ស្រលាញ់ជិត៣ឆ្នាំ បញ្ចប់ពាក្យថាសង្សារព្រោះហត់ចិត្តពេក តែពេលដឹងការពិតរំភើបជំនួស

ពាក្យ​ថា​ស្នេហា​មនុស្ស​ជា​ច្រើន​សុទ្ធ​តែ​បាន​ស្គាល់​ពី​និយម​ន័យ​របស់​វា​ គឺ​មាន​ទាំង​ការ​ស្រលាញ់ ​ការ​ឈឺ​ចាប់​ ខឹង​ស្អប់​គ្នា​ មិន​យល់​ចិត្ត​គ្នា​ ប្រច័ណ្ឌ​គ្នា ទាំង​នេះ​សុទ្ធ​សឹង​តែ​ជា​គោល​បំណង​ចង់​រក្សា​ចំណង​ស្នេហ៍​ទាំង​អស់ ខឹង​ព្រោះ​ស្រលាញ់ ​ប្រច័ណ្ឌ​ព្រោះ​បារម្ភ។

មាន​រឿង​ជា​ច្រើន​ដែល​ទាក់​ទង​នឹង​ស្នេហា​ទាំង​នេះ ​ដែល​ត្រូវ​ឲ្យ​ពួក​គេ​មាន​ទំនាក់​ទំនង​ត្រឹម​ជា​សង្សារ​ដើម្បី​ធ្វើ​ការ​ពិចារណា​លើ​ចិត្ត​គំនិត​របស់​ដៃ​គូ​ម្នាក់ៗ​ មុន​ពួក​គេ​ឈាន​ដល់​ថ្ងៃ​ចូល​រោង​ការ​។ សម្រាប់​អ្នក​ខ្លះ​មិន​ធ្លាប់​មាន​សង្សារ​ទាល់​តែ​សោះ ​តែ​ដល់​ពេល​ដែល​ត្រូវ​ដល់​គូ​ មាន​គេ​ចូល​ដណ្ដឹង​ធ្វើ​ជា​ប្រពន្ធ​តែ​ម្តង​ ព្រោះ​ខាង​ប្រុស​គាត់​បាន​មើល​ពី​អកប្បកិរិយា​ខាង​ស្រី​យូរ​ហើយ​ តែ​ពេល​ខ្លះ​វិញ​ក៏​គាត់​សម្រេច​តាម​ការ​ជ្រើសរើស​របស់​ឪពុក​ម្តាយ​តែ​ម្តង។

សម្រាប់​មនុស្ស​ប្រុស​ស្រី​នា​ពេល​បច្ចុប្បន្ន​នេះ​ មាន​ភាគ​តិច​ណាស់​ដែល​​មិន​មាន​សង្សារ​ អ្នក​ខ្លះ​ប្រើ​ពេល​វេលា​យ៉ាង​យូរ​ក្នុង​ការ​មើល​ចិត្ត​គំនិត​គ្នា​ទៅ​វិញ​ទៅ​មក​ថា​ តើ​អាច​យក​មក​ធ្វើ​ជា​ដៃ​គូ​អនាគត​បាន​ដែរ​ឬ​អត់? ឯ​នៅ​ពេល​ថ្មីៗ​នេះ​ មាន​ម្ចាស់​គណនី​ហ្វេសប៊ុក​ម្នាក់​បាន​សរសេរ​រៀប​រាប់​រឿង​ស្ថិត​ក្នុង​ឈ្មោះ​ជា​សង្សារ​យូរ​ឆ្នាំ​ហើយ ​ព្រោះ​​គាត់​ហត់​ហើយ ​តែ​មិន​មែន​បាន​ន័យ​ថា ​គាត់​បែក​បាក់​គ្នា​ទេ ​តែ​ហត់​ក្នុង​ន័យ​ឈប់​ធ្វើ​ជា​សង្សារ​ ហើយ​យក​ធ្វើ​ជា​ប្តី​ប្រពន្ធ​វិញ​ទើប​ជា​ការ​ល្អ​ប្រសើរ។

គាត់​បាន​សរសេរ​រៀប​រាប់​ថា​« សុំ​បញ្ចប់​ឈ្មោះ​ជា​សង្សារ​គ្នា​ត្រឹម​ឆ្នាំ​នេះ​ហើយ​ណា​ធុញ​ហើយ ១៣ ០៦ ២០១៦ ដល់​ថ្ងៃ​ទី​២២ ១១ ២០១៨ រយៈ​ពេល​ ២​ឆ្នាំ​ ៥​ខែ​៩​ថ្ងៃ​ហើយ​ណា​ ដែល​យើង​បាន​ស្គាល់​គ្នា​គិត​ចាប់​ពី​ថ្ងៃ​ដែល​យើង​និយាយ​គ្នា​លេង​ឆាត​ជា​មួយ​គ្នា​ដំបូង​នោះ​អី បើ​ថ្ងៃ​ដែល​យើង​ស្រលាញ់​គ្នា​ប្រាកដ​ថ្ងៃ​ណា​នោះ​មិន​ដឹង​ទេ​ព្រោះ​ជិត​មួយ​ខែ​ឯ​ណោះ​ទើប​អូន​យល់​ព្រម​ដាក់​ចិត្ត​ស្រលាញ់​បង។

ប្រហែល​យើង​មិន​ដែល​គិត​ទេ​ថា​ នឹង​មាន​ថ្ងៃ​នេះ​ព្រោះ​ស្នេហា​នេះ​ចាប់​ផ្តើម​បែប​លេងៗ​ប៉ុណ្ណោះ ​គ្រាន់​មាន​សង្សារ​កំដរ​លេង​ឆាត​កំដរ​ និយាយ​ទូរស័ព្ទ​បែប​ហ្នឹង​អី​ តែ​កំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ​វា​ធ្វើ​ឲ្យ​ពួក​យើង​ស្គាល់​ និង​យល់​ពី​ក្តី​ស្រលាញ់​ពិត ​គឺ​ស្រលាញ់​មនុស្ស​ម្នាក់​ជា​មនុស្ស​ម្នាក់ ​ស្រលាញ់​គេ​ជាគេ​ពិត​ប្រាកដ​មិន​មែន​ស្រលាញ់​អ្វី​ដែល​គេ​មាន។ ពួក​យើង​បាន​ឆ្លង​កាត់​រឿង​ជា​ច្រើន​ជា​មួយ​គ្នា​ទាំង​បញ្ហា​អ្នក​និយាយ​ដើម​ច្រើន​នាក់​មិន​ចេះ​ចប់​ផង​។

មាន​បញ្ហា​ផ្សេងៗ​ជា​ច្រើន​ទៀត​ធ្លាប់​យំ ធ្លាប់​ខូច​ចិត្ត ប្រច័ណ្ឌ​អន់​ចិត្ត​ឈ្លោះ​គ្នា​ចង់​បែក​គ្នា​តែ​មិន​ដែល​បែក​គ្នា​ម្តង​ណា​ទេ ទោះ​ឈ្លោះ​គ្នា​ក៏​បាន​តែ​មួយ​ថ្ងៃ​ដែរ​ ព្រោះ​គាត់​តែង​តែ​លួង​ និង​ខល​មក​មុន​រហូត។​និយាយ​រួម​ខ្ញុំ​តែង​តែ​ត្រូវ ហើយ​គាត់​តែង​តែ​ខុស​ តែ​ទី​បំផុត​យើង​ក៏​ឆ្លង​វា​មក​បាន​ទាំង​អស់​ហើយ​ពេល​នេះ។ សូម​អរគុណ​ដល់​ចាស់​ទុំ​ទាំង​សង​ខាង ទៅ​ថ្ងៃ​មុខ​មិន​ថា​មាន​រឿង​អ្វី​កើត​ឡើង​ក៏​ដោយ​មិន​ថា​ជា​រឿង​ល្អ ​ឬ​រឿង​អាក្រក់​ទេ​ណា​ យើង​នឹង​កាន់​ដៃ​គ្នា​ហើយ​ឆ្លង​កាត់​វា​ទាំង​អស់​គ្នា​ណា»។

ក្រោយ​ពី​បាន​បង្ហាញ​ពី​សារ​របស់​គាត់​ព្រម​ទាំង​រូប​ភាព​អម​ទៅ​ដោយ​ពិធី​ភ្ជាប់​ពាក្យ​រួច​មក ​មាន​មិត្តភ័ក្ដិ និង​បង​ប្អូន​ជា​ច្រើន​បាន​ផ្ញើរ​សារ​ជួយ​អបអរ​សាទរ​ដល់​អ្នក​ទាំង​ពី​ឲ្យ​គាត់​ស្រលាញ់​គ្នា​ និង​យល់​ចិត្ត​គ្នា​ជា​រៀង​រហូត​តទៅ៕ (អត្ថបទ៖ និស្ស័យ)

Facebook Comments

You may also like...