នាំថ្មីនេះ មានប្តី មានប្រពន្ធឆាប់ៗ តែបើមានហើយ សូមឲ្យស្រលាញ់គ្នាខ្លាំងៗ និងគង់វង្សយូរអង្វែង ។

7-ឆ្នាំមមី : ឲ្យរកលុយបានច្រើនទ្វេជាពីរ ជាបី ធៀប នឹងឆ្នាំចាស់ ហើយមានសុខភាពល្អ និង មានសំណាងល្អជាបន្តបន្ទាប់ជាហូរហែរ ទន្ទឹមនឹងនេះ ក្នុងឆ្នាំថ្មីនេះ សូមឲ្យអ្នកជួបប្រទះ តែមនុស្សល្អចូលមកកំដរជីវិតរបស់អ្នកឲ្យស្រស់បំព្រង ។

8-ឆ្នាំមមែ : ឲ្យមានគំនិតប្រាជ្ញា ភ្លឺថ្លាមុត គិតបានជ្រៅជ្រះ ឈ្នះអស់មារសត្រូវ និងមានផ្លូវ រកលុយសម្រាប់ចាយវាយ បានច្រើនពេញៗដៃ ។

9-ឆ្នាំវក : ឲ្យសំបូរមាស សំបូរប្រាក់ សំបូរញាតិផៅ ចៅសន្តាន រាប់អានមូលមី បើកំពុងមានទុក្ខកង្វល់ សូមឲ្យរលាយបាត់សាបសូន្យ គ្មានសល់សូម្បីតែ ១ ចំរៀក ។

10-ឆ្នាំរកា : ឲ្យគ្រោះកាច គ្រោះកម្ម គ្រោះខែ គ្រោះឆ្នាំ គ្រោះចាប់ គ្រោះចង ទាំងអម្បារមាន វិនាសសតិ និង សូមឲ្យលាភសំណាង ជាលុយ ជាកាក់ ជាមាស ជាប្រាក់ ចូលមក ក្នុងជីវិតរបស់អ្នកជាបន្តបន្ទាប់ ពេញមួយជីវិត ។

11-ឆ្នាំច : ឲ្យក្តីមួរម៉ង សៅហ្មង និងក្តីកង្វល់ក្នុងចិន្តា របស់អ្នកដល់ផ្លូវបញ្ចប់ ហើយសូមឲ្យ​ឆ្នាំថ្មីនេះ ចាប់ផ្តើមនូវអ្វីដែលថ្មី មានលាភមានជ័យ អាចក្លាយជាសេដ្ឋី ក្នុងពេលឆាប់ៗនេះ ។

12-ឆ្នាំកុរ : ឲ្យមានសុខភាពល្អ ចៀសឆ្ងាយជម្ងឺយារយីគ្រប់ប្រភេទ និង មានតែភាពសប្បាយរីករាយក្នុងជីវិត ជាហូរហែរ ព្រមទាំង អាចមានមុខរបរចិញ្ចឹមជីវិតថ្មី ដែលនាំ មកនៅចំណូលជាច្រើនសន្ធឹកសន្ធាប់ ។

រក្សាសិទ្ធិដោយ: Moha Sneha

Facebook Comments

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *