ស្នេហា​ដំបូង​ពិបាក​បំភ្លេច តែ​មាន​វិធីសាស្ត្រ​លុប​បាន​ទាំង​ស្រុង

មនុស្ស​ដំបូង​ដែល​អ្នក​ស្រលាញ់ បាន​នាំ​អារម្មណ៍​រំភើប​​ប្លែក​មក​ក្នុង​ជីវិត​របស់​អ្នក​មុន​គេ ពេល​ចាប់​ផ្ដើម​ស្គាល់​ថា​អ្វី​ជា​ស្នេហា។ មក​ពី​មូលហេតុ​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ពិបាក​បំភ្លេច ពិបាក​លុប​​ដាន​អនុស្សាវរីយ៍​ចេញ​ពី​ការ​ចង​ចាំ។ ទោះ​ពិបាក​បន្តិច​មែន តែ​នៅ​មាន​វិធីសាស្ត្រ​លុប​​ស្នេហា​ដំបូង​​បាន​ទាំង​ស្រុង។ ​​

១. កុំ​រំឭក

ស្នេហា​ដំបូង​អាច​ជា​ការ​ចង​ចាំ​ដ៏​ល្អ ប៉ុន្តែ​បើ​មិន​អាច​បន្ត​ដំណើរ​ជាមួយ​គ្នា​បាន ព្យាយាម​បំភ្លេច​ចោល​ឲ្យ​អស់ អ្វី​ក៏​កុំ​រំឭក​ដែរ មិន​ថា​អនុស្សាវរីយ៍​នោះ​ល្អ​យ៉ាង​ណា​ក៏​ដោយ ព្រោះ​វា​នាំ​តែ​ការ​ឈឺ​ចាប់​មិន​ស្កប់​ក្នុង​ចិត្ត​ទេ។

២. ទុក​ពេល​ឲ្យ​ខ្លួន​ឯង​បន្តិច

ទោះ​ចង់​បំភ្លេច ប៉ុន្តែ​ដំណាក់​កាល​​ឈឺ​ចាប់​សោក​សង្រេង ប្រាកដ​ជា​ឆ្លង​មិន​ផុត​ឡើយ។ ទុក​ពេល​ឲ្យ​ខ្លួន​ឯង​ព្យាបាល​របួស​បេះដូង​មួយ​នេះ កុំ​បង្ខំ​ខ្លាំង​ពេក ព្រោះ​វា​ក្លាយ​ជា​ដំបៅ​កាន់​តែ​ធំ។ អ្នក​ខ្លះ​ចំណាយ​ពេល​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ឯ​អ្នក​ខ្លះ​ត្រូវ​ចំណាយ​ដល់​ខែ និង​អ្នក​ខ្លះ​ដល់​ឆ្នាំ​ក៏​មាន។ ដូច​នេះ គួរ​កុំ​បង្ខំ​ឲ្យ​ចិត្ត​ឈឺ​ចាប់​ខ្លាំង​ពេក ទុក​ពេល​បន្តិច​វា​នឹង​សះ​ស្បើយ​ដោយ​ខ្លួន​ឯង។

៣. ត្រូវ​ចាំ​ថា អ្នក​អាច​មាន​ស្នេហា​ម្ដង​ទៀត

ស្នេហា​មិន​មែន​សុទ្ធតែ​ជោគជ័យ​ទេ ហើយ​មនុស្ស​ជា​ច្រើន​សុទ្ធតែ​ឆ្លង​កាត់​ការ​ឈឺ​ចាប់​ពើត​ផ្សារ​បែប​នេះ។ ធ្លាប់​បែក​បាក់ មិន​មែន​មាន​ន័យ​ថា​អ្នក​ឯកោ​រហូត​​ឯណា ជួន​កាល​អ្នក​ថ្មី​អាច​នឹង​ល្អ​ជាង​មុន​ក៏​ថា​បាន។ ពិត​ណាស់​កុំ​ប្រញាប់​មាន​ស្នេហា តែ​ដាច់​ខាត​កុំ​គិត​ថា​បែក​ស្នេហា​ដំបូង​ហើយ មិន​អាច​រក​អ្នក​ថ្មី​មក​ជំនួស។

​៤. កុំ​ប្រញាប់​ទទួល​ស្នេហ៍​ថ្មី

អារម្មណ៍​មនុស្ស​បែក​បាក់​ស្នេហា ប្រាកដ​ចង់​បាន​អ្នក​លួង​លោម ចង់​បាន​ភាព​កក់​ក្ដៅ ប៉ុន្តែ​វា​អាច​នាំ​បញ្ហា​ទៅ​វិញ​ទេ។ ពេល​ស្នេហា​ថ្មី មិន​សម​តាម​ចិត្ត ក៏​ចាប់​ផ្ដើម​នឹក​ដល់​អ្នក​ចាស់ ហើយ​ប្រៀប​ធៀប និង​ឈឺ​ចាប់​ជា​ថ្មី។ កុំ​យក​អ្នក​ថ្មី ព្រោះ​តែ​បំពេញ​កន្លែង​អ្នក​ចាស់ ព្រោះ​មនុស្ស​មិន​ដូច​គ្នា​ឡើយ។

៥. គ្រួសារ មិត្តភ័ក្ដិ ជា​កម្លាំង​ចិត្ត

បាត់​បង់​ស្នេហា​ដំបូង មិន​មែន​ស្លាប់​ឯណា ហេតុ​អ្វី​ត្រូវ​ឈឺ​ចាប់​រហូត​មិន​អាច​ក្រោក​បាន​នោះ។ ភាព​សប្បាយ​អាច​កើត​ឡើង​គ្រប់​ពេល ជា​ពិសេស​ក្រុម​គ្រួសារ មិត្តភ័ក្ដិ ជា​កម្លាំង​ចិត្ត នាំ​ឲ្យ​អ្នក​ញញឹម និង​មាន​សុភមង្គល រហូត​ភ្លេច​អស់​ទុក្ខ​សោក​ទាំង​ឡាយ។

៦. ដំបូង​ឈឺ​ចាប់​ហើយ តែ​ពេល​ក្រោយ​នឹង​ប្រសើរ

ពិត​ណាស់ ដំបូង​វា​ឈឺ​ចាប់​បន្តិច​ក្នុង​ការ​បំភ្លេច​ស្នេហា​ចាស់ បំភ្លេច​មនុស្ស​ម្នាក់​ដែល​នាំ​អារម្មណ៍​រំភើប​ប្លែក​មក​ក្នុង​ជីវិត​អ្នក ប៉ុន្តែ​ការ​ឈឺ​ចាប់​នេះ​មិន​មែន​មាន​រហូត​នោះ​ទេ ព្រោះ​វា​នឹង​សាប​រលាប​ទៅ​តាម​ពេល​វេលា។ កុំ​មាន​អារម្មណ៍​ស្អប់​ពិភពលោក ចង់​សម្លាប់​ខ្លួន ពេល​បែក​ភ្លាមៗ ព្រោះ​អ្នក​មិន​ដឹង​ថា​អារម្មណ៍​ថ្ងៃ​ក្រោយ​យ៉ាង​ណា​ទេ។

៧. ដើរ​លេង​ឲ្យ​បាន​ច្រើន ធ្វើ​ខ្លួន​ឲ្យ​រវល់

កុំ​ព្យាយាម​ឃុំ​ខ្លួន​ឯង​នៅ​ក្នុង​ពិភព​ងងឹត គួរ​ចេះ​រំសាយ​អារម្មណ៍ ដោយ​ដើរ​លេង​ឲ្យ​បាន​ច្រើន ឲ្យ​មាន​អារម្មណ៍​ស្រស់​ស្រាយ​ឡើង​វិញ។ ជួប​មនុស្ស​ច្រើន ដើរ​ទៅ​កន្លែង​ថ្មី​ច្រើន អ្នក​នឹង​ភ្លេច​រឿង​ចាស់ ហើយ​ចាប់​ផ្ដើម​មើល​ពិភពលោក​ក្នុង​ផ្លូវ​ល្អ​ឡើង​វិញ។

ប្រភព៖ Allwomenstalk ប្រែ​សម្រួល៖ គង់ វិសាល

Facebook Comments

You may also like...