បើ Manager មាន​ចរិត​ ៦​យ៉ាង​នេះ​ដឹង​តែ​គ្មាន​កូន​ចៅ​ណា​ចង់​ធ្វើ​ការ​ជាមួយ​ទេ

ដើម្បី​ក្លាយ​ជា​អ្នក​គ្រប់គ្រង​​ដ៏​ល្អ​បំផុត គឺ​ទាមទារ​ឱ្យ​មាន​លក្ខណៈ​សម្បត្តិ​ជា​ច្រើន​ ទើប​ធ្វើ​ឱ្យ​អ្នក​ធ្វើ​ការ​ក្រោម​បង្គាប់ បំពេញ​ការងារ​ប្រកប​ដោយ​ភាព​កក់​ក្ដៅ និង​ធ្វើ​ការ​ដោយ​អស់​ពី​សមត្ថភាព។ ចុះ​អ្នក​គ្រប់គ្រង​មាន​ចរិត​បែប​ណា​ខ្លះ ទើប​ធ្វើ​ឱ្យ​បុគ្គលិក​ច្រើន​តែ​រត់​ចោល​ទៅ​រក​ការងារ​ថ្មី? ខាង​ក្រោម​នេះ​ជា​ចំណុច​សំខាន់​ៗ​មួយ​ចំនួន​បង្ហាញ​ភាព​ខ្វះ​ខាត​ក្នុង​នាម​ជា​អ្នក​ដឹក​នាំ ដែល​ធ្វើ​ឱ្យ​បុគ្គលិក​គ្មាន​ទឹក​ចិត្ត​បន្ត​ការងារ​ជាមួយ៖

១. គ្មាន​ផែនការ​ច្បាស់លាស់​ដឹកនាំ​ក្រុម



ជា​អ្នក​គ្រប់គ្រង​បុគ្គលិក ឫ​ប្រធាន​ផ្នែក​ណា​មួយ​ក្នុង​ក្រុមហ៊ុន​មួយ​ ចាំបាច់​ត្រូវ​មាន​ផែនការ​ច្បាស់​លាស់​ក្នុង​ការ​ដឹក​នាំ​ក្រុម​​ និង​ចាត់ចែង​ការងារ​ដល់​បុគ្គលិក​នីមួយៗ មិន​មែន​ចេះ​តែ​ចាត់​ចែង​ឱ្យ​តែ​រួច​ៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​នោះ​ទេ​។ ប្រសិន​បើ​អ្នក​គ្រប់គ្រង គ្មាន​ផែនការ​ការងារ​ប្រចាំ​ថ្ងៃ ឫ​ប្រចាំ​ខែ​ប្រៀប​ដូច​ជា​កាណូត​គ្មាន​ក្បាល​ម៉ាស៊ីន​ដើម្បី​បញ្ជា​ចង្កូត​ឆ្ពោះ​ទៅ​រក​គោលដៅ​ដូច្នេះ​ដែរ។ ដូច្នេះ​កូន​ចៅ​នៅ​ក្រោម​បង្គាប់​​ក៏​គ្មាន​កម្លាំង​ចិត្ត​នឹង​បន្ត​ជាមួយ​អ្នក​គ្រប់គ្រង​ខ្វះ​នូវ​គុណ​សម្បត្តិ​ត្រង់​ចំណុច​នេះ​ដែរ។

២. ខ្វះ​ការ​លើក​ទឹក​ចិត្ត​បុគ្គលិក

កូន​ចៅ​ដែល​មាន​មេកោយ​ចេះ​ផ្ដល់​កម្លាំង​ចិត្ត និង​លើក​ទឹក​ចិត្ត​នៅ​ពេល​ជួប​បញ្ហា ឫ​ឧបសគ្គ​​ក្នុង​ការងារ មិន​ថា​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​គ្មាន​ថ្ងៃ​រត់​ចោល​មេ​របស់​ខ្លួន​ឯង​ឡើយ។ ប៉ុន្តែ​អ្នក​គ្រប់គ្រង​ដែល​មិន​ចេះ​លើក​ទឹក​ចិត្ត​រាប់​បញ្ចូល​ទាំង​ការ​លើក​សរសើរ​ ឫ​​ការ​ដំឡើង​ប្រាក់​ខែ​ នៅ​ពេល​បុគ្គលិក​ធ្វើ​ការ​ល្អ​យ៉ាង​ណា​ក៏​ដោយ​នោះ មិន​យូរ​ទេ​បុគ្គលិក​នឹង​អស់​ទឹក​ចិត្ត​ក្នុង​ការ​បន្ត​ការងារ​ទៀត​ហើយ។ ដូច្នេះ​ការ​លើក​ទឹក​ចិត្ត​ប្រៀប​ដូច​ជា​ឱសថ​ដ៏​មាន​ប្រសិទ្ធភាព​ ជំរុញ​ឱ្យ​បុគ្គលិក​បំពេញ​ការងារ​ដោយ​អស់​ពី​សមត្ថភាព មិន​ថា​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ។​

៣. លើក​គម្រោង​តែ​រុញ​ឱ្យ​តែ​កូន​ចៅ​ធ្វើ

ជា​ការ​ពិត​ក្នុង​ភាព​ជា​អ្នក​ដឹក​នាំ​តែង​មាន​ផែនការ ឫ​គម្រោង​​ថ្មីៗ​ក្នុង​ការ​ជំរុញ​ឱ្យ​ការងារ​កាន់​តែ​រីក​ចម្រើន។ ប៉ុន្តែ​ទន្ទឹម​នឹង​ការ​លើក​ឡើង​គម្រោង​នីមួយៗ ​មិន​ថា​ល្អ​ប៉ុណ្ណា​ក៏​ដោយ គឺ​ត្រូវ​ចូលរួម​អនុវត្ត​ជាមួយ​បុគ្គលិក​ក្រោម​បង្គាប់​ខ្លះ មិន​មែន​ព្រលែង​ចោល​​យក​រួច​ខ្លួន​នោះ​ទេ។ ការ​ចូលរួម​ជាមួយ​បុគ្គលិក​មិន​មែន​ជា​ការ​បន្ទាប​ខ្លួន​ទេ តែ​ជា​ការ​បង្ហាញ​អំពី​ការ​យក​ចិត្ត​ទុកដាក់​លើ​ការងារ និង​បុគ្គលិក​ដើម្បី​ឱ្យ​ផែន​ការ ឫ​គម្រោង​នោះ​ទទួល​បាន​ភាព​ជោគជ័យ។

​ ៤. ទម្លាប់​អត្តនោម័តិ​លើ​គំនិត​ខ្លួន​ឯង



ទទួល​ស្គាល់​ថា ជា​អ្នក​គ្រប់គ្រង តែង​មាន​អាទិភាព​ក្នុង​ការ​លើក​ឡើង​នូវ​គំនិត​របស់​ខ្លួន តែ​មិន​មែន​មាន​ន័យ​ថា ​មិន​ឱ្យ​ទទួល​យក​យោបល់​បុគ្គលិក​នោះ​ទេ។ ប្រសិន​បើ​អ្នក​គ្រប់គ្រង​ចូលចិត្ត​សម្រេច​កិច្ចការ​ដោយ​ផ្អែក​តែ​លើ​គំនិត​ខ្លួន​ឯង ទម្លាក់​ការងារ​ឱ្យ​កូន​ចៅ​ដោយ​មិន​មាន​សួរ​យោបល់​ខ្លះ នោះ​ហើយ​បង្ហាញ​ភាព​ខ្វះខាត​គុណ​សម្បត្តិ​ជា​អ្នក​ដឹក​នាំ ហើយ​ក៏​គ្មាន​អ្នក​ណា​អាច​ធ្វើ​ការ​ជាមួយ​បាន​យូរ​ដែរ។

៥. ទម្លាប់​ហី​អើ​តែ​តាម​មាត់​អ្នក​ដទៃ

នៅ​ត្រង់​ចំណុច​នេះ​មាន​ន័យ​ថា អ្នក​គ្រប់គ្រង​មិន​ចេះ​ថ្លឹង​ថ្លែង​ពី​សមត្ថភាព​បុគ្គលិក​របស់​ខ្លួន ជឿ​តែ​តាម​ពាក្យ​អ្នក​ដទៃ​និយាយ មិន​មើល​ការ​អនុវត្ត​ការងារ​ជាក់ស្ដែង។ ដូច្នេះ​ភាព​ជា​អ្នក​ដឹក​នាំ​ត្រូវ​ចេះ​មើល​សមត្ថភាព​បុគ្គលិក​ឱ្យ​ច្បាស់​លាស់​ និង​សុក្រឹត​បំផុត​មិន​មែន​ចង់​អ្នក​ណា​ថា ល្អ​ គឺ​ល្អ អ្នក​ណា​ថា​មិន​ល្អ គឺ​មិន​ល្អ តាម​តែ​ពាក្យ​ញុះញង់​ពី​អ្នក​ដទៃ​នោះ​ឡើយ។

៦. មាន​គំនិត​លំអៀង​​លើ​កូន​ចៅ



នៅ​ក្នុង​ក្រុម​មួយ​មាន​បុគ្គលិក​អត្តចរិត​ផ្សេងៗ​ពី​គ្នា អ្នក​ខ្លះ​ពូកែ​រឿង​ការងារ ប៉ុន្តែ​មិន​ពូកែ​រឿង​យក​ចិត្ត តែ​បុគ្គលិក​ខ្លះ​សមត្ថភាព​ការងារ​មិន​ប៉ុន្មាន តែ​រឿង​យក​ចិត្ត​គឺ​ជា​ជំនាញ​តែ​ម្ដង។ ដូច្នេះ​បើ​ថ្នាក់​ដឹក​នាំ មិន​ចេះ​បែង​ចែង​សមត្ថភាព​របស់​បុគ្គលិក ដោយ​លំអៀង​លើ​មនោសញ្ចេតនា​នោះ ប្រាកដ​ជា​គ្មាន​កូន​ចៅ​ណា​ចង់​ធ្វើ​ការ​ជាមួយ​នោះ​ទេ ព្រោះ​មាន​សមត្ថភាព​ប៉ុណ្ណា​ក៏​នៅ​ចាញ់​អ្នក​ចេះ​យក​ចិត្ត​យក​ថ្លើម។ ជា​អ្នក​ដឹក​នាំ​ត្រូវ​បែង​ចែក​ក្ដី​ស្រឡាញ់ និង​ការ​យក​ចិត្ត​ទុកដាក់​ចំពោះ​បុគ្គលិក​ស្មើៗ​គ្នា ទើប​ជា​រឿង​ល្អ​ប្រសើរ​បំផុត៕​

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ
ប្រភព៖ គំនិតអ្នកជោគជ័យ និង Sabay.com.kh

Facebook Comments

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *