ក្បួនខ្មែរ តាងថ្ងៃ តាងខែ តាងឆ្នាំ ទាយគូស្រកររកស៊ី និងបូកផ្សំទាយសេចក្តីសុខ

ទំទាយពីគូស្រកររកស៊ី

បើចង់មើលគូស្រករថា នៅជាមួយគ្នា នឹងធ្វើជំនួញបានលទ្ធផលឬមិនបាន ត្រូវមើលតាមវិធីដូចតទៅនេះ :

ឧបមា ដូចជាប្រពន្ធ ថ្ងៃព្រហស្បតិ៍ លេខ៥ ប្ដីថ្ងៃអាទិត្យ លេខ១,៥បូកនឹង១ ត្រូវជា៦, យក៦គុណនឹង៣ ត្រូវជា១៨, ហើយចែកនឹង៧ ឃើញសេស ៤ ទាយថា នៅរួមគ្នា នឹងមានកិត្តិស័ព្ទ ។

បើថ្ងៃដទៃទៀត ចូររកវិធីតាមថ្ងៃប្ដី ប្រពន្ធ យកមកបូករួមគុណនឹង៣ ចែកនឹង៧ ឃើញសល់ប៉ុន្មាន ចូរទាយដូចតទៅនេះ :

សេស ១ ខ្សត់ទ្រព្យសម្បត្តិ ។ សេស ២ មានកិត្តិស័ព្ទ ។ សេស ៣ ទីទ័លក្រ ។ សេស ៤ ល្មមចិញ្ចឹមខ្លួន ។ សេស ៥ យ៉ាងខ្ពស់ណាស់ ត្រឹមទ្រមាក់សេះ ដំរី ។ សេស ៦ មានទ្រព្យសម្បត្តិច្រើន ។ សេស ៧ រកស៊ីដុះដាលវាលគុម្ពចំរើន ។

ថ្ងៃអាទិត្យ និងថ្ងៃអាទិត្យ មានសេចក្ដីក្ដៅក្រហាយ ។ ថ្ងៃ ច័ន្ទ និងថ្ងៃច័ន្ទ មានទ្រព្យសម្បត្តិ ។ ថ្ងៃ អង្គារ និងថ្ងៃអង្គារ ប្រពន្ធស្លាប់ចោល ។ ថ្ងៃ ពុធ ថ្ងៃពុធ ក្ដៅចិត្តដូចភ្លើង ។ ថ្ងៃ ព្រហស្បតិ៍ និងថ្ងៃព្រហស្បតិ៍ ល្មមចិញ្ចឹមខ្លួនបាន ។ ថ្ងៃ សុក្រ និងថ្ងៃសុក្រ នៅបានសុខត្រជាក់ត្រជុំ ។ ថ្ងៃ សៅរ៍ និងថ្ងៃសៅរ៍ រកស៊ីមានបាន ។

សមពង្សគូរស្រករ

ន័យ មួយទៀត កំលោះក្រមុំដែលបានគ្នាជាប្ដីប្រពន្ធថ្មីៗ បើចង់ដឹងថា នឹងមានសេចក្ដីសុខចំរើនអស់កាលជាយូរអង្វែងឬទេសូមមើលតាមសេសនេះ គឺលោកអោយយកអាយុរបស់គូទាំងពីរនោះ បូកផ្សំគ្នាយក៣គុណ ហើយយក៩ចែក ។

សេស១ មិនល្អ នៅជាមួយគ្នា នឹងក្ដៅក្រហាយជានិច្ច មកពីឈ្លោះប្រកែកគ្នា ។ សេស២ ល្អ នឹងមានទ្រព្យសម្បត្តិច្រើន ។ សេស៣ មិនល្អ នឹងមានជំងឺឈឺចាប់ជានិច្ច ។ សេស៤-៥-៦ ល្អ នៅជាប់គ្នារហូត ដល់អស់មួយជីវិត ថែមទាំងសេចក្ដីសុខចំរើនសំបូណ៍ទ្រព្យសម្បត្តិខ្ញុំកំដរទៀត ។ សេស ៨ មិនល្អ នឹងត្រូវប្រឆាំងគ្នានិច្ច បើមិនដូច្នោះទេនឹងចាកចោលគ្នាដោយហេតុផ្សេងៗ ។ សេស ០ មិនល្អ នឹងត្រូវស្លាប់គ្នាពីក្មេង ។

រកឫក្សថ្ងៃល្អដើម្បីធ្វើការមង្គល

ឫក្សខាងខ្នើត

ថ្ងៃ ១ កើត ការមង្គលល្អ ទៅផ្លូវគោកល្អ ផ្លូវទឹកមិនល្អឡើយ ។ ថ្ងៃ ២ កើត ធ្វើការមង្គល មិនល្អឡើយ ។ ថ្ងៃ ៣ កើត ធ្វើការមង្គល មិនល្អទេ នឹងស្លាប់ចាកគ្នា ទៅរកនាហ្មឺនល្អ ទៅលក់ដូរ នឹងមានលាភ ។ ថ្ងៃ៤ កើត ធ្វើការមង្គលល្អ ទៅផ្លូវគោកល្អផ្លូវទឹកមិនល្អឡើយ ។ ថ្ងៃ៥ កើត ធ្វើការមង្គលល្អ ទៅផ្លូវទឹកខូចខាតទ្រព្យផ្លូវគោកល្អ ។ ថ្ងៃ ៦ កើត ធ្វើការមង្គលល្អ ទៅផ្លូវគោកល្អ ផ្លូវទឹកមិនល្អឡើយ ។ ថ្ងៃ ៧ កើត ធ្វើការមង្គល មិនល្អឡើយ ។ ថ្ងៃ ៨ កើត ធ្វើការមង្គលល្អ ។ ថ្ងៃ ៩ កើត ធ្វើការមង្គលល្អណាស់ ទៅរកអ្នកធំមិនល្អឡើយ ។ ថ្ងៃ ១០ កើត ធ្វើការមង្គលល្អ អ្នកធំនឹងអោយលាភ ។ ថ្ងៃ ១១ កើត ធ្វើការមង្គលល្អសព្វយ៉ាង ។ ថ្ងៃ ១២ កើត ធ្វើការមង្គលមិនល្អ ទៅនៅទីដទៃនឹងមានលាភ ។ ថ្ងៃ ១៣ កើត ធ្វើការមង្គលល្អ ទៅលក់ដូរល្អណាស់ ។ ថ្ងៃ ១៤ កើត ធ្វើការមង្គលមិនល្អឡើយ ។ ថ្ងៃ ១៥ កើត ធ្វើការមង្គលល្អ ទៅលក់ដូរល្អ មានលាភព្រោះអ្នកធំ ។

ឫក្សខាងរនោច

ថ្ងៃ ១ រោច ធ្វើការមង្គលល្អ ទៅលក់ដូរល្អ ។ ថ្ងៃ ២ រោច ធ្វើកាមង្គលមិនល្អឡើយ ។ ថ្ងៃ ៣ រោច ធ្វើការមង្គលមិនល្អទេ កុំធ្វើ ។ ថ្ងៃ ៤ រោច ធ្វើការមង្គលល្អ ទៅរកនាហ្មឺន មិនល្អឡើយ ។ ថ្ងៃ ៥ រោច ធ្វើការមង្គលមិនល្អឡើយ ។ ថ្ងៃ ៦ រោច ធ្វើការមង្គលល្អណាស់ ។ ថ្ងៃ ៧ រោច ធ្វើការមង្គលល្អ ទៅរកនាហ្មឺនល្អ ។ ថ្ងៃ ៨ រោច ធ្វើការមង្គលមិនល្អទេ ទៅលក់ដូរល្អ ។ ថ្ងៃ ៩ រោច ធ្វើការមង្គលល្អ ទៅផ្លូវទឹកមិនល្អឡើយ ។ ថ្ងៃ ១០ រោច ធ្វើការមង្គលមិនល្អទេ នឹងឈឹចាប់ ។ ថ្ងៃ ១១ រោច ធ្វើការមង្គលល្អ ទៅលក់ដូរនឹងមានលាភ ។ ថ្ងៃ ១២ រោច ធ្វើការមង្គលមិនល្អទេ ទៅលក់ដូរមានជោគ ។ ថ្ងៃ ១៣ រោច ធ្វើការមង្គលល្អ នឹងបានជាធំ ។ ថ្ងៃ ១៤ រោច ធ្វើការមង្គល នឹងបានលាភ ។ ថ្ងៃ ១៥ រោច ធ្វើការមង្គលល្អ ទៅលក់ដូរនឹងមានលាភ ។

គ្រឿងសំគាល់ប្រចាំថ្ងៃ ទាំង ៧

លេខ ១ សំរាប់ថ្ងៃ អាទិត្យ ។ លេខ ២ សំរាប់ថ្ងៃ ច័ន្ទ ។ លេខ ៣ សំរាប់ថ្ងៃ អង្គារ ។ លេខ ៤ សំរាប់ថ្ងៃ ពុធ ។ លេខ ៥ សំរាប់ថ្ងៃ ព្រហស្បតិ៍ ។ លេខ ៦ សំរាប់ថ្ងៃ សុក្រ ។ លេខ ៧ សំរាប់ថ្ងៃ សៅរ៍។

គ្រឿងសំគាល់ប្រចាំខែ ទាំង ១២

ខែ ១ សំរាប់ខែ មិគសិរ ។ ខែ ២ សំរាប់ខែ បុស្ស ។ ខែ ៣ សំរាប់ខែ មាឃ ។ ខែ ៤ សំរាប់ខែ ផល្គុន ។ ខែ ៥ សំរាប់ខែ ចេត្រ ។ ខែ ៦ សំរាប់ខែ ពិសាខ ។ ខែ ៧ សំរាប់ខែជេស្ឋ ។ ខែ ៨ សំរាប់ខែ អាសាធ ។ ខែ ៩ សំរាប់ខែ ស្រាពណ៍ ។ ខែ ១០ សំរាប់ខែ ភទ្របទ ។ ខែ ១១ សំរាប់ខែ អស្សុជ ។ ខែ ១២ សំរាប់ខែ កត្តិក ។

គ្រឿងសំគាល់ប្រចាំឆ្នាំ ទាំង ១២

លេខ ១ សំរាប់ឆ្នាំ ជួត ។ លេខ ២ សំរាប់ឆ្នាំ ឆ្លូវ ។ លេខ ៣ សំរាប់ឆ្នាំ ខាល។ លេខ ៤ សំរាប់ឆ្នាំ ថោះ ។ លេខ ៥ សំរាប់ឆ្នាំ រោង។ លេខ ៦ សំរាប់ឆ្នាំ ម្សាញ់ ។ លេខ ៧ សំរាប់ឆ្នាំ មមី។លេខ ៨ សំរាប់ឆ្នាំ មមែ ។ លេខ ៩ សំរាប់ឆ្នាំ វក ។ ខែ ១០ សំរាប់ឆ្នាំ រកា ។ លេខ ១១ សំរាប់ឆ្នាំ ច ។ លេខ ១២ សំរាប់ឆ្នាំ កុរ ។

Facebook Comments

You may also like...