សាធុ…សាធុ…សាធុ… រីករាយស្វាគមន៍ឆ្នាំថ្មី ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២

បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កាន់តែខិតឈានចូលមកដល់ហើយ ដោយនៅសល់តែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ ប៉ុន្តែជឿថានៅមានអ្នកមួយចំនួននៅមិនទាន់ដឹងច្រើនពីពិធីបុណ្យចូលឆ្នាំថ្មីដូចជា ថាតើឆ្នាំថ្មីចូលនៅថ្ងៃណា ពេលណា ទេវតាឆ្នាំថ្មីព្រះនាមអ្វី រណ្តាប់ឆ្នាំថ្មីត្រូវមានអ្វីខ្លះ និងចំណុចផ្សេងៗទៀតជាដើម។ ទន្ទឹមគ្នានឹងភាពរំភើបសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ក្នុងនាមជាកូនខ្មែរ យើងគួរតែដឹងខ្លះពីចំណុចដូចបានលើកឡើងខាងលើ។

ពេលវេលា

ឆ្នាំថ្មីដែលនឹងឈានចូលមកដល់គឺឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ (ព.ស) ២៥៦២ មហាសករាជ (ម.ស) ១៩៤០ ចុល្លសករាជ (ចុ.ល) ​១៣៨០។ ក្នុងនោះ ថ្ងៃចូលឆ្នាំគឺចំថ្ងៃសៅរ៍ ១៤រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ៩ និង១២ នាទីព្រឹក។

ពិធីបុណ្យចូលឆ្នាំខ្មែរនេះមានរយៈពេល៣ថ្ងៃដោយ

  • ថ្ងៃទី១៖ ថ្ងៃសៅរ៍ ១៤រោច ខែចេត្រ (ដាច់ខែចេត្រ) ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ ជាថ្ងៃចូលមហាសង្រ្កាន្ត
  • ថ្ងៃទី២៖ ថ្ងៃអាទិត្យ ១កើត ខែពិសាខ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ ជាវារៈវនបត
  • ថ្ងៃទី៣៖ ថ្ងៃចន្ទ ២កើត ខែពិសាខ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ ជាវារៈឡើងស័ក

ទេពធីតាមហាសង្រ្កាន្តឆ្នាំថ្មី

ឆ្នាំនេះទេពធីតាដែលនឹងចូលមកគ្រប់គ្រងថែរក្សាមនុស្សលោកគឺ ព្រះនាង មហោទរាទេវី ជាបុត្រីទី៧ នៃកបិលមហាព្រហ្ម។ ព្រះនាងទ្រង់គ្រឿងអម្ពរពណ៌ ខៀវ លម្អនៅព្រះកាណ៌(ត្រចៀក) ដោយសៀតផ្កា ត្រកៀត ហើយសម្រាប់គ្រឿងអាភរណៈគឺ គ្រឿងប្រដាប់នីលរ័តន៍ ព្រះហស្តស្តាំទ្រង់កងចក្រ ព្រះហស្តឆ្វេងទ្រង់ត្រីសូល៍។ ចំណែកសត្វពាហនៈគឺសត្វក្ងោក ហើយភក្សាហារគឺ សាច់ទ្រាយ។

រណ្តាប់ឆ្នាំថ្មី

ជាទូទៅតាមប្រពៃណីទំនៀមទម្លាប់ខ្មែរ នៅពេលថ្ងៃចូលឆ្នាំមកដល់ គេរៀបគ្រឿងសក្ការៈបូជាសម្រាប់ទទួលទេវតាឆ្នាំថ្មីដែលមានដូចជា៖ បាយ​សី​ ១គូ, ស្លា​ធម៌​ ១​គូ, ធូប​​ ៥, ទៀន ​៥, ទឹកអប់ ​១​គូ, ផ្កា​ភ្ញី, លាជ, ទឹក​ ១ ​ផ្តិល និង​ ភេសជ្ជៈ, នំនែក, ផ្លែ​ឈើ​គ្រប់​មុខ។ ជាមួយគ្នានេះ គេនិយមរៀបចំក្រយាតម្រូវតាមព្រះទ័យ (ភក្សាហារ) របស់ទេពធីតាដែលយាងចុះក្នុងឆ្នាំនីមួយៗផងដែរ បើអាចរកបាន។ ចំណែក​​ផ្ទះ​​សម្បែង ​គេ​តុបតែង​រំលេច​ដោយ​អំពូល ​អគ្គិសនី​ខ្សែ​តូចៗ ​ចម្រុះ​​ពណ៌ ឬ​ចង្កៀង​គោម គ្រប់​ពណ៌​ សម្រាប់​ទទួល​ទេវតាថ្មី​។

ប្រភព៖ គេហទំព័រក្រសួងវប្បធម៌ និងប្រតិទិនខ្មែរ

Facebook Comments

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *