មនុស្សភាគច្រើនតែងតែខ្លាចខ្មោច មិនចង់ឃើញមិនចង់ជួប តែសម្រាប់ខ្ញុំបែរជាចង់ឃើញខ្មោចទៅវិញ ហើយក្រោយមក…

មនុស្សភាគច្រើនតែងតែខ្លាចខ្មោច មិនចង់ឃើញមិនចង់ជួប តែសម្រាប់ខ្ញុំបែរជាចង់ឃើញខ្មោចទៅវិញ។ អាចថាខ្ញុំជាមនុស្សខុសគេ ចូលចិត្តធ្វើអីខុសគេ ហើយចង់ដឹងចង់ឃើញនូវអ្វីដែលអ្នកដទៃខ្លាច។

 

នៅភូមិខ្ញុំ ដូចជាភូមិអ្នកទាំងអស់គ្នាដែរ គឺមានផ្ទះ មានផ្លូវ មានមនុស្ស មានមូស មានឆ្កែឆ្មា។ ម៉ោង៦ល្ងាចមេឃចាប់ផ្ដើមងងឹត មនុស្សម្នានាំគ្នាចូលផ្ទះរៀងខ្លួន។ ខ្ញុំដើរមកឈរមុខផ្ទះសម្លឹងមើលភាពស្ងប់ស្ងាត់នៅតាមផ្លូវ។ បង្គោលភ្លើងដែលដាក់ដង្ហែតាមផ្លូវមិនជាភ្លឺខ្លាំងណាស់ណាទេ ជះពន្លឺបណ្ដាលឲ្យឃើញស្មៅដុះស៊ុបទ្រុបកៀនៗផ្លូវយ៉ាងគួរឲ្យព្រឺក្បាល។ សំឡេងចង្រឹតយំលាន់សូរសំឡេងរណ្ដំទ្រហឹងអើងកងឡើងស្រកៀត្រចៀក។ តាំងពីយូរមកហើយ ល្បីថាផ្ទះមួយនៅចុងភូមិ ដែលគេទុកចោលយូរហើយនោះមានព្រលឹងខ្មោច ជាហេតុធ្វើឲ្យអ្នកភូមិ ក្មេងៗ និងសិស្សានុសិស្សមិនហ៊ានដើរកាត់ផ្ទះនោះទេ ព្រោះដោយសារខ្លាចខ្មោចលង និងគ្មានហេតុផលអីដែលត្រូវដើរកាត់មុខផ្ទះនោះទេ។

ខ្ញុំសម្រេចចិត្តសាកល្បងទៅផ្ទះនោះ។ ខ្ញុំដើរតម្រង់ទៅរកផ្ទះដែលដាច់ឆ្ងាយពីគេនោះ ដោយប្រើពន្លឺពិលទូរសព្ទបំភ្លឺផ្លូវ។ ផ្លូវនេះស្ងាត់ណាស់ ព្រោះវាមិនចេះនិយាយ។ ទីបំផុត បន្ទាប់ពីចំណាយពេលវេលាទាំងកម្លាំងកាយចិត្តអស់រយៈពេល១០នាទី ខ្ញុំក៏បានមកដល់មុខផ្ទះនេះ។ ផ្ទះនេះអត់របងទេ ហើយស្មៅដុះឡើងខ្ពស់ៗមិនគួរឲ្យចង់ចូលសោះ តែធ្វើម៉េច បើខ្ញុំចង់ជួបខ្មោចទៅហើយ។ ខ្ញុំចូលមកក្នុងបរិវេណផ្ទះទាំងអារម្មណ៍មិនសូវល្អ។ ផ្ទះនេះជាផ្ទះថ្មតៀមជាប់ដីមិនធំមិនតូច ហើយគ្រប់គ្នាដឹងពីប្រវត្តិមិនល្អអំពីផ្ទះនេះ តែខ្ញុំមិនអាចប្រាប់អ្នកទាំងអស់គ្នាបានទេ ព្រោះខ្ញុំមិនដឹង។ សំឡេងទូរសព្ទខ្ញុំស្រាប់តែរោទិ៍ឡើងបន្លឺភ្លេង ringtone យ៉ាងពីរោះ។ វាជាលេខ៧ខ្ទង់ និងជាលេខយ៉ាងចម្លែកដែលខ្ញុំមិនដែលឃើញកន្លងមក។

ខ្ញុំចុចទទួល។

«អាឡូ!» ខ្ញុំនិយាយ។

«អាឡូ…» សំឡេងមនុស្សស្រីម្នាក់តបបង្អូសក្នុងទូរសព្ទ។ «ឯង…មកទីនេះ…មានការអី?…»

«អាឡូជំរាបសួរ!» ខ្ញុំតប។ «ចែឯងជាអ្នកណា? ម៉េចបានស្គាល់លេខខ្ញុំ?»

គ្រប់យ៉ាងស្ងាត់ឈឹង។

«អាឡូ!» ខ្ញុំស្រែក។ «ម៉េចមិនតប? សីុពេលណាស់សាំតាប៉ែ!! បើចែឯងមិននិយាយទេខ្ញុំចុចបិទ។»

ទីបំផុត, ស្ត្រីនោះដាច់ចិត្តតប។
«ឯងមកទីនេះធ្វើអី…? ឆាប់ចេញ…ទៅវិញ…ភ្លាម!»

«យី! ហើយចែឯងកើតអី? បានហើយខាតពេលខ្ញុំ។» ខ្ញុំចុចបិទដោយធុញទ្រាន់ រួចដើរចូលទៅមុខទ្វារផ្ទះនោះ។ ទ្វារអត់ចាក់សោរទេ ផ្ដល់ភាពងាយស្រួលឲ្យខ្ញុំចូលទៅក្នុងផ្ទះនោះបាន។ ខ្ញុំបញ្ចាំងពិលទូរសព្ទមើលបរិវេណក្នុងផ្ទះនេះ ឃើញសុទ្ធតែធូលីដី និងសំបុកពីងពាងយ៉ាងក្រាស់ក្រែល ទំនងជាងទុកចោលយូរខែឆ្នាំមកហើយ។ សត្វតុកកែមួយក្បាលទំនៅលើពិដានបានសម្លក់មុខខ្ញុំក្នុងក្រសែភ្នែកកំណាច។

«មើលមុខអី! អត់ដែលស្គាល់ផង។» ខ្ញុំនិយាយទៅកាន់តុកកែចម្គួតនោះ។ វាមិនតបសោះ សត្វនេះពិតជាឫកមែន។

«សួស្ដី!» សំឡេងស្រួយស្រែសរបស់នរណាម្នាក់បន្លឺឡើង។ ខ្ញុំងាកមើលឆ្វេងស្ដាំឃើញស្ត្រីម្នាក់ស្លៀកពាក់សសកវែងគ្របមក ឈរក្បែរសាឡុង។

«បាទជំរាបសួរ!» ខ្ញុំនិយាយតប។ «ចែឯងនៅផ្ទះនេះមែនទេ?»

«ឆាប់…ចេញ…ទៅវិញភ្លាម!!» ស្ត្រីនោះស្រែកខ្លាំងៗ។

«ហើយចាំបាច់ស្រែកខ្លាំងម៉្លេះចែ? និយាយតិចៗក៏ខ្ញុំស្ដាប់បានដែរ។»

«សូមមេត្តាចេញពីផ្ទះនាងខ្ញុំ!» ស្ត្រីនោះនិយាយយ៉ាងសុភាពព្រមទាំងលើកដៃសំពះផង។

«ហេតុអី? ខ្ញុំមិនចេញទេបើមិនទាន់សម្រេចបំណង!»

«ឯងមកផ្ទះនេះធ្វើអី?» ស្ត្រីនោះសួរ។

ខ្ញុំឆ្លើយ៖
«ខ្ញុំមកមើលខ្មោច ព្រោះល្បីថាផ្ទះនេះមានខ្មោច!»

«ឥឡូវនេះឯងឃើញខ្មោចហើយតើ។ ឆាប់ចេញទៅវិញទៅ!»

«ឯណាខ្មោច? ខ្ញុំមិនឃើញ!»

«គឺនាងខ្ញុំនេះហើយជាខ្មោច!»

និយាយរួចស្ត្រីនោះវែកសក់បង្ហាញមុខរលួយប្រឡាក់សុទ្ធតែឈាមដំបៅ ពិតជាគគ្រិចអ្វីម៉្លេះ?

«ចែឯងជាខ្មោចមែនហ្អែស?» ខ្ញុំសួរ។ ស្ត្រីនោះឆ្លើយ៖

«មែនហើយ!»

«ខ្ញុំមិនជឿ!»

«ខ្ញុំពិតជាខ្មោចមែន!»

«កុហក!»

«មិនកុហកទេ ខ្ញុំស្បថ។ ខ្ញុំពិតជាខ្មោចមែន!»

ខ្ញុំមើលទៅមុខគាត់ ដោយជឿជាក់ថាគាត់ពិតជាខ្មោចមែនហើយងក់ក្បាលព្រមជឿ។

«ហើយធ្វើខ្មោចដើម្បីអី?»

«ដើម្បីលងគេ។»

«លងគេសប្បាយណាស់មែន?»

«មិនសូវទេ!»

«ចឹងចែឯងអាចលងខ្ញុំបន្តិចបានទេ?»

«ខ្ចិលណាស់ គ្មានអារម្មណ៍លងទេ!» និយាយហើយខ្មោចស្រីនោះដើរទៅអង្គុយលើសាឡុង។ ខ្ញុំបន្តសួរ៖

«ចុះហេតុអីបានជាចែឯងងាប់?»

«ប្រវត្តិរបស់ខ្ញុំកម្សត់ណាស់!» នាងនិយាយព្រមទាំងយំទឹកភ្នែករហាម។ «គឺខ្ញុំត្រូវប្ដីសម្លាប់!»

«ហេតុអីបានជាប្ដីសម្លាប់?»

«គាត់ខឹង!»

«ហេតុអីបានជាគាត់ខឹង?»

«ខឹងខ្ញុំក្បត់ចិត្តគាត់!»

«ហេតុអីបានជាក្បត់ចិត្តគាត់?»

«ចង់ប្ដូររសជាតិ!»

«ហេតុអីចង់ប្ដូររសជាតិ?»

«បានហើយ ឈប់សួរ។ អាអូននេះសាំតាប៉ែណាស់ ចេញពីផ្ទះខ្ញុំភ្លាមទៅ!» នាងនិយាយព្រមទាំងបង្ហាញទឹកមុខកាច។

«ខ្ញុំសុំុំដេកទីនេះមួយយប់បានទេ?»

«អត់បានទេ ឆាប់ចេញទៅវិញភ្លាម!»

«ហេតុអី?»

«ខ្ញុំចូលចិត្តនៅម្នាក់ឯង!»

«បើចឹងខ្ញុំទៅវិញហើយ!» ខ្ញុំនិយាយព្រមទាំងងើបដើរចេញពីផ្ទះនោះទៅ។ រាត្រីនោះជារាត្រីប្លែកដែលខ្ញុំមិនធ្លាប់ជួបឡើយក្នុងឆាកជីវិត។ មកដល់ផ្ទះ, ខ្ញុំចូលបន្ទប់ហើយបិទភ្នែកដេកលក់។ តាំងពីពេលនោះមក ខ្ញុំមិនដែលទៅផ្ទះនោះទៀតទេ។

ពេលវេលាកន្លងផុតទៅរាប់ពាន់លានឆ្នាំ ខ្ញុំនៅរស់ជាធម្មតា។ ពេលនេះខ្ញុំអាយុ១៧ឆ្នាំហើយ។

ថ្ងៃនេះលោកឯកឧត្តមប៉ា និងលោកជំទាវម៉ាក់រវល់យកត្រីទៅលក់នៅតាមស្រុក ទាល់តែស្អែកទើបគាត់ត្រឡប់មកផ្ទះវិញ។ ខ្ញុំនៅផ្ទះម្នាក់ឯងជាទម្លាប់។

យប់ជ្រៅទៅហើយ ខ្ញុំដេកលក់តិចៗ ស្រាប់តែសំឡេងសារក្នុងទូរសព្ទខ្ញុំរោទិ៍ឡើង។

ទឺត!

ខ្ញុំចុចបើកមើល។ វាជាសារដែលផ្ញើមកពីលេខចម្លែកដែលខ្ញុំមិនដែលស្គាល់។

“ Miss You! ” (នឹកអ្នក)

ខ្ញុំក៏សរសេរតបទៅវិញ។

“You na ke neng ! you jlom lek hz. ” (អ្នកជានរណា? អ្នកច្រឡំលេខហើយ។)

ជាង៣ម៉ោងក្រោយមក, ក៏មានសារតបមកវិញ។

“ សុំទោស ខ្ញុំច្រឡំលេខមែន! ”

ខ្ញុំអានសារនោះហើយក៏បិទភ្នែកដេកវិញធម្មតា៕

ចប់ដោយបរិបូណ៍ហូរហៀរ

សូមអរគុណសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃរបស់អស់លោកអ្នក មកអានរឿងខ្លីដ៏គ្មានប្រយោជន៍របស់ខ្ញុំ ជាចុងក្រោយខ្ញុំសូមជូនពរឲ្យខ្ញុំមានសុខភាពល្អ រកសីុមានបាន សូមជំរាបលា៕

សរសេរដោយ : Leng Lee Bee

Facebook Comments

You may also like...