ទីបំផុត សំណួរដ៏កក្រើកពិភពលោកទាំង១០ ត្រូវបានឆ្លើយដោយលោក Hawking ក្នុងស្នាដៃចុងក្រោយហើយ!

អង់គ្លេស៖ ទូកទៅ កំពង់នៅ! ថ្វីបើលោកសាស្ត្រាចារ្យ Stephen Hawking ដ៏ល្បីល្បាញ បានស្លាប់ទៅហើយក្តី ប៉ុន្តែកំពូលអ្នកប្រាជ្ញដែលនៅសល់តែជីវិត និងខួរក្បាលប៉ុណ្ណោះ ដែលអាចដំណើរការបានតាំងពីវ័យ ២១ រហូតដល់ថ្ងៃស្លាប់ក្នុងអាយុ ៧២ ឆ្នាំ បានបន្សល់នូវស្នាដៃធំៗរាប់មិនអស់ ហើយត្រូវបានទទួលស្គាល់ទូទាំងសកលលោកទៀតផង។

លោកសាស្ត្រាចារ្យ Stephen Hawking

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលបំផុតនោះគឺ សៀវភៅចុងក្រោយបង្អស់របស់លោកដែលទើបតែត្រូវបានបោះពុម្ពផ្សាយ បានទម្លាយចម្លើយធំៗទាំង១០ ដែលមនុស្សទូទាំងពិភពលោកមានចម្ងល់យូរណាស់មកហើយ តាមរយៈស្នាដៃមួយនេះផងដែរ។

ខាងក្រោមនេះជាសំណួរចម្លើយទាំង១០៖ 

រូបតំណាងសៀវភៅចុងក្រោយរបស់លោក

១. តើក្នុងលោកនេះមានព្រះជាម្ចាស់ដែរឬទេ?

-គ្មានព្រះទេ ហើយក៏គ្មានអ្នកណាដឹកនាំចក្រវាលនេះដែរ។

២. ចុះអ្វីៗគ្រប់យ៉ាងចាប់ផ្តើម/បង្កើតដោយរបៀបណា?

-ដោយសារការរីកមាឌនៃរូបធាតុពីលក្ខខណ្ឌនៃដង់ស៊ីតេ និងសីតុណ្ហភាពខ្ពស់បំផុត (ទ្រឹស្តីប៊ីកប៊ែង)។

៣. តើមានភាវរស់ខួរក្បាលឆ្លាតវៃផ្សេងទៀតដែរឬទេក្នុងសកលលោកនេះ?

-ទម្រង់ផ្សេងៗនៃជីវិតក្រៅភពពិតជាមាន។ ចាំបាច់ត្រូវប្រយ័ត្នប្រយែង កុំឆ្លើយតបដោយគំរោះគំរើយ ប្រសិនបើមនុស្សយើងមិនទាន់អភិវឌ្ឍរីកចម្រើនខ្លាំងលើសនេះ។

៤. តើយើងអាចព្យាករណ៍ទុកមុនអំពីអនាគតបានទេ?

-បានផង អត់ផង។ បើតាមគោលការណ៍ ច្បាប់ធម្មជាតិអនុញ្ញាតឱ្យយើងទស្សន៍ទាយដឹងពីអនាគត ប៉ុន្តែជាក់ស្តែងវាពិបាកខ្លាំងពេកហើយ។

៥. តើមានអ្វីនៅក្នុងប្រហោងខ្មៅក្នុងលំហ (Black-hole)?

-បើធ្លាក់ចូលទៅក្នុងប្រហោងខ្មៅនេះ គឺពិតជាស៊យធំមិនខាន ហើយបើវាជាប្រហោងខ្មៅប្រភេទម៉ាសតារា អ្នកនឹងក្លាយជាមីអ៊ីតាលីបាត់ទៅហើយ មុនទៅដល់ជើងមេឃម្ខាងទៀត។

៦. តើការធ្វើដំណើរឆ្លងសម័យកាលអាចទៅរួចទេ?

-ការធ្វើដំណើរឆ្លងទៅសម័យកាលមុន ជារឿងដែលមិនអាចច្រានចោលបានឡើយ បើយោងតាមការយល់ដឹងរបស់មនុស្សបច្ចុប្បន្ន។

៧. តើមនុស្សអាចនៅរស់បន្តពូជសាសន៍ (មិនសាបសូន្យផុតពូជ) លើផែនដីដែរឬទេ?

-លំដាប់លំដោយនៃពិភពលោកបច្ចុប្បន្នមានអនាគតដ៏ល្អមួយ ប៉ុន្តែវានឹងក្លាយជាពិភពលោកដ៏ខុសគ្នាស្រឡះនៅថ្ងៃក្រោយ។

៨. តើយើងគួរវាតទីទឹកដីលើលំហដែរឬទេ?

-ខ្ញុំរំពឹងក្នុងរយៈពេលមួយរយឆ្នាំទៀត មនុស្សយើងនឹងអាចធ្វើដំណើរទៅគ្រប់ទីកន្លែងក្នុងប្រព័ន្ធព្រះអាទិត្យ។

៩. តើខួរក្បាលសិប្បនិម្មិត (AI) នឹងឆ្លាតជាងមនុស្សដែរឬទេ?

-ខួរក្បាលសិប្បនិម្មិតដ៏មហាឆ្លាតវៃមួយ នឹងពូកែដល់កម្រិតកំពូលខាងសម្រេចគោលដៅ ហើយប្រសិនជាគោលដៅទាំងនោះមិនស្របតាមគោលដៅរបស់មនុស្សទេ នោះយើងនឹងមានបញ្ហាធំហើយ។

១០. តើយើងត្រូវរៀបចំអនាគតដូចម្តេច?

-ចាំថាត្រូវងើយទៅលើមើលទៅផ្កាយជានិច្ច មិនមែនមើលជើងយើងទេ (ប្រហែលចង់សំដៅថា អនាគតត្រូវនៅភពផ្សេង មិនមែននៅផែនដីដែលនៅក្រោមជើងយើងឡើយ)៕

Facebook Comments

You may also like...